ពលរដ្ឋខេត្តកោះកុងប្រមូលផ្តុំមុខក្រសួងមហាផ្ទៃ ខណៈតំណាងចូលបំភ្លឺ​រឿងជម្លោះដីធ្លីជាមួយឧកញ៉ា

ប្រភពរូបភាព (ហ្វេសប៊ុកលោកថេង សាវឿន-Theng Savoeun)

ពលរដ្ឋ​ប្រហែលជាង ១០០នាក់ មកពីសហគមន៍ចំនួន៣ នៃស្រុកបូទុម​សាគរ និង​ស្រុកស្រែអំបិល​ ខេត្តកោះ​កុង បាន​ប្រមូល​ផ្តុំ​គ្នាមុខ​ក្រសួង​មហាផ្ទៃ​ នៅថ្ងៃចន្ទ​នេះ ដើម្បីរកអន្តរាគមន៍ និងឆ្លើយបំភ្លឺពាក់ព័ន្ឋ​រឿងជម្លោះ​ដីធ្លី​ជាមួយនឹង លោក ហេង ហ៊ុយ មន្ត្រីនគរបាលពាក់ផ្កាយពីរ និង​ជា​​​​មានងារ​ជា​ឧកញ៉ា។

អ្នកស្រី ដេត ហួរ ដែលអះអាងថា តំណាងសហគមន៍​១៩៧ បានឱ្យដឹង​ថា សហគមន៍ទាំង៣ដែលទៅប្រមូល​ផ្តុំនៅមុខក្រសួង​​នោះ រួមមាន សហគមន៍១៩៧ សហគមន៍ព្រលាន​ និង​សហគន៍​៧៦៦។ អ្នកស្រីបន្តថា តំណាង១៣នាក់របស់សហគម​ន៍១៩៧ ត្រូវឆ្លើយបំភ្លឺតាមនៅក្រសួងមហាផ្ទៃនៅថ្ងៃនេះ ជុំវិញ​បណ្តឹង​របស់​ពលរដ្ឋដែលប្តឹងឧ​កញ៉ា ហេង ហ៊ុយ ពាក់ព័ន្ធជម្លោះដីធ្លី ​ស្ថិតក្នុងភូមិតានី និងភូមិឈូក ឃុំ​ជីខ​លើ ស្រុក​ស្រែអំបិល ខេត្តកោះកុង ខណៈសហគមន៍ព្រលាន ទៅ​ដាក់ញត្តិ​ដើម្បីសុំអន្តរាគមន៍ឱ្យ​​ជួយ​​ដោះស្រាយ​ដីធ្លី  និងសហគមន៍ផ្សេងទៀតមកគាំទ្រអ្នករងគ្រោះដីធ្លីដូចគ្នា។

ចាប់តាំងពីពាក់កណ្ដាល​ឆ្នាំ២០១៩​មក ក្រុមពលរដ្ឋ១៩៧គ្រួសារ បានឡើងមកតវ៉ានៅរាជធានីភ្នំពេញ ដើម្បី​រកអន្តរាគមន៍ពីក្រសួងរៀបចំដែនដី ជួយដោះស្រា​យវិវាទដីធ្លីរបស់ពួកគាត់ ដោយអះអាងថា ក្រុមហ៊ុន ហេង ហ៊ុយ បានរំលោ​ភ​យកដីពួកគាត់​តាំងពីឆ្នាំ២០០៧ ប៉ុន្តែការ​ចោទ​នេះ ​ត្រូវ​បាន​លោក ហេង ហ៊ុយ ច្រានចោល និងបានប្តឹង​តំណាងពលរដ្ឋទៅតុលាការផងដែរ។

គិតមក​ទល់ពេលនេះ មានតំណាងពលរដ្ឋ១០នាក់ហើយ ដែល​​ជាប់បណ្តឹងនៅតុលាការ ក្រោម​ការប្តឹងរបស់​​លោក ហេង ហ៊ុយ ដោយពលរដ្ឋទាំងនោះរងកា​រចោទ​​ពីបទ «បរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ