លោកកឹម សុខា អះអាងពីការបិទសិទ្ធិសេរីភាព​ដែល​មិន​អាច​ឱ្យ​លោក​ចូល​រួម​វេទិកា​នៅ​អាល្លឺម៉ង់

លោក កឹម សុខា និងគេហដ្ឋានរបស់លោកនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ចាត់ទុកបម្រាមតុលា​ការដែល​​បិទ​ផ្លូវ​​​​រូប​លោក មិនអាច​ចូលរួមនៅក្នុងវេទិកាគោលនយោបាយសកលនៅប្រទេស​អាល្លឺម៉ង់​ ថា​ជា​ផ្នែក​មួយ​នៃ​​​ការ​​​រឹត​​​ត្បិត​​​សេរី​​​ភាព ហើយក៏ជាការកាត់ផ្តាច់នូវអត្ថប្រយោជន៍សម្រាប់ពិភពលោក និងកម្ពុជា ដែលត្រូវ​​ទទួ​​ល​បានពីវេទិកាដ៏មានសារៈសំខាន់នេះដែរ។

តាមរយៈសំណេរ​នៅលើបណ្តាញសង្គមហ្វេសប៊ុក​របស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំង​ដែលត្រូវបាន​​តុ​​លា​ការរំលាយ អមដោយសេចក្តីប្រកាសព័ត៌មាន​របស់ក្រុម​​ស​​ហ​មេធាវី​របស់​លោក នៅ​ថ្ងៃ​​ចន្ទ​​នេះ បង្ហាញ​​ថា វេទិកាដែលនឹងជជែកពីដំណោះស្រាយជា​​សកល រៀបចំនៅទីក្រុង​ប៊ែរ​ឡាំង ប្រទេស​អាល្លឺម៉ង់​នេះ ពិតជា​​​មាន​​​​ភាព​ចាំបាច់ ដែល​អ្នក​​​រៀបចំ​​តម្រូវ​ឱ្យ​លោក​ធ្វើ​បាឋកថា​​ក្នុង​​​នាម​​​​ជាវាគ្មិនដោយផ្ទាល់។ លោក កឹម សុខា បន្តថា តែជាអកុសល ដោយសារ​បម្រាម​តុលាការ បាន​​​បិទ​​​ផ្លូវ​​លោក មិនឱ្យលោកចូលរួមដោយផ្ទាល់ នៅក្នុងវេទិកាគោលនយោបាយ​​​ពិភព​លោក​​​នេះ​​​បាន​។

​កាល​ថ្ងៃទី​២៣ ខែ ​មីនា ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ​ បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​​របស់​សហមេធាវីការពាសិទ្ធិឱ្យ​លោក កឹម សុខា ដោយសម្រេច​មិនអនុញ្ញាត​ឱ្យ​លោក កឹម សុខា ទៅចូលរួម​កិច្ចប្រជុំកម្រិត​ពិភពលោក​នេះ​​​ដោយ​ផ្ទាល់​​​ទេ ប៉ុន្តែ​តុលាការបាន​​​បើក​ផ្លូវ​ឱ្យ​​​លោក កឹម សុ​​ខា អាច​​ចូល​​រួម​បាន​​តាមប្រព័ន្ធ​អន​ឡាញ (Online)។

យ៉ាងនេះក្តី នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បង្ហាញ​ថា អ្នក​សម្របសម្រួល​ដែលជាមន្រ្តីរដ្ឋាភិបាល​នៃ​​​សាធារណៈ​​រដ្ឋ​​ស​​ហព័ន្ធ​អាល្លឺម៉ង់ ​​ បាន​បដិ​សេធ​ចំពោះ​វត្តមានលោក កឹម សុខា ដែលចូលរួម​​តាមរយៈ​​ការប្រ​ជុំ​​ពី​​ចម្ងាយ ឬ​​តាម​​​​អន​​​ឡាញ ដោយ​តម្រូវ​ឱ្យ​លោកចូលរួម​ដោយ​ផ្ទាល់​​។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ទាំង​តំណាងអ្នកផ្តួចផ្តើមគំនិត​ស្តីពី​​​ដំណោះ​​ស្រា​​យ​​​សកល​នេះ រួម​និង​សហមេធាវី​ការ​ពារ​សិទ្ធិ​ឱ្យ​លោក កឹម សុខា បាន​​បង្ហាញ​​ការសោកស្តាយ និង​ខក​ចិត្ត​​​​​ដែល​​មេ​បក្ស​ជំទាស់រូបនេះ មិនអាចចូលរួម និង​ធ្វើ​​ប​ទ​អន្តរា​គមន៍​លើប្រធានបទស្តីពី «ការត្រឡប់​មក​​វិញ​​នៃភូមិសាស្រ្តនយោបាយ និងផលប៉ះ​​ពា​​ល់​​​ចំ​​​ពោះ​​​ភាព​​​ល្អ​​​​ប្រសើរជាសកល»នេះ​ដោយ​ផ្ទាល់​​​បាន​។

វីអូឌី មិនអាចស្នើសុំការបំភ្លឺជុំវិញបញ្ហានេះបានទេ ពីអ្នកនាំពាក្យអយ្យការ​អមសាលាដំបូង​​រាជ​​​ធា​​នី​​ភ្នំពេញលោក ប្លង់ សុផល នៅថ្ងៃចន្ទនេះ។

ចំណែក​ លោក ផៃ ស៊ីផាន ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងថា នេះជា​បន្ទុក​របស់​តុលាការ ហើ​យ​​​ការសម្រេចបែបនោះ ក៏​ជាដែនយុត្តាធិការរបស់តុលារតែប៉ុណ្ណោះ ចំពោះ​រដ្ឋាភិ​បាល​​មិន​​​​​ជាប់​​​​ពាក់​​​​ព័ន្ធ ក្នុងការកំណត់ដែនសីមា​នៃការធ្វើដំណើររបស់លោក កឹម សុខា ទេ។ បើ​ទោះ​​ជា​​បែប​​ណា សម្រាប់​​លោក ផៃ ស៊ីផាន ការដែលមេបក្សជំទាស់ អាច​ប្រើ​ប្រាស់​សិទ្ធិ​របស់​​លោក ជួបជាមួយ​​អង្គ​​ទូត​​ជាហូរហែមកនេះ បញ្ជាក់ពីលំហរសេរីភាពរបស់លោក ដែលរដ្ឋាភិបាល​បើក​​​ទូលាយពេក​​ណាស់​​​ទៅ​​​ហើយ។

លោកបន្តថា៖ «បើសិនយើងប្រៀបធៀបឯកឧត្តម កឹម សុខា ករណី ឯកឧត្តម កឹម សុខា មាន​​ភ្ញៀវ​​បរទេសមកជួបលោកបានច្រើន គ្រប់ទូតបច្ចឹមប្រទេសមកជួបលោក​​បានច្រើនណាស់ ហើយច្រើន​​ដងទៅទៀត ដូច្នេះបើយើងប្រៀបធៀបជាមួយតំណាងប្រទេសដទៃទៀត កម្ពុជានៅតែល្អ ហើយ​​នៅ​​​​តែមានតុល្យភាពល្អសម្រាប់ផលប្រយោជន៍ឯកឧត្តម កឹម សុខា។ នៅប្រទេសដទៃ​​ទៀត គេ​​មិន​​អនុញ្ញាតឱ្យមន្រ្តីទូតណាមួយទៅចូលជួបទាក់ទងអ្នកដែលជាប់បន្ទុកនៅក្នុងតុលាការនោះទេ »។

បើតាម លោក ផៃ ស៊ីផាន សម្រា​​ប់​​រូបលោកផ្ទាល់ មិន​បាន​ទទួល​លិខិត​​អញ្ជើញឱ្យ​ចូលរួម​ក្នុង​វេទិកា​​គោល​​​ន​​​យោ​​​​​បាយ​​​​​សកល​របស់សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់នេះទេ។

សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ​បាន​​​ដាក់​​​លិ​ខិត​​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​នៃសាលាដំ​​បូង​​រា​ជ​​ធានីភ្នំពេញ កាលពីថ្ងៃទី​​២១ ខែ​មី​​​​នា ក្រោយ​​​ពី​​អង្គការ Global Solutions Summit បានស្នើ​​សុំ​​លោក កឹម សុខា តាម​រយៈ​​ក្រសួង​​ការ​​បរទេស​​កម្ពុជា កាល​ពីថ្ងៃទី​២២ ខែ​កុម្ភៈ ធ្វើជាវាគ្មិនស្តី​ពី​​ដំ​​ណោះ​​ស្រាយសកល និង​​ការ​​ប្រ​​ឈ​ម​ន​​យោ​​បាយ​​សកល រួម​ទាំង​បញ្ហា​សិទ្ធិមនុស្ស និងសេដ្ឋកិច្ច នៅ​​ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ វេទិកាគោលនយោបាយសកលនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែ មីនា។

តាមការគ្រោងទុកសន្និសីទកំពូលនេះ ក្រៅពីការធ្វើវិភាគទាន ចែករំលែកទស្សនៈ និង​បទពិ​​​សោ​ធន៍ហើយ វេទិកានេះក៏នឹងចងក្រងជាអនុសាសន៍ សម្រាប់ដាក់ជូនមេដឹកនាំ​នៃបណ្តា​​ប្រទេស​​ដែល​​​​មានឧស្សាហកម្មជឿនលឿន ដូចជា G20 និង G7 ដើម្បីស្វែងរកដំណោះស្រាយ​​សម្រាប់​​ពិភព​​​លោក នៅឆ្នាំ២០២២នេះដែរ។ គិតត្រឹមថ្ងៃទី​២៣ ខែ​មីនា កន្លង​ទៅ​នេះ សវនាការ​លើ​សំ​​ណុំ​​រឿង​​​​​​​មេបក្សជំទាស់រូបនេះ ឈានចូលដល់ជុំទី៣៤ហើយ។

សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយលោក ឯម សុវណ្ណរ៉ា ថ្លែងថា អ្វីដែលទីក្រុងប៊ែរឡាំង​ផ្តល់​​​ភ្លើងខៀ​វសម្រាប់លោក កឹម សុខា នេះ អាចជាសញ្ញានៃការធ្វើតេស្តសាកល្បង ពីលំហរ​ន​​យោ​​​​បាយ ដែលកម្ពុជាទទួលរងការរិះគន់ជាបន្តបន្ទាប់នារយៈកាល​ចុងក្រោយនេះ។

លោក​យល់ឃើញថា ការស្នើវត្តមានមេបក្សជំទាស់ ទៅចូលរួមកិច្ចប្រជុំ​​ដោយ​​ផ្ទាល់ កម្រិត​ពិភព​លោក​​នេះ មិនមែនអាល្លឺម៉ង់ មិន​ដឹងពីបម្រាមតុលាការ ដែល​លោក កឹម សុខា កំពុង​តែ​ប្រឈម​នោះ​ទេ ប៉ុន្តែ​នេះជាវិធីសាស្រ្ត​របស់ប្រទេសម្ចាស់ជំនួយ​​ផ្នែកសិទ្ធិមនុស្ស​ដ៏​​សំខាន់​មួយដែរ ចង់​ដឹង​ថា​តើ​ស្ថានភាពនយោបាយនៅកម្ពុជា មានរូបភាពដូចម្តេច។

លោកបន្តថា៖ «មិនមែនអាល្លឺម៉ង់មិនដឹងថាលោក កឹម សុខា ជាប់ពាក់ព័ន្ធបណ្តឹងនៅតុលាការទេ អា​​ហ្នឹង​ទី១ ហើយរឿងទី២គេចង់បញ្ជាក់គេចង់ទាញលោក កឹម សុខា ហ្នឹង ឬអញ្ជើញលោក កឹម សុខា ហ្នឹងគេចង់បញ្ជាក់អំពីសេរីភាព ឬគេហៅថាលោកអាចធ្វើសកម្មភាព​​នយោបាយបាន។​​ តាម​​ពិត​​ទៅ​​គេមិនហៅថាបំពានទៅលើបម្រាមតុលាការអីទេ ប៉ុន្តែគ្រាន់តែថាប្រសិនបើលោក កឹម សុខា អត់​ធ្វើសកម្មភាពនយោបាយទេ បានន័យថា លោក កឹម សុខា នៅក្នុង​បម្រាម​តុលាការ​ហ្នឹង​ច្រើន​»។

លោកបានគូសបញ្ជាក់ថា ភាព​​អវត្ត​​មាន​​​​លោក កឹម សុខា នៅក្នុងវេទិកាសកល​នេះ ឆ្លុះ​បញ្ចាំង​ពី​ភាព​ខាត​បង់​ធំ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​​នយោបាយ​​នៅលើ​​ឆាក​​អន្ត​​​រជាតិ ខណៈ​បណ្តា​រដ្ឋ​ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន​នៅក្នុងប្លុក G7 និងG20 អាចនឹងជួយឱ្យកម្ពុជារកបានផលចំណេញច្រើន ពី​ទំនាក់ទំនងការទូតនេះ៕ ម៉ម មុនីរតន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ