World Vision បើក​កម្ម​វិធី​ «អំណាន​ឮៗ​»​ ដើម្បី​លើក​កម្ពស់​ការ​អាន​ និង​កៀរគរ​ថវិកា​សង់​បណ្ណាល័យ​នៅ​ខេត្ត​ព្រះវិហារ

ឪពុករបស់កុមារី យូ រ៉ា (Yu Ra) បានចំណាយ​ពេល​វេលា​របស់​គាត់​ដើម្បី​ជួយ​បង្រៀន​កូន​បន្ថែម​នៅ​ផ្ទះ ក្រោម​កម្មវិធី​របស់​អង្គការ​ទស្សនៈពិភពលោក។ (រូប៖ អង្គការ​ទស្សនៈ​ពិភព​លោក)

អង្គការ​ទស្សនៈពិភពលោក (World Vision) បាន​រៀបចំ​កម្មវិធី​«អំណានឮៗ» នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ ដើម្បី​គាំទ្រ​ទិវា​អំណាន​ជាតិ លើក​កម្ពស់​វប្បធម៌​អាន​របស់​កុមារ​ និង​ដើម្បី​កៀរគរ​ថវិកា​សម្រាប់​ទិញ​សៀវភៅ​អាន​និង​កសាង​បណ្ណាល័យ​នៅតាម​សាលារៀន​គោលដៅ​មួយចំនួន​ក្នុង​ស្រុក​ជាំក្សាន្ត ស្រុក​រវៀង និង​ស្រុកឆែប ខេត្តព្រះវិហារ។

ព្រឹត្តិការណ៍អំណានឮៗនេះ ធ្វើឡើងនៅ ODOM Garden នារាជធានីភ្នំពេញ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

ប្រធានក្រុមបច្ចេកទេសកម្មវិធីអប់រំ លោក វ៉ា សុរិន នៃអង្គការទស្សនៈពិភពលោក (World Vision) មានប្រសាសន៍ថា ការវិនិយោគលើការអានជា​ពិសេស​សម្រាប់កុមារពិតជាមានសារៈសំខាន់ណាស់។

លោក សុរិន្ទ មានប្រសាសន៍ថា៖ «សៀវភៅ គឺជាឃ្លាំងផ្ទេរចំណេះដ៏សំខាន់បំផុតមួយសម្រាប់សិស្សានុសិស្សសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីមុខវិជ្ជា​ផ្សេងៗ តាំងពី វប្បធម៌ និងមុខវិជ្ជាវិទ្យាសាស្ត្រផ្សេងទៀត។ សមត្ថភាពរបស់សិស្សានុសិស្សនៅតែពឹងផ្អែកយ៉ាងខ្លាំងក្លាលើការអាន និងមើលសៀវភៅ​ដោយខ្លួនឯងនៅពេលទំនេរពីម៉ោងសិក្សា។ ការស្រាវជ្រាវបានរកឃើញថា ការអានសៀវភៅជាប្រចាំធ្វើឱ្យមានការចងចាំល្អ មានអារម្មណ៍តានតឹងតិច និងមានការផ្ចង់អារម្មណ៍ក្នុងការងារបានល្អ ជាងអ្នកដែលមិនអានសៀវភៅជាប្រចាំ»

ប្រធានគ្រប់គ្រងថវិកាក្នុងស្រុក នៃអង្គការទស្សនៈពិភពលោក កញ្ញា ហៀម ចិត្រា  មានប្រសាសន៍ថា តាមរយៈព្រឹត្តិការណ៍ អំណានឮៗ សាធារណៈជន​អាចចូលរួមលើកកម្ពស់វប្បធម៌អាននៅកម្ពុជា។ កញ្ញាចង់ឃើញឪពុកម្តាយគ្រប់រូប ចាប់ផ្ដើមបណ្តុះបណ្តាលកុមារតូចៗ ឱ្យមានសមត្ថភាព​អានប្រសើរឡើង និងបណ្តុះចំណេះពួកគេឱ្យក្លាយជាធនធានមនុស្សពោរពេញដោយសក្ដានុពល ដែលអាចជួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។

កញ្ញា ចិត្រា លើកឡើងថា៖ «ប្រជាពលរដ្ឋទាំងអស់គ្នាសុទ្ធតែអាចរួមចំណែកលើកស្ទួយបំណិនអំណានរបស់កុមារ។ លោកអ្នកអាចចាប់ផ្ដើមបណ្ដុះបំណិន​អំណានដល់កុមារតូចៗជុំវិញខ្លួន ឬចូលរួមជាមួយអង្គការទស្សនៈពិភពលោក និងកម្មវិធីអំណានឮៗតាមរយៈការបរិច្ចាគជាថវិកា ឬសៀវភៅដើម្បីជាផ្នែកមួយ​ជួយ​ទៅ​ដល់កុមារដែលកំពុងជួបភាពខ្វះខាតនៅតំបន់ ដែលអង្គការទស្សនៈពិភពលោកធ្វើការជាមួយ»

កញ្ញា ចិត្រា បន្ថែមថា៖ «យើងសង្ឃឹមថា​ ថវិកានិងសម្ភារៈដែលយើងកៀរគរបានពីកម្មវិធីនេះ នឹងជួយដល់កុមារនៅតាមជនបទឱ្យមានឱកាសទទួលបាន​សៀវភៅអាន និងអភិវឌ្ឍបំណិនអានរបស់ខ្លួន»

តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោក (World Vision) កាលពីថ្ងៃទី២៥ មីនា ដោយអំពាវនាវឱ្យប្រជាពលរដ្ឋដែលចង់ចូលរួម​បរិច្ចាគ​សៀវភៅ ឬជាថវិកា ចំនួន៣ដុល្លារ មកកាន់អង្គការទស្សៈពិភពលោក តាមរយៈគណនីលេខ ABA: 000 880 848 ដើម្បីជួយគាំទ្រដល់​កម្មវិធី​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ