រដ្ឋាភិបាល​សម្រេច​ដាក់​ខេត្ត​ចំនួន​៤​រួច​ផុត​ពី​កាតព្វកិច្ច​ពាក់​ម៉ាស់

ស្រី មុំ អាយុ៣៦ឆ្នាំ ធ្លាប់ធ្វើជាមេការនៅក្លឹប​​កម្សាន្តមួយ ផ្ដល់បទសម្ភាសពាក់ព័ន្ធស្ថានភាពរស់នៅអំឡុងកូវីដ-១៩។

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ​បានសម្រេចជាផ្លូវការហើយនៅថ្ងៃទី១០ ខែមេសានេះ ដោយបាន​ដាក់ខេត្តចំនួន៤ មិនតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ទៀតនោះទេ។

ក្នុងសារជាសំឡេងដែលចែកចាយលើបណ្តាញសង្គមនៅថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកំណត់យកខេត្ត៤ រួមមានខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ដែលជាខេត្តមិនតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ទៀតនោះឡើយ។

លោកហ៊ុន សែន បន្តថា យ៉ាងណាក៏ដោយ ​ ក៏រាជរដ្ឋាភិបាល ផ្តល់ជម្រើសដល់ប្រជាពលរដ្ឋដើម្បីសម្រេចចិត្តខ្លួនឯងក្នុងការពាក់ ឬមិនពាក់ម៉ាស់នោះ។

លោកនាយករដ្ឋមន្ត្រី៖ «ប៉ុន្តែយើងទុកលទ្ធភាពឱ្យប្រជាជនរបស់យើងសម្រេចចិត្តដោយខ្លួនឯង ថាតើគួរពាក់ម៉ាស់ឬមិនគួរពាក់នៅក្នុងខេត្តទាំង៤ហ្នឹង។ ធ្វើយ៉ាងដូច្នេះ ដើម្បី​ឱ្យប្រជាពលរដ្ឋយើងមានការទទួលខុសត្រូវដោយខ្លួនឯង ដោយនោះមិនបង្ខំឱ្យមានការពាក់ម៉ាស់ ឬមិនពាក់ម៉ាស់នោះទេ គឺទុកឱ្យប្រជាពលរដ្ឋជ្រើសរើសដោយខ្លួនឯង។ សង្ឃឹមថា ប្រជាពលរដ្ឋយើង នឹងពិចារណាដោយខ្លួនឯង។ ឧទាហរណ៍ នៅតំបន់ទីប្រជុំជន កន្លែងមានមនុស្សច្រើន ក្នុងករណីមានការសង្ស័យណាមួយនោះ ប្រជាជនអាចជ្រើសរើសការពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ គឺទុកលទ្ធភាពជូនប្រជាពលរដ្ឋរបស់យើង។ នេះគឺក្នុងករណីខេត្តទាំង៤នេះ[ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ]»។

សារសំឡេងដដែល លោក ហ៊ុន សែន បញ្ជាក់ថា សម្រាប់ពលរដ្ឋដែលធ្វើដំណើរចូលទៅទឹកដីខេត្តទាំង៤នេះ មិនចាំបាច់ម៉ាស់នោះទេ ប៉ុន្តែនៅពេលពួកគេធ្វើដំណើរចេញពីទឹកដីខេត្តទាំង៤នេះវិញ ដាច់ខាតគឺត្រូវតែពាក់ម៉ាស់។

លោកបន្តថា នេះជាការសាកល្បងភាពធន់ឬភាពស៊ាំក្នុងសហគមន៍ ដែលរដ្ឋាភិបាលបានអនុវត្តន៍ដោយថាជោគជ័យកន្លងមក តែមិនមែនជាការយកអាយុជីវិតពលរដ្ឋទៅសាកល្បងនោះឡើយ ដោយអាជ្ញាធរខេត្តទាំង៤ ក៏ត្រូវត្រៀមវិធានការនានា ពិសេសវិធានការធ្វើតេស្តរហ័សលើពលរដ្ឋដែលមានការសង្ស័យផងដែរ។

សម្រាប់ការអនុវត្តនូវវិធានការលើកលែងការពាក់ម៉ាស់សម្រាប់ខេត្តទាំង៤នេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា នឹងត្រូវអនុវត្តចាប់ពីពេលសារជាសំឡេងរបស់លោកផ្សាយចេញ ហើយរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធផ្សេងទៀត ដូចជាក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវដឹកនាំកិច្ចប្រជុំដើម្បីចេញវិធានការណែនាំបន្ថែមទៀតជុំវិញបញ្ហានេះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ នៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី៤ ខែមេសា ​លោក​ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កំពុង​​មានការថយចុះច្រើន ។

ករណីនេះ លោកអះអាងថា  រដ្ឋាភិបាលកំពុងតែពិចារណា នឹងសាកល្បងយកខេត្តមួយ ឬស្រុកមួយ នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរនៅក្នុងស្រុក ឬខេត្តនោះ ដោយកំណត់មិនឱ្យពួកគេពាក់ម៉ាស់នោះទេ ដើម្បីកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។

ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ៣៣នាក់បន្ថែមទៀតកាលពីម្សិលមិញ។  ចំណែកអ្នកជំងឺជាសះស្បើយមានចំនួន ២២នាក់ និងគ្មានអ្នកស្លាប់ទេ។

គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន ១៣៥ ៩៤៧នាក់  អ្នកជាសះស្បើយសរុបចំនួន ១៣២ ៦១៨នាក់ និងស្លាប់សរុបចំនួន ៣ ០៥៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ