វិភាគ៖ ប្រព័ន្ធបែបណាទើប​មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​ការ​គំរាម​កំហែង​ទៅ​លើ​គូ​ប្រកួត​នយោបាយ?

ទង់ជាតិកម្ពុជាដោតនៅពីលើអគារស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង។ (ហ្វេសប៊ុក៖ Ambassade Royale du Cambodge en France)

ការ​​​គំ​​រា​មកំ​​ហែង​​ខា​ងន​​យោបាយ​​ លើទី​លា​ន​ប្រ​​កួតអំណាច​ នា​ប៉ុន្មា​នឆ្នាំចុងក្រោយនេះ បានបន្សល់ទុ​ក​នូវស្នាមរបួសជាច្រើន ធ្វើឱ្យគេមើ​លឃើ​ញថា កម្ពុជា​បាន​ប្រឈមនឹងភាពផុយស្រួយនៃការបែកបា​ក់​ជា​​តិ និងបាត់ឱកាស​ចាប់​យក​អំ​ណោ​​យផលសេដ្ឋកិច្ចពីក្រុមប្រទេសលោកសេរី។

បញ្ហា​នេះ អ្នកឃ្លាំមើលបង្ហាញការព្រួយ​បារ​ម្ភថា​ កម្ពុជាអាចនឹងបាត់បង់ប្រ​យោ​ជ​ន៍​​ធំ​ធេង ​​បើ​រ​បត់​នយោបា​យ ​​មិ​​នងាកទៅរកការ​ស្តារស្ថា​នភាពសិ​ទ្ធិមនុស្ស និងប្រជាធិបតេយ្យទាន់ពេ​លទេនោះ។

រ​ដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា កម្ពុជា​អនុវត្ត​នយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ រដ្ឋាភិបាលប្តេជ្ញាចិត្ត​ «អនុវត្តនយោបាយបង្រួបបង្រួ​មជា​​​​​តិ ដើម្បីការពារឯកភាពជាតិ »

​​ច្បាប់​កំពូ​​លនេះ​ ​ក៏បាន​​ចែង​ដែរថា​ កម្ពុជាទទួល​ស្គាល់​ និងគោរ​ពសិទ្ធិមនុស្ស ដូចមា​ន​ចែង​ក្នុងធម្មនុញ្ញ​អ​ង្គ​​ការ​សហ​ប្រជា​ជា​តិ សេ​ចក្តីប្រ​កាស​ជាស​កល​​ស្តី​ពីសិ​ទ្ធិ​ម​នុស្ស​ ក​តិកាសញ្ញា ព្រមទាំងអ​នុសញ្ញា​ទាំងឡា​យទាក់​ទងទៅនឹ​ងសិ​ទ្ធិមនុស្ស​ សិទ្ធិនា​រី ​និង​​សិទ្ធិ​កុ​មារ​។

យ៉ា​ងនេះ​ក្តី កា​រប្រកួ​តនយោបាយ ​ចាប់ពី​ចុ​ងឆ្នាំ២០​១​៧ម​ក បា​នប​ង្កឱ្យមាន​ស្នា​មរ​បួស​ជាច្រើន ​ដ​ល់អ្នកការ​ពា​រសិ​​ទ្ធិមនុស្ស និងអ្នកនយោបាយជំទាស់ ​ដែលមាន​សក្តា​នុព​ល សម្រាប់​ការ​ផ្តាស់​ប្តូរអំ​ណាច តា​​មយន្កការបោះឆ្នោ​ត។

ស្នាម​របួសនាសម័​យទំនើបនេះ​ មាន​ដូចជា កា​​ររំលា​យ​គណប​​ក្សស​ង្គ្រោះជាតិ​ចេ​ញ​ពីឆាកនយោ​បា​យរហូតបច្ចុប្បន្ន​ ដែល​គណ​បក្សនោះ មា​នអ្នកគាំ​ទ្រជាង​ ៤៣​ភាគរយ ប្រ​ហាក់​ហែល​​ប​​ក្សកាន់អំណា​ចដែរ។ ការចា​​​ប់ឃុំ​​​ខ្លួន ​​អ្នក​ឃ្លាំមើលការរំលោភសិទ្ធិមនុស្ស៥​រូប នៅសមាគមអាដហុក ការចាប់ខ្លួន​​ថ្នាក់​ដឹក​នាំគ​​ណ​​បក្សប្រឆាំង​និងសកម្មជន ​រួ​មទាំ​ងការ​ប្រើអំពើ​ហិង្សា វា​យអ្ន​កមាន​និន្នាការមិនគាំទ្រ​រដ្ឋាភិបាល ឱ្យរងរបួសច្រើន​នាក់ ហើយមកដល់ពេលនេះ ​​ជន​ដៃដល់នៅ​មិន​ទាន់ត្រូវបា​នវែកមុខ​​ យក​មកផ្ត​ន្ទាទោ​សនៅឡើយ​។

​ជ្រុង​​មួ​យទៀតនៃរ​បត់នយោបាយថ្មី ក្រោមដំបូងរដ្ឋធម្មនុញ្ញ ដែលបានដាក់ឱ្យ​ប្រើ​ប្រាស់​​ជិត​៣០​ឆ្នាំមក​​នេះ ​អ្ន​ក​​នយោ​បាយជំ​ទាស់ខ្លះ ​ត្រូវ​បាន​​គេចោទប្រកាន់​ថា ជាក្រុមឧទ្ទាមក្រៅច្បា​ប់ ​និងខ្លះទៀត ជាប់ចោទ​ពីប​ទ​«ក្បត់ជាតិ»។

តែយ៉ាងណា ប៉ុន្មានសប្តាហ៍មុននេះ និងស្របពេលដែល​​ការ​បោះឆ្នោតជ្រើ​សរើ​សក្រុ​មប្រឹក្សា​ឃុំ សង្កាត់​ ជិ​តមកដល់​​ លោ​កនា​យករ​ដ្ឋម​ន្ត្រី ​ហ៊ុន សែន បា​នថ្លែ​ងជាសាធារណៈប្រាប់ទៅ​​មន្ត្រី ឱ្យ​ទប់ស្កាត់អំពើហិង្សាខាងនយោបាយ ដើម្បីឱ្យការបោះឆ្នោតខាងមុខ មានលក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ខណៈ ​បញ្ហា​ចាស់​កំពុង​ស្ថិតក្នុងភាពចម្រូងចម្រាសនៅឡើយ។

បន្ថែម​ពី​នេះ​​​​ រដ្ឋម​ន្ត្រីក្រសួងមហា​ផ្ទៃ ​លោក ស​ ខេង ក្នុងពិធីមួយ​នៅខេត្តព្រៃវែង​ កាលពីថ្ងៃ​ទី១១​​ ខែមេសា បា​នក្រើ​នរ​ម្លឹក​មន្ត្រីប្រហាក់ប្រហែលនេះដែរ ដោយអំពាវនាវឱ្យ​ចូ​លរួមលើ​កកម្ពស់ប្រជាធិបតេយ្យ ។

លោកបាន​គូសបញ្ជាក់ថា ការចាត់ទុក​ក្រុមអ្នកនយោបាយផ្សេងគ្នា​ជាសត្រូវ​ ​ជាកំហុសឆ្គងមួយ ក្នុងសង្គម​​ប្រជាធិប​តេយ្យ ។

លោកថា៖ «គេអត់ចាត់ទុកបក្សមួយ និងបក្សមួយទៀត ជាសត្រូវស្លាប់រស់ទេ គ្រាន់តែជាគូប្រកួតប្រ​ជែ​ង​ ដើម្បីឡើងកាន់អំណាចដឹកនាំស្រុកទេស គ្រប់គ្រងប្រទេស​តែប៉ុណ្ណឹងទេ ប៉ុនជួនអីយើងវាចង់ជ្រុល »។

បញ្ហាទាំងនេះ បង្កើតជាចម្ងល់ថា តើប្រព័ន្ធបែបណាទើបអាចទប់ស្កាត់ការគំរាមកំហែងខាងន​យោបា​យ​​​ទៅលើគូប្រកួតបាន?

នាយ​កគ្រប់គ្រង​ទូទៅអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត មើលឃើញថា ដើម្បីលុបបំបាត់​ការរើសអើងនយោបាយ ទាល់​តែ​កម្ពុជា​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្សឱ្យបានពេលលេញ។

ក្នុងន័យនេះ លោកផ្តល់ជាយោបល់​ថា កម្ពុជាត្រូវធ្វើរៀបចំធ្វើម៉េច​ឱ្យប្រព័ន្ធតុលាការ​ឯករាជ្យ ដោយថាបើប្រព័ន្ធយុត្តិធម៌ឯករាជ្យ នឹង​ជំរុញឱ្យនរគបាលយុត្តិធម៌ឯករាជ្យ ហើយអ្នកដែលបំពាន ឬគំរាមកំហែងនយោបាយ ក៏ត្រូវបាននាំខ្លួនមកកាត់ទោសដោយឯករាជ្យដែរ។

មួយវិញទៀត លោកមើលឃើញទៀតថា គណៈកម្មាធិការរៀបចំការបោះឆ្នោត ក៏ត្រូវជាស្ថាប័នឯករាជ្យដែរ ព្រោះស្ថាប័ននេះដើរតួនាទីសំខាន់ក្នុងនាមជាអាជ្ញាកណ្តាល ធ្វើយ៉ាងណា​ឱ្យ​គណបក្ស​ន​យោបា​​យ​មា​ន​ឱកាស​ប្រកួត​ប្រជែង​ស្មើគ្នា រួម​ទាំង​ការ​កាត់​សេចក្តីដោយ​យុត្តិធម៌ ក្នុងវិវាទនយោបាយ។

បន្ថែមពីនេះ លោកថា មន្ត្រីរាជការស៊ីវិល ដែលជា​រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែ​​​ជាប្រព័ន្ធ​​របស់​​​រដ្ឋ មិនមែន​ជាប្រព័ន្ធ​​​រប​​ស់​បក្ស ទើប​អាច​ទប់ស្កាត់បាននូវការរើសអើង ការគំរាមកំហែង និងការដាក់សម្ពាធទៅ​លើ​ប្រជាពលរដ្ឋ ដែល​ការណ៍​នេះ ជាផ្នែកមួយបានកាត់បន្ថយ​ការគំរាមកំហែងខាងនយោបាយផងដែរ។

លោកបន្ត​ថា៖ «បើប្រព័ន្ធទាំងអស់នេះ មិនកែទេ យើងមិនមែន​ជា​ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ​សេ​​រីពហុបក្សពេញលេញទេ អីចឹងទៅវានៅតែមានការរំលោភសិទ្ធិមនុស្ស ហើយវានៅតែធ្វើឱ្យលទ្ធិប្រ​ជា​ធិបតេយ្យហ្នឹង​ លិចអណ្តែតៗ វាអត់មានគោលនយោបាយរឹងមាំ។ បើយើងនិយាយគោលនយោ​បា​​យ​របស់រដ្ឋ គោលនយោបាយរបស់ប្រទេស ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ វាត្រូវចែកចេញដាច់​ពីគោ​លនយោបាយរបស់គណបក្ស»។

មាត្រា៣៧ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដែលប្រកាសឱ្យប្រើឆ្នាំ​១៩៩៤ បានចែងថា «មន្ត្រីរាជការត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារ និងហាមដាច់ខាតនូវការប្រើមុខងាររបស់ខ្លួន​ និងសម្ភារៈរបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយ»។

ច្បាប់ដដែល​នេះ ក៏បានហាមផង​ដែរ មិនឱ្យធ្វើការ​ដើម្បីផលប្រយោជន៍ដល់បេក្ខជន ឬប្រឆាំងនឹងបេក្ខ​ជន​នយោបាយ​ណាមួយ និង​មិនត្រូវធ្វើការដើម្បីផលប្រយោជន៍នយោបាយគណបក្សនយោបាយណាមួយ ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយនោះឡើយ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា ដើម្បីទប់ស្កាត់ការគំរាមកំហែងផ្នែកនយោបាយបាន ទាល់តែសរសរស្តម្ភទាំង៣របស់ជាតិ មានរដ្ឋសភា តុលាការ និងរដ្ឋាភិបាល ឯករាជ្យ​ពីគ្នា អាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពលរដ្ឋបាន ដោយគ្មានការបំពានអំណាចពីភាគីណា​មួយ។

មួយវិញទៀត លោកមើលឃើញថា បើ​ប្រព័ន្ធ​មួយ​ធ្វើឱ្យមន្ត្រីរាជការ កងកម្លាំង ឬប្រព័ន្ធយុត្តិធម៌ ខ្វះភាព​ឯករាជ្យ ប្រព័ន្ធ​នោះ​នឹង​គំរាមកំហែងដល់គណបក្សណាដែលមានសក្តានុពល ឡើងទៅកាន់អំណាច​ជំនួសបក្សកាន់អំណាចបច្ចុប្បន្ន។

លោកបារម្ភថា បើស្ថានការណ៍នយោបាយមិនប្រសើរឡើងវិញទេ នោះ​កម្ពុជា​មិនអាច​ព្យាបាល​ស្នាមរបួស​ដែល​បានកើតឡើងជាង​៤ឆ្នាំ​មកនេះបានទេ ហើយបញ្ហាធំជាងនេះ អាច​នឹងកើតឡើង​ក៏ថាបា​ន ។

លោកថា៖ «ខ្ញុំគិតថា ការឆ្លើយតបដោយប្រព័ន្ធតុលាការដោយយុត្តិធម៌ វាអាចលៀងជម្រះអាចងគំនុំ គុំកួនការ​សង​សឹក​គ្នា ហើយ​អាការ​រួបរួមគ្នាជាគ្នាជាធ្លុង​មួយ​នៃជាតិហ្នឹង វាអាចកើតមាន តែបើប្រព័ន្ធយុត្តិធម៌នៅតែ​ដើរតួនាទីសម្រាប់តែបក្សកាន់អំណាចទេ វានឹងជំរុញឱ្យប្រជាពលរដ្ឋហ្នឹងប្រើគេហៅថាអំពើហិង្សានៅថ្ងៃណាមួយ​នៃអនាគតកាល ឧទាហរណ៍ ដូចការតស៊ូ ការធ្វើបដិវត្តដូចពីអតីតកាលអីជាដើម»។

អ្នកវិភាគនយោបាយ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ មើលឃើញ​ថា បើនិយាយពីរឿងបោះឆ្នោត ប្រហែលជាមាន​បញ្ហាច្រើន ក្នុង​ការ​ជជែក​ថា តើកម្ពុជាមានការតាំងចិត្តអ្វីខ្លះ ដើម្បីឱ្យដំណើរការបោះឆ្នោតដែលជាទីលានប្រកួតអំណាចនោះ ប្រកបដោយភា​ព​សេរី ត្រឹមត្រូវ និងយុត្តិធម៌។

កញ្ញាកត់សម្គាល់ថា ដើម្បី​ធានាដល់ការបើកលំហ​ការប្រកួតអំណាច​តាមបែបប្រជាធិប​តេយ្យ ដែលអាច​ឱ្យគណបក្សប្រឆាំងណាមួយ​ចូលរួមបាន ដោយគ្មានការរឹតត្បិត និងគំរាមកំហែងនោះ ទាល់តែ​មន្តី្រ​សាធារណៈ កង​កម្លាំង រួមទាំងមន្ត្រីនយោបាយ កុំភ្ជាប់ខ្លួនក្រោមឥទ្ធិពលបក្ស ហើយ​ងាកមកឈ្វេង​យល់​ពី​ទម្រង់​ប្រជាធិប​តេយ្យ ដើម្បីបម្រើប្រជាពលរដ្ឋទូទៅ នោះទើបអាចទប់ស្កាត់ការរើសអើង ឬ​ការ​គំរាម​កំហែងផ្នែកនយោបាយនេះបាន។

យ៉ាងណា​ កញ្ញា លី ស្រីស្រស់ បង្ហាញជាទស្សនៈ​ថា វិធានការផ្លូវច្បាប់ ទៅលើមន្ត្រីខិល​ខូច ដើម្បីផ្លាស់ប្តូរ​កម្ពុជា ឱ្យទៅ​ជា​ប្រទេសមាននីតិរដ្ឋពិតប្រាកដ ក៏ជាភាពចាំបាច់ដែរ ដើម្បីឱ្យប្រជាធិបតេយ្យដើរទៅមុខ ប្រកបដោយភាពត្រឹមត្រូវ។

កញ្ញាថា៖ «បើកាលណាយើងនិយាយពីប្រព័ន្ធមួយដែលវាអត់ដើរទៅប្រជាធិបតេយ្យ បើយើងនិយាយ​សា​មញ្ញជាប្រព័ន្ធស្អុយ[…]ពីព្រោះប្រព័ន្ធហ្នឹងវាមិនបានផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋ រករដ្ឋាភិបាលមួ​យ​​​​​​ដែលមានគុណភាពទេ យើងនិយាយឱ្យសាមញ្ញ ហើយបើរដ្ឋអត់មានគុណភាពហើយ យើងស្រម៉ៃ​​ទៅ​​​ថារដ្ឋមានតួនាទីអ្វីខ្លះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ