រដ្ឋាភិបាល​កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​ដាក់​ចេញ​វិធានការ​ចាំបាច់​បន្ថែម ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ

អាជ្ញាធរមូលដ្ឋានចម្រុះបានចុះស្រាវជ្រាវរុករកឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប (ឆក់ត្រជាក់-ក្ដៅ) ឈិបយន្ត ជាដើម ដែលជនសង្ស័យយកទៅប្លុងចោល នៅចំណុចភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

រដ្ឋាភិបាលបាននិង​កំពុងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងដាក់ចេញនូវវិធានការចាំបាច់​​​មួយចំនួន ដើម្បីពង្រឹងការ​ទប់ស្កាត់​បទ​ល្មើស​ធនធានធម្មជាតិ​ ក្នុងវិស័យព្រៃឈើ និងជលផល ខណៈបទល្មើសនេះនៅតែបន្តកើត​មាន។

ក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្ងៃទី៥ ខែមេសានេះថា កន្លងមក ក្នុងដំណើរការកំណែទម្រង់ស៊ីជម្រៅគ្រប់គ្រងធនធានធម្មជាតិ ក្នុងវិស័យព្រៃឈើ និងជលផល រាជរដ្ឋាភិបាល​​​បាននិងកំពុងជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់ និងលិខិត​​បទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេសការបែងចែកឡើងវិញ​នូវសមត្ថកិច្ចទទួលខុសត្រូវរវាងស្ថាប័ន​​ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីពង្រឹង​ការទប់ស្កាត់បទល្មើស​ធនធានធម្មជាតិក្នុងវិស័យព្រៃឈើឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះដែរ ក្រសួងកសិកម្មក៏បានណែនាំ​ដល់​រដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តវិធានការចាំ​បាច់​​មួយ​ចំនួនដូចជា ត្រូវ​​ដឹក​នាំនិងសម្របសម្រួលកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បី​​ការពារធន​ធាន​ធម្មជាតិ​ និង​ទប់ស្កាត់​បទល្មើស​ជលផល និងកាប់រុករាន ដុត ឈូសឆាយ ​និងហ៊ុមព័ន្ធដីព្រៃឈើ​និងដីព្រៃលិចទឹកក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

សេចក្ដីជូនដំណឹងដដែលបន្តថា៖ «ក្នុងករណីប្រទះឃើញបទល្មើសជាក់ស្ដែង ត្រូវចាត់វិធានការ​ទប់​ស្កាត់និងបង្ក្រាបជាបន្ទាន់តាមដែនសមត្ថកិច្ចរៀងៗខ្លួន ចៀសវាងទុកឱ្យបទល្មើស​ទាំងនោះ​រីក​រាលដាលកាន់តែធំ និងពិបាកក្នុងការដោះស្រាយ។ ប្រសិន​បើបទល្មើស​មានទ្រង់ទ្រាយធំ ស្មុគស្មាញ ត្រូវរាយការណ៍និងសុំអន្តរាគមន៍ជាបន្ទាន់មកក្រសួងស្ថាប័នថ្នាក់ជាតិ ដើម្បីមាន​វិធានការ និង​រួមគ្នាដោះស្រាយ​តាមនីតិវិធីជាធរមាន»។​

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា មានប្រសាសន៍នៅថ្ងៃពុធនេះ​ថា ការ​ធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ធ្វើកន្លងមក​នេះ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួលនិងកាន់តែល្អប្រសើរក្នុងសម័យ​កាល​ថ្មី និងងាយស្រួលយកទៅអនុវត្តលើបទល្មើសដែលកំពុងកើតមាននៅក្នុងប្រទេស។

ទោះជាយ៉ាងណា លោក​បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ថ្មីមិនទាន់ចេញជារូបរាង ប៉ុន្តែក្រុមការ​ងារ​របស់លោកនៅតែអនុវត្តច្បាប់ដែលមានស្រាប់ ដើម្បីទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធភាពផង​ដែរ។

លោកថា៖ «កន្លងមក វិសោធនកម្មបានប៉ុន្មានមាត្រាហើយ សម្រាប់ធ្វើកំណែទម្រង់ឧបករណ៍នេសាទ​ខ្លះៗ អ៊ីចឹង​យើងនៅតែអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងដដែល ដើម្បីនិរន្តរភាព ដើម្បីការពារធន​ធាន​ធម្មជាតិ ច្បាប់ហ្នឹងនៅតែបន្តអនុវត្ត ដើម្បីកុំឱ្យវាមានប៉ះពាល់ធនធានធម្មជាតិ។ យើងមិនមែនរង់​ចាំតែច្បាប់​វិសោធនកម្ម​រួចហើយទេ គឺយើងនៅតែធ្វើ[អនុវត្តច្បាប់ចាស់]បន្តបន្ទាប់»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមីនា បានចេញបទបញ្ជាផ្ទាល់មាត់ ឱ្យក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ខេត្ត​ រួមជាមួយកម្លាំងប្រដាប់អាវុធ ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ ជាពិសេស​បទល្មើស​ជលផលនៅជុំវិញ​​បឹងទន្លេសាប ក្នុងនោះ លោកក៏បានអនុញ្ញាត​ឱ្យ​​កងទ័ព និងកង​កម្លាំង​នគរបាលប្រើប្រាស់ឧទ្ធម្ភាគចក្របាញ់ពីលើអាកាសផងដែរ ប្រសិនបើជនល្មើសតដៃ។

មន្ត្រីគម្រោងតស៊ូមតិនៃគម្រោង​អ្នក​ការពារ​ព្រៃឈើនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា មានប្រសាសន៍​​ថា រដ្ឋាភិបាលគួរតែជំរុញទៅសមត្ថកិច្ចពាក់ព័ន្ធពង្រឹងការ​អនុវត្តច្បាប់ដែលមានស្រាប់ ដូចជា ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពី​ជលផល និងច្បាប់​ស្ដីពីតំបន់ការពារធម្មជាតិ ជាដើម​ ជាជាងធ្វើវិសោធនកម្មច្បាប់ដែលនាំឱ្យខាតពេលវេលានិងថវិកា។ លោក​បន្តថា​ កន្លងមក រដ្ឋាភិបាលក៏​ធ្លាប់បាន​បង្កើតគណៈកម្មាធិការជាតិមួយ​ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធន​ធាន​ធម្ម​ជាតិ ប៉ុន្តែ​​បទល្មើសនៅតែមិនអាចទប់ស្កាត់បានប្រសើរនៅឡើយ។

លោកបន្តថា៖ «ដើម្បីឱ្យការអនុវត្តច្បាប់មិនមានស្តង់ដារពីរ ហើយប្រព្រឹត្តទៅដោយរលូន ហើយមានប្រសិទ្ធភាព ខ្ញុំនៅតែទទូចដដែលៗថា រដ្ឋគួរតែបញ្ឈប់នូវការរឹតត្បិតសិទ្ធិសេរីភាពមកលើអង្គការសង្គមស៊ីវិលនិងសហគមន៍ ហើយបើកទូលាយឱ្យយើងអាចអនុវត្តសិទ្ធិរបស់យើង ដូចមានចែងក្នុងមាត្រា២១ និងមាត្រា២៩ នៃច្បាប់ស្ដីពីការការពារធនធានធម្មជាតិ»។

កាលពីថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០២២​នេះ ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានជាង២០ស្ថាប័ន ក៏បាន​​ស្នើទៅក្រសួង​​កសិកម្ម និងក្រសួងបរិស្ថាន​ ដោះស្រាយបញ្ហាមួយចំនួន ដើម្បី​​ទប់ស្កាត់​បទ​ល្មើស​ធន​ធាន​ធម្មជាតិឱ្យមានប្រសិទ្ធភាពផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ