តុលាការបញ្ចប់ការសួរដេញដោលកញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំង៤នាក់

សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១២ ខែមេសា នេះ បានបន្តបើកសវនាការលើសំណុំរឿងកញ្ញា សេង ធារី និងសកម្មជនគណបក្សប្រឆាំង៤នាក់ផ្សេងទៀត។ រូបភាព៖(លោក សេង ថៃ)

សាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងកញ្ញា សេង ធារី និងសកម្មជនគណបក្សប្រឆាំង៤នាក់នៅដើមខែក្រោយនេះ បន្ទាប់ពីតុលាការបានបិទបញ្ចប់ការសួរដេញដោលភាគីពាក់ព័ន្ធនៅថ្ងៃនេះ។

មេធាវីការពារក្តីឱ្យ​​កញ្ញា សេង ធារី គឺលោក ជូង ជូងី បានប្រាប់វីអូឌីថា សវនាការនៅថ្ងៃនេះ មិនបានសួរដេញដោល​កញ្ញា សេង ធារី នោះទេ។ ប៉ុន្តែចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានអនុញ្ញាតឱ្យជនជាប់ចោទទាំង​ ៥នាក់ ដែលរួមមាន កញ្ញា សេង ធារី អ្នកស្រី យក់ នាង ​លោក កាក់ កុម្ភារ លោក ហេង ច័ន្ទ​សុទ្ធី និង​លោក ទុំ ប៊ុនថន ធ្វើការកត់សម្គាល់ម្តងម្នាក់ទាក់ទងបទចោទ និងសវនាការនាពេលកន្លងមក។

លោក ជូង ជូងី បន្តថា សម្រាប់កូនក្តីរបស់លោក គឺកញ្ញា សេង ធារី បានកត់សម្គាល់ទាក់​ទង​នឹង​បទ​ចោទប្រកាន់មកលើរូបគាត់ និងការធ្វើមោឃភាពនីតិវិធីដែលកញ្ញាថា កន្លងមកតុលាការបានបំពាននីតិវិធីដោយមិនបានផ្តល់ដំណឹងជាមុន។

លោកថា៖ «ព្រឹកមិញនេះ [ការបើកសវនាការ] ទីមួយ គឺតុលាការប្រកាសសេចក្តីសម្រេចពាក់ព័ន្ធនឹងការសុំនៅក្រៅឃុំ របស់លោកស្រី យក់ នាង គឺតុលាការសម្រេចមិនព្រមដោះលែងទេ បន្តឃុំខ្លួនបន្តទៅទៀត ហើយទីពីរទទួលការសួរដេញដោល​ទៅលើលោកស្រី យក់ នាង ពាក់ព័ន្ធ​សកម្មភាព​របស់គាត់កន្លងមក ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់គាត់ ហើយទីបីទទួលការកត់សម្គាល់ពីជនត្រូវចោទ ជនត្រូវចោទ​ទាំង៥នាក់ហ្នឹង មានការ​កត់សម្គាល់ពីរឿងរបស់ខ្លួនរៀងៗខ្លួនទន្ទឹមហ្នឹងកញ្ញា សេង ចាន់ធារី អត់មានការសួរដេញដោល​អីទេ ដោយសារសវនាការ​មុនៗ​សួរដេញ​ដោល​គាត់ល្អិត​ល្អន់អស់ហើយ»។

យ៉ាងណាក្តី មេធាវីការពារក្តីរូបនេះ សង្ឃឹមថា តុលាការនឹងធ្វើសេចក្តីសម្រេចដោយយុត្តិ​ធម៌​មក​លើកូនក្តីរបស់​លោក នៅថ្ងៃទី៣ ខែឧសភា ខាងមុខនេះ។

លោកបន្តថា៖ «ថ្ងៃទី៣ ខែ៥[ឧសភា]នោះ នឹងធ្វើសេចក្តីសន្និដ្ឋានរៀងៗខ្លួន ព្រះរាជអាជ្ញានឹងធ្វើ​សេចក្តីសន្និដ្ឋានចោទប្រកាន់ ហើយមេធាវីការពារ​សិទ្ធិនឹងធ្វើសេចក្តីសន្និដ្ឋានការ​ពារ​កូនក្តីខ្លួន ខ្ញុំនឹងធ្វើសេចក្តីសន្និដ្ឋានការពារក្តីកញ្ញា សេង ចាន់ធារី ប៉ុន្តែប្រហែលជាថ្ងៃទី៣ ខែ៥នោះ មិនទាន់ប្រកាសសាលក្រមឬសម្រេចយ៉ាងណាទេ ប្រហែលជាទៅថ្ងៃក្រោយទៀត ក៏ប៉ុន្តែចំពោះការរំពឹង ឬក៏សេចក្តីសង្ឃឹមនោះខ្ញុំមិនគិតទេ ប៉ុន្តែខ្ញុំចង់ឱ្យគណៈវិនិច្ឆ័យ ឬ ក្រុមប្រឹក្សាជំនុំជម្រះដោយឥស្សរភាពកុំឱ្យលុះទៅនឹងដោយអគតិ ដូចការចែងកំណត់ទុកដែលថា ចៅក្រមហ្នឹងសម្រេចវៀសចាកនឹងអគតិទាំង៤»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យ​សាលា​ដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ។

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកាកាល​ពី​ឆ្នាំ២០២០ ចោទ​ប្រកាន់​កញ្ញា សេង ធារី និង​សកម្មជន​បក្ស​ប្រឆាំង​សរុប ១២០នាក់ ពី​បទ ​រួម​គំនិត​ក្បត់ និង​ញុះញង់ ដោយ​សារ​​ការ​​បង្ហោះ​សារ​គាំទ្រ​ផែនការ​មាតុ​ភូមិ​និវត្តន៍​របស់លោក សម រង្ស៊ី ​ប្រធាន​គណបក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ កាលពី​ឆ្នាំ២០១៩។ ដោយសារ​​សំណុំ​រឿង​នេះ​មាន​ជន​សង្ស័យ​ច្រើន​ពេក តុលាការ​បាន​បំបែក​​សំណុំ​រឿង​នេះជាពីរធំៗ ហើយកញ្ញា សេង ធារី ស្ថិតនៅក្នុងចំណោមជនសង្ស័យចំនួន ៤២នាក់។

កញ្ញា សេង ធារី បានថ្លែងនៅក្រោយពីសវនាការនៅថ្ងៃទី១២ ខែមេសានេះ​ថា នៅក្នុងស្មារតីរបស់កញ្ញាពេលនេះ គឺនៅដដែល ដោយប្រឆាំងនឹងការចោទប្រកាន់របស់តុលាការមកលើកញ្ញា។ ​កញ្ញា​បានប្រាប់​ក្រុម​អ្នក​កាសែត​ថា​ រហូត​មក​ដល់​ពេល​នេះ​ កញ្ញា​នៅ​តែ​យល់​ថា​ រឿង​ក្តី​នេះ​ គឺ​ជារឿង​នយោបាយ​សុទ្ធសាធ។​

កញ្ញាថា៖ «ពេលវេលាឥឡូវទៅដល់ថ្ងៃទី៣ខែ៥[ឧសភា] ខ្ញុំគិតថា អត់មានសវនាការណាផ្សេងទៀតទេ ថ្ងៃទី៣ខែ៥ ជាការធ្វើសេចក្តីសន្និដ្ឋាន ពីភាគីទាំងអស់ ហើយបន្ទាប់មកមានតែសវនាការមួយទៀតសម្រាប់តែប្រកាសសាលក្រម មានន័យថា យើងកំពុងឆ្ពោះទៅភាពបញ្ចប់ ទៅភាពលីឡឺ ភាពបាយឡុកបាយឡនេះ ដែលកំពុងផ្តល់ភាពគ្រោះថ្នាក់ដល់យើងជាបុគ្គលនៅក្នុងការគាបសង្កត់យើង ប៉ុន្តែកំពុងផ្តល់ភាពគ្រោះថ្នាក់ដល់សង្គម​តែម្តង»

នាយកផ្នែកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោក​នឹង​មិនភ្ញាក់ផ្អើល ចំពោះការប្រកាសសា​ល​ក្រមលើសំណុំរឿងរបស់កញ្ញា សេង ធារី និងសកម្មជនគណបក្សប្រឆាំងនេះទេ។ លោកថា សម្រាប់មតិជាតិនិងអន្តរជាតិ នៅតែចាត់​ទុក​រឿងនេះថា ជារឿងនយោបាយ។

លោកថា៖ «ហើយខ្ញុំគិតថា វានៅតែមានការចោទប្រកាន់ ហើយនឹងការផ្តន្ទាទោសក្នុងការប្រកាសសាលក្រមចឹង ព្រោះរឿងហ្នឹងវាពាក់ព័ន្ធនឹងរឿងនយោបាយ ហើយប្រសិនបើគ្មានដំណោះស្រាយនយោបាយកើតឡើងទេ ហើយការចរចានយោបាយណាកើតឡើង ដើម្បីបន្ថយស្ថានភាពនយោបាយតានតឹងហ្នឹង ហើយវិលទៅរកវប្បធម៌សន្ទនាវិញទេ អាហ្នឹងអ្នកទាំងអស់គ្នានឹងត្រូវតែជាប់ពន្ធនាគារដូចតែកន្លងមកចឹង»។

សវនាការលើកញ្ញា សេង ធារី និងសំណុំរឿង​ក្បត់​ជាតិ​របស់​អតីត​អ្នក​គាំទ្រ​ សកម្មជន​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលត្រូវ​បានរំលាយ​កាលពី​ឆ្នាំ​២០១៧​  បាន​ចាប់​ផ្តើម​កាលពីដើមខែធ្នូ ឆ្នាំ២០២១​ បន្ទាប់​ពី​អាក់​ខានអស់រយៈពេល​ជាង​មួយ​ឆ្នាំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ