អង្គការលីកាដូព្រួយបារម្ភចំពោះការបើកឱ្យមានការស្មុំកូនឡើងវិញ

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

អង្គការសិទ្ធិមនុស្សលីកាដូ បានសំដែងការព្រួយបារម្ភចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានបើកឱ្យមានដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ។

សេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី២៩ ខែមីនានេះ បានលើកឡើងថា ការបើកឱ្យមានដំណើរការស្មុំកូនឡើងវិញនេះ នឹងនាំឱ្យគ្រួសារជាច្រើន ត្រូវបែកបាក់ និងមិនអាចជួបជុំគ្នាវិញបាន ដោយសារប្រព័ន្ធគ្រប់គ្រងនៅទន់ខ្សោយ និងមិនទាន់បានការពារផលប្រយោជន៍ល្អបំផុតរបស់កុមារកន្លងមក។

សេចក្តីថ្លែងការណ៍បានសរសេរថា«យើងខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បើក​ដំណើរការ​ស្មុំ​កូន​អន្តរប្រទេស​ឡើងវិញ​ ​និង​ការ​បង្ហាញ​ច្បាស់​ៗ​ពី​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី​ថា​ ​ការ​ស្មុំ​កូន​ពី​ប្រទេស​កម្ពុជា​យ៉ាងតិច​ចំនួន​ប្រាំបួន ​ដែល​អាច​កើតមានឡើង​ ​គឺ​កំពុង​ត្រូវ​បាន​ដំណើរការ​ដោយ​ទីភ្នាក់ងារ​ស្មុំ​កូន​ជនជាតិ​អ៊ីតាលី​។​ ​យើងខ្ញុំ​ព្រួយបារម្ភ​ថា​ ​ការ​សម្រេច​ចិត្ត​ទាំងនេះ​ ​នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ទៀត​ ​ត្រូវ​បែកបាក់​មិន​អាច​ជួបជុំគ្នា​វិញ​បាន​ ​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ​នេះ​ ​ដែល​មិនទាន់​បានការ​ពារ​ផលប្រយោជន៍​ល្អ​បំផុត​របស់​កុមារ​កន្លងមក​»។​

កុមារកម្ពុជាចំនួន ៣ ៦៩៦នាក់ ត្រូវបានរដ្ឋាភិបាលរាយការណ៍ថា បានបញ្ជូនទៅក្រៅប្រទេសសម្រាប់ការស្មុំកូននៅចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១១។ ប៉ុន្តែក្រោយមក រដ្ឋាភិបាលកម្ពុជាបានផ្អាក​កម្មវិធី​ស្មុំកូនអន្តរប្រទេសនេះវិញ បន្ទាប់ពីមានភស្តុតាងបង្ហាញថា មានការក្លែងបន្លំឯកសារ និងអំពើពុករលួយ ដែលប្រព្រឹត្តដោយមន្ត្រីរដ្ឋាភិបាល ដើម្បីប្តូរឈ្មោះ ឬអាយុកុមារមួយចំនួន ឬអះអាងថា ពួកគេជាក្មេងកំព្រា ឬត្រូវបានបោះបង់ចោល មុនពេលកុមារទាំងនោះត្រូវបានគេយកទៅចិញ្ចឹមនៅក្រៅប្រទេស ដោយពុំមានការដឹងឮ ឬការយល់ព្រមពីឪពុកម្តាយរបស់​ពួកគេឡើយ។

ប្រភពដដែលបន្តថា បច្ចុប្បន្ននេះ រដ្ឋាភិបាលនៅតែខ្វះប្រព័ន្ធការពារកុមារ ប្រព័ន្ធតុលាការ និងវិធានការប្រឆាំងអំពើពុករលួយគ្រប់គ្រាន់ ដើម្បីធានាថា ការស្មុំកូន នឹងដំណើរការទៅស្របតាមផ្លូវច្បាប់ និងក្រមសីលធម៌។

លីកាដូបានផ្តល់យោបល់ថា មធ្យោបាយតែមួយគត់ដើម្បីធានាថា កុមារមិនត្រូវបានគេយកចេញពីគ្រួសាររបស់ពួកគេទៅដោយមិនត្រឹមត្រូវ និងដោយបោកបញ្ឆោតម្តងទៀតនោះ គឺត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការស្មុំកូនអន្តរប្រទេសទាំងអស់ពីប្រទេសកម្ពុជាដែលកំពុងដំណើរការ។

សេចក្តីថ្លែងការណ៍ដដែលថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋដែលទទួលយកកុមារ គួរតែបង្កើតយន្តការសម្រាប់អ្នកដែលបានរងគ្រោះពីការស្មុំកូនអន្តរប្រទេសរួចមកហើយនោះ រួមមាន ទាំងកូនចិញ្ចឹម ឪពុកម្ដាយបង្កើត និងឪពុកម្ដាយចិញ្ចឹម ដើម្បីស្វែងរកការពិត និងយុត្តិធម៌ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ឡើងវិញ ប្រសិនបើពួកគេជ្រើសរើសដូច្នេះ។

បន្ថែមលើនេះ លីកាដូបានព្រមានថា ការបញ្ជូនកុមារជាច្រើនទៀតទៅក្រៅប្រទេស អាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដែលមិនអាចស្រោចស្រង់បានជាច្រើនបន្ថែមទៀត ប្រសិនបើធ្វើឡើងមុនពេលកំហុសកន្លងមកទាំងនេះត្រូវបានដោះស្រាយ និងមុនពេលមានវិធានការប្រកបដោយសុវត្ថិភាព និងតម្លាភាព ដើម្បីធានាផលប្រយោជន៍ល្អបំផុតសម្រាប់កុមារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ