ជំនួប​ចរចា​រក​ដំណោះស្រាយ​រវាង​កូដករ​និង​និយោជក​ណាហ្គា​មិន​ទាន់​មាន​លទ្ធផល

កូដករណាហ្គាវើលដ៍ ប្រមូលផ្ដុំគ្នាតវ៉ាធ្វើកូដកម្មនៅជិតរដ្ឋសភាជាតិ ទាមទារដំណោះស្រាយការងារ និងទាមទារដោះលែងសហជីព នៅជិតរដ្ឋសភាជាតិ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

ជំនួបចរចារកដំណោះស្រាយរវាងកូដករនិងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោម​ការ​សម្រប​សម្រួល​​​ពី​មន្ត្រីក្រសួងការងារ នៅពុំទាន់មានលទ្ធផលជាវិជ្ជមាននៅឡើយ​ ខណៈនិយោជកបដិសេធពិចារណាលើជម្រើសដោះដូររវាងកម្មករដែលចង់លាឈប់ពីការងារជាមួយកម្មករ​ដែល​ទាម​ទារ​ចូល​ធ្វើការ​វិញ។

កាលពីល្ងាច​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោយ​​គូភាគី​វិវាទ រួម​មាន ​​តំណាងភាគីកម្មករ និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ បាន​មកជួបប្រជុំ​រក​ដំណោះ​​ស្រាយ​ជា​លើក​ទី​៤។

បើតាម​ក្រសួង​ការ​ងារ តំណាង​ភាគី​​កម្មករ​និយោជិតបាន​ស្នើ​ក្រុមហ៊ុ​ន​ល្បែង​មួយ​នេះ​លើកយក​ចំណុចដែលបុគ្គលិកទាម​​ទារ​​​​​ចូល​ធ្វើការ​វិញ មកពិភាក្សាមុន​នឹង​ឈាន​ទៅ​ពិភាក្សា​ចំណុច​វិវាទ​ផ្សេង​ទៀត បើពុំ​នោះ​ទេ ការចរចានឹងជាប់គាំង។

សេចក្ដីជូនដំណឹងដដែល បន្តថា រ​ហូតមកដល់ពេលនេះ នៅសល់កម្មករនិយោជិតប្រហែល២០០នាក់ដែលបន្តទាមទារយកចូលធ្វើការវិញ។ ចំណែកកម្មករនិយោជិតដែលកំពុងធ្វើការប្រហែល៣០០​នាក់យល់​ព្រម​លាឈប់​ពីការងារ ដើម្បីធ្វើការដោះដូរជាមួយកម្មករនិយោជិតដែលទាមទារចូលធ្វើការវិញ។

ក្រសួងស្រង់ការលើកឡើងរបស់កម្មករថា៖ «ជម្រើសនេះអាចឱ្យនិយោជកសម្រេចគម្រោងកាត់បន្ថយបុគ្គលិករបស់ខ្លួនផង និងអាចឱ្យកម្មករនិយោជិតដែលទាមទារចូលធ្វើការវិញអាចចូលធ្វើការវិញផងដែរ ដូច្នេះ ស្នើឱ្យភាគីនិយោជកពិចារណាអំពីជម្រើសនៃការដោះដូរកម្មករនិយោជិតនេះ»។

ចំណែកតំណាងក្រុមហ៊ុនណាហ្គាវើលដ៍វិញ ត្រូវបានក្រសួងស្រង់សម្ដីមក​​ថា ការលើកឡើងរបស់ភាគីតំណាង​កម្មករនិយោជិត មានន័យហាក់ដូចជា​ សហជីពចង់ដើរតួ​ជាអ្នកទទួលខុសត្រូវអំពីដំណើរការអាជីវកម្មជំនួសក្រុមហ៊ុនទៅវិញ។

ក្រសួង​ការងារស្រង់ការលើកឡើងរបស់ក្រុមហ៊ុន បន្ត​ថា បច្ចុប្បន្ននេះ មានកម្មករនិយោជិតដែលកំពុងបម្រើការងារប្រហែល៦០០​នាក់ ដែលចំនួននេះ​នៅតែ​លើសពីតម្រូវការជាក់ស្ដែង ដូច្នេះ ប្រសិនបើអ្នក​ទាំង៣០០នាក់ដែលចង់លាឈប់នោះអាច​សម្រេច​ចិត្ត​ដាក់​ពាក្យ​លាឈប់​បាន ហើយក្រុមហ៊ុននឹងទូទាត់ប្រាក់បំណាច់តាមការលាឈប់ពីការងារដោយស្ម័គ្រចិត្ត។

ក្រសួងការងារស្រង់ការលើកឡើងរបស់តំណាងក្រុមហ៊ុនថា៖ «ជម្រើសនៃការដោះដូររវាងកម្មករនិយោជិតដែលចង់លាឈប់ពីការងារ និងកម្មករនិយោជិតដែលទាមទារចូលធ្វើការវិញ គឺភាគីនិយោជកនឹងមិនពិចារណាទេ»។

ក្រោយពីការពិភាក្សាគ្នា ភាគីទាំងពីរបានឯកភាពកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ក្រសួងការងារ ក៏បាន​ស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាក្នុងការចូលរួមដោះស្រាយបញ្ចប់​វិវាទការ​ងារ​នេះ។ ក្រសួង​ថា ប្រសិនបើការចរចានៅតែមិនអាចមានដំណោះស្រាយបាន នីតិវិធីបន្ទាប់ គឺភាគីទាំងពីរអាចដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ។

យ៉ាងណា កម្មករបង្ហាញការខកចិត្តដែលភាគីនិយោជកមិនជជែកពីជម្រើសនៃការដោះដូរបុគ្គលិក​ដែលចង់លាឈប់ពីការងារ និងបុគ្គលិកដែលទាមទារចូលធ្វើការងារវិញ ក្នុងនោះ តំណាងកម្មករនិយោ​ជិត​អះអាងថា នឹងបន្តដាក់សំណើនេះជាលាយលក្ខណ៍អក្ស​រ​ទៅភាគីនិយោជក ដើម្បីទទួលបានចម្លើយ​បន្ថែម​ទៀត។

តំណាងបុគ្គលិកក្រុមហ៊ុនណាហ្គា កញ្ញា ឈឹម ស៊ីថរ ប្រាប់អ្នកសារព័ត៌មាននៅ​ក្រោយ​ជំនួប​ចរចា​នោះ​​ថា ប្រសិនបើភាគីនិយោជកមិន​មាន​ដំណោះស្រាយ​ទៅនឹងសំណើដោះដូរ​ទេ ភាគីតំណាងកម្មករនឹងមិនអាចមកចូលរួមប្រជុំបន្តទៀតទេ។

វិវាទការងារនៅក្រុមហ៊ុនល្បែងដ៏ធំនៅចំកណ្ដាលរាជធានីភ្នំពេញនេះ បានអូសបន្លាយរយៈពេលជិត១ឆ្នាំមកហើយ។ ការអូសបន្លាយនេះឈានទៅដល់ការចាប់ខ្លួនថ្នាក់ដឹកនាំនិងសកម្មជនសហជីព១១នាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់ចាប់តាំងពីយប់ឆ្លងឆ្នាំសកលមក ដោយចោទពីបទញុះញង់ និងល្មើសច្បាប់កូវីដ-១៩ ដោយគ្រាន់តែពួកគេប្រើប្រាស់សិទ្ធិស្របច្បាប់ ធ្វើកូដកម្មអហិង្សាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិកម្មករនិងសហជីព។

ក្រោយមក កាលពីពេលថ្មីៗនេះ តុលាការសម្រេចដោះលែងថ្នាក់ដឹកនាំនិងសកម្មជនសហជីព១១នាក់ជាបណ្ដោះអាសន្ន ដើម្បីឱ្យពួកគេមានសេរីភាពវិញ ដើម្បីចូលរួមតុចរចាបញ្ចប់វិវាទជាមួយក្រុមហ៊ុន។ ប៉ុន្តែដោយសារតែមិនទាន់ទម្លាក់បទចោទលើអ្នកទាំង១១នាក់នោះ ក្រុមកូដករនៅតែបន្តតវ៉ាជាថ្មីទៀត ដើម្បីទាមទារទម្លាក់ចោលបទចោទ ប៉ុន្តែរហូតមកដល់ថ្ងៃអាទិត្យទី២០ ខែមីនានេះ នៅមិនទាន់មានសេចក្ដីសម្រេចតាមការទាមទាររបស់ពួកគេនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ