អ្នករាយការណ៍ពិសេសថា លំហពលរដ្ឋនិងនយោបាយនៅកម្ពុជាកាន់តែរួមតូចដោយសារការគ្រប់គ្រងបែបឯកបក្ស

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (UN)

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក​ វិទិត​ ​មុនតាប៊ន​ (​Vitit​ ​Muntarbhorn​) បានអះអាងថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជាកាន់តែរួមតូចទៅនិងកំពុងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងបែបឯកបក្ស។

ការលើកឡើងរបស់អ្នករាយការណ៍ពិសេសរូបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងសឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ លោក​ វិទិត​ ​មុនតាប៊ន ថា ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា នៅតែបង្កការព្រួយបារម្ភលើវិស័យជាច្រើនជាពិសេស ក្នុងពេលដែលកាន់តែខិតជិតដល់ការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំនេះ។

លោក​ វិទិត​ ​មុនតាប៊ន​ (​Vitit​ ​Muntarbhorn​) បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា៖ «ខណៈដែលប្រទេសនេះ មានការកែលម្អទាក់ទងនឹងសេចក្តីព្រាងច្បាប់ថ្មីៗដើម្បីការពារជនងាយរងគ្រោះ កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយសំណុំរឿងនៅតុលាការ និងវឌ្ឍនភាពឆ្ពោះទៅរកការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ក៏នៅមានក្តីកង្វល់មួយចំនួន ទាក់ទងនឹងការបិទលំហពលរដ្ឋ និងនយោបាយ សវនាការលើសំណុំរឿងនយោបាយ និងការចាប់ខ្លួនអ្នកនយោបាយជំទាស់ដាក់ពន្ធនាគារ និងការបោះឆ្នោតនាពេលខាងមុខ»

លោក​ វិទិត​ ​មុនតាប៊ន​ (​Vitit​ ​Muntarbhorn​) បានអំពាវនាវចំពោះអាជ្ញាធរទាំងអស់នៅកម្ពុជា ឱ្យគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជារដ្ឋភាគី រួមទាំងសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងការជួបប្រជុំ។

គណបក្សប្រជាជនកម្ពុជា​ បានគ្រប់គ្រងអាសនៈទាំងអស់នៅក្នុងរដ្ឋសភា (១២៥) និងដឹកនាំរដ្ឋាភិបាលតែម្នាក់ឯង ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៨ ក្រោយពីការរៀបចំការបោះឆ្នោតមួយដែលមិនមានគណបក្សប្រឆាំងចូលរួម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ