​ពលរដ្ឋខេត្តកោះកុងស្នើក្រសួងមហាផ្ទៃចាត់វិធានការលើឧកញ៉ា ហេង ហ៊ុយ ពាក់ព័ន្ធរឿងរំលោភដីធ្លីពួកគេ

ប្រភពរូបភាព (ហ្វេសប៊ុកលោកថេង សាវឿន-Theng Savoeun)

ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានស្នើដល់ក្រសួងមហាផ្ទៃឱ្យចាត់វិធានការលើម្ចាស់ក្រុមហ៊ុនមួយនេះ និងដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ឱ្យបានឆាប់។

ក្រសួងមហាផ្ទៃបានកោះពលរដ្ឋ ១៤នាក់តំណាងឱ្យពលរដ្ឋ ១៩៧គ្រួសារចូលបំភ្លឺនៅទីស្តីការក្រសួងនៅព្រឹកថ្ងៃ២៨ ខែមីនានេះ ក្រោយទទួលបានបណ្តឹងពីពលរដ្ឋទាំងនោះ ដែលប្តឹងលោក ហេង ហ៊ុយ ជាមន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃផងនោះ ពាក់ព័ន្ធជម្លោះដីធ្លីទំហំ ៤២១ហិកតា ជាមួយពលរដ្ឋ ១៩៧គ្រួសារ ស្ថិតភូមិតានី និងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល។

អ្នកស្រី ដេត ហួរ ដែលអះអាងថា តំណាងសហគមន៍១៩៧ ប្រាប់វីអូឌីថា ពួកគាត់ទាំង១៤នាក់បានចូលទៅជួប និងបំភ្លឺចំពោះក្រុមការងារអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃតាមកាលកំណត់។ អ្នកស្រីថា ក្រុមការងាររបស់ក្រសួងមហាផ្ទៃបានឱ្យពួកគាត់រៀបរាប់ដើមចម នៃជម្លោះ និងសំណូមពរផងដែរ។

អ្នកស្រីបន្ថែមថា«យើងបានរៀបរាប់ទៅតាមអង្គហេតុដែលយើងធ្លាប់បានដាក់ពាក្យបណ្តឹងកន្លងមក ដោយយើងបានរៀបរាប់ប្រាប់គាត់[ក្រសួងមហាផ្ទៃ]ទាំងអស់។ ហើយគាត់[ក្រសួងមហាផ្ទៃ]សន្យាថា រយៈពេល ១៥ថ្ងៃក្រុមការងារគាត់នឹងចុះទៅដល់ទីតាំងដីរបស់យើង និងជួយស្រាវជ្រាវ និងចាត់វិធានការលើលោក ហេង ហ៊ុយ ឱ្យលោក ហេង ហ៊ុយ ដោះស្រាយបញ្ហាដីជូនពលរដ្ឋ ព្រមទាំងឱ្យលោក ហេង ហ៊ុយ ដកពាក្យលើតំណាងពលរដ្ឋទាំងអស់គ្នាផងដែរ»

បើតាមកំណត់ហេតុប្រជុំគឺ អ្នកភូមិអះអាងថា ដីជម្លោះនោះពួកគាត់បានកាន់កាប់បន្តពីឪពុកម្តាយតាំងពីក្រោយឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០០៧ ទើបក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ដាក់គ្រឿងចក្រឈូសឆាយដំណាំ ដោយមិនបានប្រាប់មុន និងគំរាមកំហែងឱ្យពលរដ្ឋយកសំណងទាំងបង្ខំទៀតផង។

កំណត់ហេតុដដែល បានស្នើដល់ក្រសួងមហាផ្ទៃជួយអន្តរាគមន៍ដោះស្រាយដីធ្លីជូនពលរដ្ឋ១៩៧គ្រួសារ និងចាត់វិធានការច្បាប់លើលោក ហេង ហ៊ុយ ដោយជំរុញឱ្យម្ចាស់ក្រុមហ៊ុនរូបនេះ ដោះស្រាយសំណងសមរម្យជូនពលរដ្ឋ និងដកពាក្យ        បណ្តឹងនៅតុលាការដែលប្តឹងប្រឆាំងតំណាងប្រជាពលរដ្ឋវិញ។

ប្រធានក្រុមការងារអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃលោក សរ ភមរ៉ា ប្រសាសន៍ថា ជម្លោះដីធ្លីនេះកំពុងស្ថិតក្នុងនីតិវិធីរបស់ក្រុមការងារក្រសួងមហាផ្ទៃ។ លោកថា ក្រុម​ការងាររបស់ក្រសួងមហាផ្ទៃនឹងចុះស្រាវស្រាវ និងសួរនាំគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់វិវាទ និងផ្តល់យុត្តិធម៌ជូនភាគីជម្លោះទាំងសងខាង។

លោកបន្ថែមថា«គាត់បានសំណូមពរដល់ក្រុ​មការងារយើងចុះទៅដល់ទីតាំងជាក់ស្តែងដែលនេះនីតិវិធីរបស់ក្រុមហ៊ុនយើងដែរ។ ព្រោះថា តែមានបណ្តឹងយើងត្រូវចុះស្រាវជ្រាវ និងសួរនាំទាំងភាគីដើមចោទ និងភាគីចុងចោទ។ ហើយនឹងផ្ទៀងផ្ទាត់អាជ្ញាធរទៀត»។

វីអូឌីមិនអាចសុំការឆ្លើយតបពីលោក ហេង ហ៊ុយ ជាមន្ត្រីនគរបាលពាក់ផ្កាយពីរ និង​ជា​​​​មានងារ​ជា​ឧកញ៉ា បានទេពាក់ព័ន្ធករណីនេះ ប៉ុន្តែលោកធ្លាប់មានប្រសាសន៍ថា ដីដែលក្រុមហ៊ុនរបស់លោកកំពុងកាន់កាប់នោះ ជា​ដី​មាន​​​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​​ ដែលលោក​បានប្រមូលទិញពីពលរដ្ឋជាច្រើន​ឆ្នាំ​មក​ហើយ។ លោក​​ថា ករណីពលរដ្ឋនាំគ្នាតវ៉ានិងចោទលោក​ថារំលោភ​យកដីធ្លីនោះ គឺធ្វើឡើងតាម​​ការញុះញង់​របស់មេខ្យល់តែប៉ុណ្ណោះ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ករណីក្រសួងមហាផ្ទៃហៅតំណាងពលរដ្ឋទៅសួរនាំ ដើម្បីចុះស្រាវជ្រាវ និងដោះស្រាយដីធ្លីជូនពលរដ្ឋជាសញ្ញាល្អមួយ ប៉ុន្តែលោកស្នើឱ្យធ្វើកិច្ចការងារនេះឱ្យពិតប្រាកដ និងមានតម្លាភាព ខណៈការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមកដល់។

មន្ត្រីសិទ្ធិមនុស្សរូបនេះឱ្យដឹងថា លោក ហេង ហ៊ុយ មានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋជាច្រើនក្រុមផ្សេងទៀតនៅខេត្តកោះកុង ដែលអាជ្ញាធរពាក់ព័ន្ធគួរពន្លឿនដោះស្រាយជូនពលរដ្ឋឱ្យបានឆាប់ ដើម្បីកុំឱ្យពលរដ្ឋទាំងនោះបន្តរងទុក្ខលំបាកបន្ថែមទៀត។

លោកបន្ថែមថា៖«ក្នុងនាមយើងជាអង្គការសង្គមស៊ីវិល យើងស្នើដល់ក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេតតាមការសន្យា ហើយប្រកបដោយតម្លាភាព ផ្អែកទៅទិដ្ឋភាពភាពជាក់ស្តែង កុំផ្អែកទៅលិខិតស្មាមរបៀបក្លែងបន្លំច្រើនពេក។ យើងដឹងហើយថាបច្ចុប្បន្ននេះ ប្លឹងដីមួយចំនួនធ្វើឡើងដោយសារមានលុយមានកាក់គាត់ចេះតែធ្វើបាន ប៉ុន្តែប្រជាពលរដ្ឋដែលគាត់ក្រីក្រ គាត់ចេះបន្តកាន់កាប់ដោយអត់មានប្លង់ឬក្រដាសស្នាម តែទិដ្ឋភាពជាក់ស្តែង​គាត់កាន់កាប់ជាក់ស្តែង»។

ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៩មក គឺក្រុមពលរដ្ឋ១៩៧គ្រួសារបានឡើងមកតវ៉ានៅរាជធានីភ្នំពេញ ដើម្បីរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដី ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ដោយអះអាងថា ក្រុមហ៊ុន ហេង ហ៊ុយ បានរំលោភយកតាំងពីឆ្នាំ២០០៧ ប៉ុន្តែត្រូវលោក ហេង ហ៊ុយ ច្រានចោលការចោទប្រកាន់នេះ និងបានប្តឹងតំណាងពលរដ្ឋទៅតុលាការផងដែរ។

គិតមកទាល់ពេលនេះ គឺមានតំណាងពលរដ្ឋ១០នាក់បានជាប់បណ្តឹងនៅតុលាការ ដែលលោក ហេង ហ៊ុយ បានប្តឹងពីបទ «បរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

ខណៈដែលតំណាងពលរដ្ឋ ១៤នាក់ចូលនៅក្រសួងមហាផ្ទៃនាព្រឹកនេះ ក៏មានពលរដ្ឋ​ជាង ១០០នាក់ មកពីសហគមន៍ចំនួន៣ នៃស្រុកបូទុម​សាគរ និង​ស្រុកស្រែអំបិល​ ខេត្តកោះ​កុង បាន​ប្រមូល​ផ្តុំ​គ្នាមុខស្ថាប័ន​ជាតិមួយនេះផងដែរ ដើម្បីគាំទ្រតំណាង និងរកអន្តរាគមន៍ជួយដោះស្រាយវិវាទដីធ្លី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ