ក្រសួង​ច្រានចោល​ព័ត៌មាន​ប្រតិដ្ឋ​ដែលថា​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​បណ្ដាល​ឱ្យ​កើត​ជំងឺមហារីក

នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ធ្វើជាអធិបតីក្នុងពិធីបើកយុទ្ធនាការជាតិក្រោមប្រធានបទ “វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរ ដល់អ្នក និងគ្រួសារអ្នក” រៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ។ (ហ្វេសប៊ុក៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ Page)

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានច្រានចោលទាំងស្រុងនូវព័ត៌មានដែលថាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បណ្ដាលឱ្យកើតជំងឺមហារីក និងចាត់ទុកព័ត៌មាន​ប្រតិដ្ឋ​​នេះ​ថា​ជាការរៀបចំឡើងដើម្បីបង្កឱ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គម។

ក្នុងពិធីប្រកាសបើកយុទ្ធនាការជាតិអប់រំសុខភាព ក្រោមប្រធានបទ «វីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យ​​មាន​ហានិភ័យធ្ង​ន់ធ្ងរ​ដល់​អ្នកនិង​គ្រួសារ» ដែលបានរៀបចំនៅសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន ថ្លែង​ថា ការដែលជនខិលខូចបំផុសបំផុល​ព័ត៌មានប្រតិដ្ឋបែបនេះ គឺមានគោលបំណងមិនចង់ឱ្យ​ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ហើយវាជាការខុសឆ្គងធំធេងណាស់ ព្រោះ​អាចប៉ះពាល់ដល់សុខភាពសាធារណៈ។

លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា៖ «មានជនខិលខូច គាត់ដើរផ្សព្វផ្សាយថា ចាក់វ៉ាក់ទៅ វាបង្កើតទៅជាជំងឺមហារីកឈាម វាបង្កើតទៅជាមហារីកកោសិកា ដែលវាខុសពីលក្ខណៈបច្ចេកទេសត្រឹមត្រូវពិតប្រាកដ»។

លោកស្រីបន្តថា៖ «ការដែលមានពាក្យប្រតិដ្ឋបំផុសចលនាបន្តុះបង្អាប់មិនឱ្យបងប្អូនទៅចាក់វ៉ាក់សាំង គឺជាការខុសឆ្គងធំណាស់ គឺជាការបង្កឱ្យមានគ្រោះមហន្តរាយដល់បងប្អូនផ្ទាល់ខ្លួនផង បង្កមហាអន្តរាយ​ទៅដល់សុខភាពសាធារណៈ ក៏ដូចជាបង្កមហន្តរាយដល់សង្គមជាតិរបស់យើង»។

លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងទៀត​​ថា តាមការតាមដានរបស់គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក១៩) ជាទូទៅ គឺមានផលរំខានតិចតួចចំពោះមនុស្សមួយចំនួន ដូចជា ការឈឺដៃត្រង់កន្លែងចាក់ ការឈឺសាច់ដុំ និងការក្ដៅខ្លួន ជាដើម។

យុវនារីមួយរូបមានទីលំនៅស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង កញ្ញា សុខ គីមឡេង បានឱ្យដឹង​ថា កញ្ញាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៣ដូស រួចមកហើយ។ មកទល់ពេលនេះ កញ្ញាមានសុខភាពល្អជាធម្មតា រួមទាំងមិនធ្លាប់វិជ្ជមានកូវីដ-១៩ម្ដងណាឡើយ។

កញ្ញា សុខ គីមឡេង បាននិយាយថា៖ «ខ្ញុំបានចាក់វ៉ាក់សាំងចំនួន៣លើកមកហើយ ឃើញថាមានអាការឈឺក្បាល ក្ដៅខ្លួន និងអស់កម្លាំងនៅលើក ប៉ុន្តែត្រឹមមួយយប់ប៉ុណ្ណោះ។ ហើយមកទល់ពេលនេះ សុខភាពខ្ញុំល្អណាស់ មិនមានការប្រឈមនូវបញ្ហាប៉ះពាល់ដូចពាក្យប្រតិដ្ឋដែលអ្នកមួយចំនួនបានលើកឡើងឡើយ»។

ពលរដ្ឋមួយរូបរស់នៅរាជធានីភ្នំពេញ លោក ស៊ឹម ចាន់សំណាង បានលើកឡើងថា លោកបាន​​ចាក់វ៉ាក់សាំងចំនួន៤ដូសរួចមកហើយ ក្នុងនោះ ៣ដូសដំបូង​មិន​មាន​ការធ្វើទុក្ខអ្វីសោះ ប៉ុន្តែ​ដូសទី៤ ធ្វើឱ្យ​លោក​មាន​អាការ​ក្ដៅខ្លួនរយៈពេល៤ថ្ងៃ​ជាប់ៗ​គ្នា ប៉ុន្តែ​វា​ក៏មិនមាន​ផល​ប៉ះពាល់​អ្វីធ្ងន់ធ្ងរជាងនេះ ឬបណ្ដាលឱ្យមានជំងឺអ្វីឡើយ។

លោក​ថា៖ «ការលើកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បណ្ដាលឱ្យកើតជំងឺមហារីកនេះ ខ្ញុំអត់​ទទួល​ស្គាល់ទេ មិន​មែន​ជា​ព័ត៌​មាន​ពិត​ទេ! ហើយ​ការ​ផ្ដល់ព័ត៌មានបែបនេះ គឺមានផលប៉ះពាល់ច្រើនដល់សង្គមជាតិ ធ្វើឱ្យ​ប្រជាជនរបស់យើងមានការភ័យខ្លាចមិនចង់ទៅទទួលវ៉ាក់សាំង»។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេដែលក្រសួងសុខាភិបាលបានចេញមកច្រានចោលនូវព័ត៌មានក្លែងក្លាយនេះ។

គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា ធៀបនឹងចំនួនប្រជាជនសរុប១៦លាន​នាក់​ មាន ៩២,៤៦% ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ