លោក ហ៊ុន សែន បញ្ជា​ឱ្យ​សម្រុក​ចាក់​វ៉ាក់សាំង​ជូនកម្មករ​ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅព្រឹក ថ្ងៃពុធ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យ​​សហ​ការ​​​ជាមួយ​ម្ចាស់​រោង​ចក្រ​​សហគ្រាសទូទាំងប្រទេស​​​ ដើម្បីឱ្យ​កម្មករ​បាន​សម្រាក​ចាក់វ៉ាក់​សាំង​​ប្រឆាំង​​វីរុស​កូវីដ-១៩ ដូសជំរុញ ឱ្យ​បានគ្រប់គ្នា ខណៈរោងចក្រសហគ្រាស​ជាកន្លែងដែល​មានហានិភ័យ​នៃ​ការ​ឆ្លង​រាលដាលជំងឺកូវីដ-១៩​ខ្ពស់។

ក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោង​ការពារ​ទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡា​យ-លូ ជំហាន​ទី៤ ក្នុងរាជធានីភ្នំពេញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ​​ទាំងអស់ទៅទទួលយកវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ខណៈនៅមានពលរដ្ឋយ៉ាងតិច​​​ប្រមាណ៦លាន​នាក់ទៀត ដែលមិនទាន់ទៅទទួលវ៉ាក់សាំងដូសទី៣។

ជាមួយគ្នានេះដែរ លោកបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវ​សម្របសម្រួលនិងសហការជាមួយម្ចាស់រោង​ចក្រ ដើម្បីសម្រុកចាក់វ៉ាក់សាំងជូនកម្មករ​-កម្មការិនីដែលមិនទាន់ទទួលបានវ៉ាក់សាំងដូសជំរុញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «​ប្រមូលផ្ដុំតម្រង់រករោង​ចក្រ ដោយ​សហការ​ជាមួយ​ម្ចាស់រោងចក្រ​ ឱ្យ​កម្មករ​បានសម្រាក​ចាក់វ៉ាក់សាំង ព្រោះកន្លែងហ្នឹង​គឺ​ជាកន្លែង​​ដែលងាយ[ឆ្លង] បើសិនជា​ការកើនឡើងនៅកន្លែងហ្នឹង គឺលំបាក។ ឯកឧត្ដម​ អ៊ិត សំហេង​ ត្រូវធ្វើការ​ងារហ្នឹងឱ្យ​​បាន​ល្អ សហការជាមួយ​បណ្ដារោង​ចក្រ ដើម្បីធ្វើកិច្ចការងារហ្នឹងឱ្យ​បាន​ល្អ ចាក់សម្រុកឱ្យកម្មករ-កម្មការិនីរបស់យើងទទួលបាននូវកា​រការ​ពារ​ខ្លួន​​យ៉ាងរឹងមាំ ដែលអាចចៀស​ផុត​ពីហានិភ័យនៃការឆ្លង[ជំងឺកូវីដ-១៩]»។

កាលពីថ្ងៃទី១៨ ខែមេសា ថ្មីៗនេះ រដ្ឋាភិបាល តាមរយៈក្រសួង​សុខាភិបាល បាន​ប្រកាស​ពីការ​​​បន្ថែមក្រុមគ្រូពេទ្យ និង​ទីតាំង​សម្រាប់​ចា​ក់វ៉ាក់សាំងប្រឆាំងវីរុស​កូវីដ-១៩ ​​ដូស​​ជំរុញ (ដូសទី៣ និងទី​៤) នៅតាម​រោង​ចក្រសហគ្រាស ទីផ្សារ​និងទីប្រជុំជនសំខាន់ៗ និងនៅតាមសាលារៀន ដើម្បីចាក់ជូន​ប្រជាពលរដ្ឋ កម្មករ-​កម្មការិនី គ្រូបង្រៀននិងសិស្សានុសិស្ស​ ជាដើម ដើម្បី​​ទប់ស្កាត់ការ​ឆ្លងរីករាលដាលជំងឺកូវីដ-១៩។

បើតាមរបាយការណ៍ក្រសួងសុខាភិបាល គិត​ត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ កំណើនអត្រា​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ បាន​កើន​ដល់ ៩២,៨៤% ធៀបនឹងចំនួនប្រជាជនសរុប១៦លាន​នាក់។ ក្នុងនោះ បានចាក់​វ៉ាក់សាំង​លើប្រជាពលរដ្ឋ​អាយុពី ១៨​ឆ្នាំឡើងទៅ​​ មានចំនួន ១០២,៧៤% ធៀប​ជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់, កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មានចំនួន ១០០,១៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨នាក់, កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មានចំនួន ១០៧,៩០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២នាក់, កុមារអាយុ ០៥ឆ្នាំ មានចំនួន ១២៤,៨២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧នាក់ និង​កុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មានចំនួន ៥២,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ