អង់គ្លេស​ថាកងកម្លាំង​អ៊ុយក្រែន​​ដណ្តើម​យកបានតំបន់​ភាគ​ខាង​ជើងរបស់ពួកគេ​មក​វិញ

រូបភាពScreenshotពីវីដេអូ។(ហ្វេសប៊ុក៖ Boris Johnson)

ក្រសួងការពារជាតិ​របស់​ចក្រ​ភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃអង្គារនេះថា កងកម្លាំងអ៊ុយក្រែនបានដណ្តើម​យក​បាន​មកវិញនូវតំបន់ភាគខាងជើង​ដ៏សំខាន់របស់ខ្លួន ដោយបានបង្ខំឱ្យកងកម្លាំងរបស់រុស្ស៊ីដក​ថយ​ចេញពីតំបន់ជុំវិញទីក្រុង Chernihiv និងភាគខាងជើងនៃរដ្ឋធានីកៀវ (Kyiv) ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះជាយ៉ាងណា ប្រភពដដែល​បានបន្តឱ្យដឹងនៅលើបណ្តាញសង្គម​ធ្វីតធ័រ (Twitter) ថាការប្រយុទ្ធគ្នាក្នុង​កម្រិត​ទាប​ទំនង​ជា​នឹង​បន្តកើតឡើងនៅក្នុងតំបន់មួយចំនួន​ ដែលអ៊ុយក្រែនដណ្តើមបានមកវិញ ប៉ុន្តែនឹងត្រូវថមថយក្នុងសប្តាហ៍នេះ ស្របពេលដែលកងកម្លាំងរុស្ស៊ីដែលនៅសល់នានាដកថយ។

ក្រសួងបានបន្ថែមទៀត​ថា អង្គភាពយោធារបស់រុស្ស៊ីជាច្រើន ដែលដកថយនោះ​ ក៏ទំនងជានឹងត្រូវបំពាក់​អាវុធ និងរៀបចំឡើងវិញផងដែរ​ មុនពេលដែលពួកគេអាចដាក់សម្រាប់ប្រតិបត្តិការយោធាផ្សេងទៀតនាពេលខាងមុខ។

គួរបញ្ជាក់ថា មន្ត្រីសហរដ្ឋអាមេរិកមួយរូប កាលពីសប្ដាហ៍មុន ក៏ធ្លាប់បានព្រមានថា រាល់​ចលនានៃកងកម្លាំង​រុស្ស៊ីចេ​ញ​​​ពីជុំវិញ​ទីក្រុង​កៀវ (Kyiv) គឺជាការរៀបចំទ័ពឡើងវិញ ដែលមិនមែនជាការដកថយនោះទេ។

ការអះអាងរបស់មន្ត្រីរូបនេះ ធ្វើឡើងបន្ទាប់ពីប្រទេសរុស្ស៊ីបានសន្យាថា នឹងកាត់បន្ថយប្រតិបត្តិការយោធា​ទាំង​ឡាយ​នៅជិតរដ្ឋធានីរបស់អ៊ុយក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ