តុលាការ​ខេត្តមណ្ឌលគិរី​កោះហៅ​ជនជាតិដើម​ភាគតិច​ពូនង​៤នាក់​ចូលបំភ្លឺ

លោក ​គ្រឿង តុលា អ្នកសម្របសម្រួល​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រចាំ​ខេត្តមណ្ឌលគិរី។ (ហ្វេសប៊ុក៖ Kroeurng Tola IP)

តុលាការខេត្តមណ្ឌលគិរី កោះហៅតំណាងនិងជនជាតិដើមភាគតិចពូនងចំនួន៤នាក់ដែលសកម្មក្នុងការងារការពារដីធ្លីនិងធនធានធម្មជាតិ ឱ្យចូលបំភ្លឺនៅចុងខែមេសា ឆ្នាំ២០២២ តាមបណ្ដឹងប្រធានក្រុមហ៊ុនឯកជនមួយ។

ក្នុងដីកាកោះហៅដែលចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ របស់តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក អ៊ាង សុគន្ធ ដោយតម្រូវឱ្យឈ្មោះ គ្រឿង តុលា, ឈ្មោះ ផ្លឹក ភឹរុំ, ឈ្មោះ ផ្លឹក ណារី, ឈ្មោះ ​ខ្លើង ទុំ ដែលជាជនជាតិដើមភាគតិច ចូលបំភ្លឺ​នៅ​រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ពីបទ «បទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់​ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ដើម្បី​សាកសួរ។

បើតាមដីកាបញ្ជាក់ថា ការកោះហៅតំណាងនិងជនជាតិដើមភាគតិចទាំង៤នាក់ឱ្យចូលបំភ្លឺ តាមបណ្ដឹងរបស់ឈ្មោះ កាក់ រតនា ដែលពលរដ្ឋជនជាតិដើមភាគតិចអះអាងថា ជា​នាយកក្រុមហ៊ុនវីឡា «ឌីវេឡុបមេន ខូអិលធីឌី»។  

អ្នកប្រឹក្សាយោបល់បណ្ដាញជនជាតិដើមភាគតិច​នៅខេត្តមណ្ឌលគិរី លោក គ្រឿង តុលា ប្រាប់វីអូឌីថា រូបលោកនឹងចូលបំភ្លឺ ដោយថាពួកគាត់មិនបាន «ញុះញង់ និងបរិហារកេរ្តិ៍» នោះទេ។

លោកបន្តថា ​អ្វីដែលលោកបានផ្សព្វផ្សាយកន្លងមក ​ពិតជាបានកើតឡើងពិតមែន។ មួយវិញទៀត លោកថា ពួកគាត់ក៏បានជូនដំណឹងទៅអាជ្ញា​ធរ​ខេត្ត និងមន្ទីរបរិស្ថាន ឱ្យជួយកិច្ចអន្តរាគមន៍ដើម្បីទប់ស្កាត់​ ដោយបារម្ភខ្លាចមានអំពើហិង្សា ក្រោយ​ពលរដ្ឋនាំគ្នាតវ៉ានិងហាមឃាត់គ្រឿងចក្រក្រុមហ៊ុនមិនឱ្យចូលឈូសដីព្រៃសហគមន៍របស់ពួកគាត់។

កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២២ ពលរ​ដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​ប្រហែល៥​០នាក់ បាននាំគ្នាតវ៉ាប្រឆាំងក្រុម​ហ៊ុនឯក​ជន​មួយ​ដែល​មិន​ស្គាល់​ឈ្មោះ ស្របពេល​ក្រុម​ហ៊ុននោះ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយនិង​កាយ​ក្រវាត់​ព្រំដី​​រំលោភចូល​​ដី​ព្រៃសហគមន៍ជនជាតិដើមភាគតិច​ជាច្រើនហិកតា នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ