ក្រសួង​ថា​ភ្ញៀវ​ដើរលេង​កម្សាន្ត​នៅ​ថ្ងៃចូលឆ្នាំ​មាន​ជាង​៥លាននាក់ ក្នុងនោះ​ខេត្តបាត់ដំបង​ច្រើនជាងគេ

ពលរដ្ឋខ្មែរ រួមនឹងទេសចរបរទេស មកចូលរួមកម្សាន្តនៅតំបន់ត្រជាក់ចិត្ត នៃសង្ក្រាន្តបាត់ដំបង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបាត់ដំបង)

ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល៤ថ្ងៃនៃអំឡុង​បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ មានភ្ញៀវ​​ទេសចរ​ជាង ៥​លាន១៧​ម៉ឺន​នាក់ ចេញ​ដើរលេងកម្សាន្ត​នៅទូទាំងប្រទេស ក្នុងនោះ ខេត្ត​គោល​ដៅដែ​ល​មានភ្ញៀវទៅលេងកម្សាន្តច្រើនជាងគេ គឺខេត្តបាត់ដំបង កំពង់ចាម បន្ទាយ​​មាន​ជ័យ និងសៀមរាប។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ត្រូវបានស្រង់ប្រសាសន៍មកផ្សព្វផ្សាយ​ក្នុង​ហ្វេស​ប៊ុក​របស់​ក្រសួង​ទេសចរណ៍នៅថ្ងៃចន្ទនេះថា ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំប្រពៃណី​ជាតិ​ខ្មែរ​ រយៈពេល​៣ថ្ងៃ និង​ថ្ងៃ​អាទិត្យ​១ថ្ងៃទៀត គឺ​ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំង​ប្រទេស​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុបចំនួន៥ ១៧៥ ៧៥៤នាក់ ក្នុង​នោះ ភ្ញៀវ​ជាតិចំនួន៥ ១៤០ ៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥ ២៥៩នាក់។

ចំណែកគោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរ​បានទៅកម្សាន្តច្រើន​ជាងគេ​នោះ មាន​ដូចជា ខេត្តបាត់ដំបង មានចំនួន៦៥៣ ៨៩៦នាក់, ខេត្តកំពង់ចាម ៥៤១ ៩០០នាក់, ខេត្តបន្ទាយមានជ័យ ៤៧១ ១១៩​នាក់, ខេត្ត​សៀមរា​ប ៤៥៥ ៩៨៤នាក់, ខេត្តព្រៃវែង ៣៩៦ ៣២៨នាក់, ខេត្តកំពង់ស្ពឺ ៣៤៥ ០១៨​នាក់, ខេត្តពោធិ៍សាត់ ៣៣៨ ៩១៦នាក់, ខេត្តកំពង់ឆ្នាំង ៣០០ ៥៦១​នាក់, ខេត្តកំពត ២៨៤ ៨៩៣​នាក់, ខេត្តព្រះសីហនុ ២៦៤ ៣០៨នាក់ និង​​​រាជធានីភ្នំពេញ ២៤០ ៤៦០​នាក់ រួមទាំងបណ្ដាខេត្តផ្សេងៗទៀត។

លោក ថោង ខុន បានបន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង៥លាននាក់នេះជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក ចាប់​តាំង​ពី​​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍​សហគមន៍ (ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍) កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ២០២១ ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសកលកន្លងមក ភ្ញៀវ​សរុប​មាន​ប្រមាណ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ភ្ញៀវសរុបមានប្រមាណ៩៤ម៉ឺន​នាក់។

លោក​បន្តថា៖​ «តាមការស្ទង់មតិនិងសង្កេតជាក់ស្ដែង មិនមែនពួកគាត់[ភ្ញៀវទេសចរ]មិន​ខ្លាចឆ្លង​ជំងឺកូវីដ-១៩ តែពួកគាត់ពិតជាមានក្ដីរីករាយដែលបានដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ ដែលខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយម្យ៉ាងទៀតពួកគាត់ក៏មានទំនុកទុកចិត្តថា ប្រសិនបើមានការឆ្លងជំងឺកូវីដ ក៏ពួកគាត់អាចព្យាបាលខ្លួនឯងនៅផ្ទះបានផងដែរ»។

យោងតាមការសាក​សួរនិងស្ទង់មតិ​បឋម ក្រសួងទេសចរណ៍ឱ្យដឹងថា​ ចំពោះគ្រួរសារមួយដែលមានសមាជិក​៥នាក់ ហើយ​ធ្វើដំណើរកម្សាន្ត​ឆ្ងាយ​ពី​ផ្ទះ ក្នុង​ពេល​៣ថ្ងៃ​នេះ ពួកគាត់បានចំណាយថវិកា​មិនតិចជាង៥០០ដុល្លារទេ ដែលចំនួននេះ​គិតរួម​ទាំងការ​​ចំណាយលើ​ការ​​​ស្នាក់នៅ ហូប​ចុក ធ្វើដំណើរ (ចាក់សាំង) រួមទាំងការទិញទំនិញផ្សេងៗ រៀបចំ​រណ្ដាប់ បង្សុកូល និងយកចង្ហាន់ទៅវត្តផងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ