អង្គការជាតិនិងអន្តរជាតិ ​ស្នើ​​​​​UN​​​ជួយ​​​ដោះ​ស្រាយ​​ករណី​​សកម្ម​​ជន​​​ថៃ​ម្នាក់ដែលបាត់ខ្លួន​​​​​នៅ​កម្ពុជា

ក្រុមអ្នកតវ៉ាលើករូបមុខដូចលោក វ៉ាន់ឆាឡឺម អំឡុងការតវ៉ានៅមុខស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ដើម្បីរំឭកខួបប្រាំមួយខែនៃករណីបាត់ខ្លួនរបស់លោក វ៉ាន់ឆាឡឺម។ (អង្គការលើកលែងទោសអន្តរជាតិនៅប្រទេសថៃ)

អង្គការ​ជាតិនិងអន្តរជាតិជិត​​៥០​ ស្នើ​ស្ថាប័ន​​អង្គការ​​សហប្រជាជាតិ(UN) ជួយ​​ដោះ​ស្រាយ​​​កា​រ​​ខក​ខាន​​ជា​បន្តបន្ទាប់​របស់​អាជ្ញាធរកម្ពុជា ក្នុងការ​​​​​ស្វែងរក​សកម្ម​ជននយោ​​បាយ​​​​ថៃ ​លោក វ៉ាន់ឆាឡឺម (Wanchaleam Satsaksit) និងដើម្បីស៊ើប​អង្កេត​​ពី​ការ​បាត់​ខ្លួនរបស់​គាត់​ប្រក​បដោយប្រសិទ្ធភាព និងតម្លាភាព។​

​អង្គការជាតិ-អន្តរជាតិទាំងនោះ មានដូចជា​ សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា, មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា, សម្ព័ន្ធ​ខ្មែរ​ជំរឿន​និងការ​ពារ​សិទ្ធិមនុស្ស (លីកាដូ), Ain o Salish Kendra ប្រទេស​បង់​ក្លាដេស, Asian Resource Foundation ប្រទេស​ថៃ, Byte for All ប្រទេសប៉ាគីស្ថាន, Center for Prisoners’ Rights ប្រទេសជប៉ុន និង Maldivian Democracy Network ប្រទេសម៉ាឌីវ រួមជាមួយលោកស្រី Sitanan Satsaksit ដែល​ជា​បងស្រី​របស់​លោក​​វ៉ាន់ឆាឡឺម និងក្រុមគ្រួសារ។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមគ្រួសារ និងអង្គការជាតិ-អន្តរជាតិ​ទាំងនោះ ​បាន​លើក​ឡើ​ង​​ថា កាលពីអំឡុង​​​ឆ្នាំ​២០២០​ លោក វ៉ាន់ឆាឡឺម ត្រូវបានគេ​ចាប់ពង្រត់​​ទាំងកណ្តាល​ថ្ងៃ​នៅ​ខាងក្រៅអគារស្នាក់នៅរបស់លោក ខណៈលោកកំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​រាជធានីភ្នំពេញ។

សេចក្តីថ្លែងការណ៍ បន្តថា ក្រោយហេតុការណ៍នេះ​ គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិស្តីពីការបាត់ខ្លួន​ដោយ​បង្ខំ ធ្លាប់បា​ន​សម្តែងការព្រួយបារម្ភ​ចំពោះការខកខានរបស់​​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​​​ស្រាវ​​​ជ្រាវ​ និង​​ស៊ើបអង្កេត​ដោយ​ឥតលម្អៀងនិងឯករាជ្យ ជុំវិញការ​បាត់ខ្លួន​លោក​វ៉ាន់ ឆាឡឺម។

ស្របពេលដែល​​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ស្តីពីការបាត់ខ្លួន​ដោយ​បង្ខំ (CED) រៀប​ចំពិ​និត្យ​មើល​ឡើងវិញ​ជាបឋម អំពីស្ថានភាព​នៃការ​បាត់ខ្លួន​ដោយ​បង្ខំនៅប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ ពួកគេ​បានស្នើ​ដល់គណៈកម្មការ​នេះ ជួយដោះស្រាយការ​ខក​ខាន​របស់​​អាជ្ញាធរកម្ពុជា ដើម្បីស្វែងរក​លោក វ៉ាន់ឆាឡឺម ​ឱ្យ​បាន​ឆាប់​រហ័ស និង​ដើម្បីស៊ើប​អង្កេត​ការបាត់ខ្លួនរបស់គាត់​ប្រកបដោយ​ប្រសិទ្ធិភាព និង​តម្លាភាព។

សេចក្តីថ្លែងការណ៍ដដែល បន្តថា៖ «ហើយសូមស្នើ​ឱ្យរាជរដ្ឋាភិបាលកម្ពុជា បំពេញ​កាតព្វ​កិច្ច​របស់ខ្លួន ដើម្បីធានាពីសិទ្ធិ​របស់ជនរងគ្រោះក្នុងការ​ទទួលបាន​យុត្តិធម៌ និងសំណង»។

ពួកគេគូសបញ្ជាក់ដែរថា៖ «យើងខ្ញុំយល់ស្រប​ជាមួយគណៈកម្មាធិការដែលថា លក្ខណៈនៃ​ការ​បាត់​ខ្លួនដោយបង្ខំ គឺជាឧក្រិដ្ឋ​កម្ម​កើតមានជាបន្ត ដែលនាំឱ្យ​មានហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សិទ្ធិរស់​រាន​មានជីវិត​ សេរីភាព និងសុវត្ថិរបស់មនុស្ស​ សេរីភាពពីការឃុំឃាំងនិងការ​ធ្វើទារុណ​កម្មដោយសម្ងាត់ ក៏ដូចជាសិទ្ធិ​រស់នៅជួបជុំជាមួយក្រុមគ្រួសារផងដែរ»។

បើតាមសេចក្តីថ្លែងការណ៍រួមដដែល ការបាត់ខ្លួនរបស់លោក វ៉ាន់ឆាឡឺម ក៏ជាការរំលឹក​នៃការ​បាត់ខ្លួន​ឆ្លងប្រទេស​ក្នុងឆ្នាំ២០០៧ របស់សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ និងសកម្មជន​សិទ្ធិ​ការងារ​ជាជនជាតិវៀតណាម​ ២រូប ពីប្រទេសកម្ពុជាផងដែរ។

ពួកគេបន្ថែមថា ការខកខានស៊ើបអង្កេត​ប្រកបដោយប្រសិទ្ធភាពលើការបាត់ខ្លួនដោយ​បង្ខំ គឺជាការ​រំលោភ​បំពានកាតព្វកិច្ចយ៉ាងធ្ងន់ធ្ងររបស់ប្រទេសកម្ពុជា ក្រោមអនុសញ្ញាអន្តរជាតិ ស្តីពី​ការ​ការ​ពារ​ជនគ្រប់រូប​ ពីការបាត់ខ្លួន​ដោយ​បង្ខំ ដែលកម្ពុជាបានក្លាយជារដ្ឋភាគីក្នុងឆ្នាំ២០១៣។​

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការ​ពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍​ថា៖ «កាល​ណារ​ដ្ឋជា​សមាជិក ហើយ​បើមាន​ការបាត់ខ្លួនទៅលើទឹកដីរបស់ខ្លួនចឹង វាត្រូវតែមានកាតព្វកិច្ច ស៊ើបអង្កេតឱ្យបានម៉ត់​ចត់ និងការស្រាវជ្រាវឱ្យបានស៊ី​ជម្រៅហើយ​និងត្រឹមត្រូវ ដើម្បីផ្តល់ជាព័ត៌មាន ដែលអាចទទួលយកបានសម្រាប់ក្រុមគ្រួសាររបស់គេ ថាកម្ពុជាយើងពិត​ជាមានឆន្ទៈពិតប្រាកដនៅក្នុងការស្វែងរកព័ត៌មាន អំពីការបាត់ខ្លួនរបស់ លោក វ៉ាន់ឆាឡឺម»។

បើតាមលោក អំ សំអាត មកដល់​ពេល​នេះ នៅ​មិនទាន់មានតម្រុយណាមួយ ជុំវិញករណីបាត់​ខ្លួន​ លោក វ៉ាន់ឆាឡឺម នេះនៅឡើយ។​

អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា​ លោក ខៀវ សុភ័គ ច្រានចោលការលើកឡើងនេះ ដោយថា រដ្ឋាភិបាលកម្ពុជា​​បាន​​ចាត់​កម្លាំង​សមត្ថកិច្ចឱ្យស៊ើបអង្កេតកន្លែង​ដែលមានការអះអាង​ថា​ លោក វ៉ាន់ឆាឡឺម ស្នាក់​នៅទីនោះ​ និងតាម​ដាន​ករណី​ពាក់ព័ន្ធនានា​ដែលថាមានការ​ចាប់ជំរិត ប៉ុន្តែនៅតែរកមិនឃើញ។

លោកថា៖ «[អាជ្ញាធរកម្ពុជា] មិនខកខាន [ក្នុងការស្វែងរក] ទេ! បើយើងរកមិនឃើញៗ។ ព្រោះថាសាមីខ្លួនហ្នឹងឃើញមានចុះក្នុងបញ្ជី ឃើញតែមកសុំ Visa [ទិដ្ឋការ] ស្នាក់នៅ តាំងពីយូរហើយប្រហែលខែធ្នូ ឆ្នាំប៉ុន្មាន ពូមិនចាំទេ។ ហើយតាំងពីបាន Visa បន្តស្នាក់នៅមក ក៏បាត់សាមីខ្លួនហ្នឹងរហូត! មិនឃើញ មិនដឹងថាគាត់ទៅស្រុកណា។ ឆែកមើលក្នុងបញ្ជីក៏មិនឃើញចេញ ចូលអីទៅណា។ ចេញក៏មិនដឹងទៅស្រុកណា ចូលក៏មិនដឹងចូលស្រុកណា។ វាអត់ឃើញ បាត់តែម្តង! មិនដឹងគាត់ទៅណា!»។

យ៉ាងណា លោកខៀវ សុភ័គ ជំរុញឱ្យ​​អង្គការសង្គមស៊ីវិលទាំងនោះ ជាពិសេស​អង្គការ​សហ​ប្រជាជាតិ​ជួយផ្តល់ព័ត៌មានទៅរដ្ឋាភិបាលកម្ពុជា បើសិនជាមានតម្រុយពី លោក វ៉ាន់ឆាឡឺម។

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើកថា បើទោះកន្លងទៅ មានភស្តុតាងនៃទិដ្ឋភាពបង្ខំលោកវ៉ាន់ឆាឡឺម ឱ្យ​ចូលឡាន និងស្លាកលេខឡានដែលជាតម្រុយសម្រាប់អាជ្ញាធរក្នុងការ​ស៊ើបអង្កេត តែក្រោយមកសំណុំរឿងនេះ​បែរ​ជា​ពុំមានការវិវត្តណាមួយ​ឡើយ។ លោក​​បន្តថា ករណីបាត់ខ្លួន លោក វ៉ាន់ឆាឡឺម ដោយគ្មានដំណឹងនៅកម្ពុជានេះ ជាកិច្ចការដែលត្រូវស្រាវជ្រាវដោយយកចិត្តទុក​ដាក់ ពីសំណាក់អាជ្ញាធរ​ ខណៈជនភៀសខ្លួនមានសិទ្ធិទទួលបានការការពារ។

លោក ប៉ិច ពិសី ថា៖«យើងមិនចោទប្រកាន់អាជ្ញាធរថាមិនធ្វើ ឬក៏យ៉ាងណាទេ! ប៉ុន្តែយើងគិតថាយើង [រដ្ឋាភិបាល]គួរតែជំរុញឱ្យមានការអនុវត្តច្បាប់ហ្នឹងឱ្យមានប្រសិទ្ធិភាព ហើយស្វែងរកលោកដែលបាត់ខ្លួនហ្នឹងឱ្យដឹងអំពីសុខទុក្ខរបស់គាត់ថាគាត់នៅឯណា ឬក៏បញ្ជូនទៅថៃហើយជាដើម!»។

លោក វ៉ាន់​ឆា​ឡឺម គឺជា​សកម្មជន​ប្រជាធិបតេយ្យ​ល្បីឈ្មោះ​ម្នាក់ ដែល​​មាន​​ទំនាក់​ទំនង​​ជាមួយ​រណសិរ្ស​​រួប​រួម​​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​ផ្តាច់​ការ ដែល​ស្គាល់​ថា​ជា​ក្រុម​អាវ​ក្រហម​​របស់​​ថៃ។ លោកបានរងការ​ចោទពីបទ​«​ប្រមាថ​ព្រះមហាក្សត្រ​ថៃ»​។

ហេតុការណ៍​ចាប់​ពង្រត់​សកម្មជន​បក្ស​ប្រឆាំង លោក វ៉ាន់​ឆា​ឡឺម ត្រូវ​​បាន​ទម្លាយ​ឱ្យ​ដឹងពី​សំណាក់​​​​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch​) ដោយ​​អង្គការ​នេះ​រាយការណ៍​​ថា ជន​​​​​ប្រដាប់​អាវុធ​​មួយ​​ក្រុម​​​​ជិះរថយន្ត​ពណ៌ខ្មៅ​មួយ​​គ្រឿង បាន​​​ចាប់ខ្លួន​លោក វ៉ាន់​ឆា​ឡឺម នៅពេល​ដែល​គាត់​ដើរ​តាម​ផ្លូវ​ទិញ​​អាហារ​មុខ​​អគារ​​ស្នាក់​នៅ នា​​រាជធានី​​ភ្នំពេញ កាលពី​វេលា​ម៉ោង​ជិត​៦ល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ