រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំទៅមន្ត្រីជំនាញឱ្យយកឧបករណ៍ឬសម្ភារដែលបង្ក្រាបបានមួយចំនួនទៅប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ដូចជាស្បៃមុង អាចយកទៅយកទៅធ្វើទ្រុងចិញ្ចឹមមាន់ និងជារនាំងបាំងសួនបន្លែ ក្រោយពីតុលាការបានជម្រះក្តីរួចរាល់។
ទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីម្សិលមិញបានឱ្យដឹងថា សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលចេញអន្តរាគមន៍ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិទី៧ សង្កាត់ចុងឃ្នៀស បានដកហូតឃាត់ទុកវត្ថុតាងបទល្មើស (ជនសង្ស័យបានរត់គេចខ្លួនបាត់) មានឧបករណ៍អួនអូសទឹកសាបចំនួន២ វង់។
លោកឱ្យដឹងតាមរយៈរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលសៀមរាប និងមន្ទីរកសិកម្មខេត្តនេះថា គិតចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ អាជ្ញាធរបានបង្ក្រាបបទល្មើសឧបករណ៍អួនអូសទឹកសាប ១៧វង់ ម៉ាញ់៣វង់ អួនហ៊ុម ៤វង់ កាណូត ៤៦គ្រឿង ម៉ាស៊ីន ១៤ គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ ១១ករណី និងចេញដីកាកោះ១១នាក់។
លោក វេង សាខុន ក៏បានណែនាំឱ្យខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម ខេត្តកសាងសំណុំរឿងទាំងជនល្មើស និងវត្ថុតាងដែលរឹបអូសបានបញ្ជូនទៅតុលាការ ហើយឧបករណ៍និងសម្ភារមួយចំនួនគប្បីយកទៅបម្រើក្នុងវិស័យកសិកម្ម ក្រោយតុលាការសម្រេចរួច។
ហ្វេសប៊ុកលោក វេង សាខុន សរសេរថា៖ «ឧបករណ៍ និងសម្ភារមួយចំនួន គួរយកប្រើប្រាស់ជាប្រយោជន៍ដូចជាស្បៃមុង យកទៅធ្វើទ្រុងចិញ្ចឹមមាន់ និងជារនាំងបាំងសួនបន្លែ ក្រោយពីតុលាការបានជម្រះក្តីរួចរាល់។ ដោយឡែក ទូកម៉ាស៊ីន ឬកាណូត គួរទុកប្រើប្រាស់បម្រើឱ្យការងារជលផល»។
ក្រោយការស្រាវជ្រាវរកឃើញបទល្មើសនេសាទជាទ្រង់ទ្រាយធំជាច្រើន នៅតំបន់បឹងទន្លេសាបពីសំណាក់ លោក សុខ ទូច កាលពីថ្ងៃទី២៣ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាផ្ទាល់មាត់ ឱ្យកងទ័ពនិងកងកម្លាំងនគរបាលសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអភិបាលខេត្តនៅជុំវិញបឹងទន្លេសាប ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យខាងតែបាន។ លោកនាយករដ្ឋមន្ត្រី ថែមទាំងអនុញ្ញាតឱ្យកងទ័ព និងកងកម្លាំងនគរបាលប្រើប្រាស់ឧទ្ធម្ភាគចក្របាញ់ពីលើអាកាសផងដែរ ប្រសិនបើជនល្មើសតដៃ។
ជាមួយគ្នានោះ លោកក៏បានព្រមានដល់អភិបាលខេត្តជាប់បឹងទន្លេសាបទាំងអស់ថា ត្រូវចុះចេញពីតំណែង ប្រសិនបើបង្ក្រាបបទល្មើសនេសាទមិនបាន ឬបណ្តោយឱ្យមានបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបបន្តទៀត។
យ៉ាងណា ក្រោយបទបញ្ជារបស់លោក ហ៊ុន សែន រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់បង្ហាញលទ្ធផលសរុបនៃការចុះបង្ក្រាបនោះជាក់លាក់នៅឡើយទេ៕