អ្នកកាសែត​៣នាក់​ត្រូវ​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួន ក្រោយ​ចុះ​យក​ព័ត៌មាន​ករណី​លក់ម៉ូតូ​អត់ពន្ធ

មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង តម្រង់ជួរគោរពទង់ជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)

អ្ន​ក​សារ​ព័ត៌មា​ន​៣នាក់​ត្រូវ​ស​មត្ថ​កិច្ច​ខេត្តកំព​ង់ឆ្នាំ​​ងចាប់ឃាត់​ខ្លួន ដោយចោ​ទប្រកាន់ពី​បទ «រំលោភបំពានលំ​នៅឋា​ន និងជ្រៀ​​ត​ជ្រែ​​​​ក​ដោយ​ខុសច្បាប់ ក្នុងការ​បំពេញមុខងារសាធារណៈ» ក្រោ​យ​ពីពួកគេបានចុះជួបម្ចាស់ហា​​​ង​ ដើ​​​ម្បី​ស្វែងរកការបញ្ជាក់ករណីចោទប្រកាន់ថាលក់ម៉ូតូគ្មានពន្ធ។

ចាងហ្វាងការផ្សាយគេហទំព័រនាគមាស លោក កុក គីមថុង ដែលដឹងហេតុការណ៍ បានប្រាប់ VOD នៅថ្ងៃសុក្រនេះថា អ្នកសារព័ត៌មាន៣នាក់ និងអ្នកបើករថយន្តម្នាក់ ត្រូវសមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ឃាត់ខ្លួនពួកគេ កាលពីម្សិលមិញ។

លោកគូសបញ្ជាក់ថា ការចាប់ខ្លួននេះ ក្រោយពីអ្នកទាំង៤នាក់នោះបានចុះជួបម្ចាស់ហាងលក់ម៉ូតូយីយោ «លីង៉ូវ» នៅក្នុងខេត្តនេះ ដើម្បីសួរនាំករណីដែលពលរដ្ឋចោទថា ម្ចាស់ហាងនេះបានលក់ម៉ូតូអត់ពន្ធទាំងមានស្លាកលេខឱ្យ។ ទាល់តែប៉ូលិសចាប់ទើបដឹងថា ម៉ូតូនោះអត់បានបង់ពន្ធចូលរដ្ឋ។

ប៉ុន្តែលោកថា អំឡុងពេលនៃការចុះសម្ភាសនោះ ពួកគេត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួននាំទៅស្នងការដ្ឋាននគរបាលខេត្ត ដោយចោទថា បានរំលោភបំពានលំនៅឋានឯកជន។

លោកថា៖ «​​តាមគា​ត់​​​និយាយ​ហ្នឹង ​​គាត់​សួរ​ថា​កន្លែងបងមានល​ក់ម៉ូតូអត់ពន្ធអត់​អីដូ​ចព​លរដ្ឋនិយា​យមែ​នអត់? អាហ្នឹងអ្វីដែលគាត់តេមកខ្ញុំ ដែលខ្ញុំសួ​​រពី​មូលហេ​តុអី​បា​នគេ​ឃាត់ខ្លួន​​។​​ ​អ៊ីចឹង​ងគា​​​ត់ថា​ ដ​​ល់​​ពេល​សួរ​អ៊ីចឹ​ង​ ​អ្នក​ផ្ទះហ្នឹងគេហៅ​ចូល​អ​ង្គុយ​លេង​ ដ​ល់​អ៊ី​ចឹង​ទៅមិន​ទាន់​បាន​អីផង​ ក៏​មាន​សម​ត្ថកិ​ច្ចហៅ​ពួ​ក​គា​ត់​ទៅ​ស្ន​ង​កា​​រ​ ​ក៏​កើ​តជា​រឿង​អ៊ីចឹ​ង​ទៅ»។

លោក គីម​ថុង​ បញ្ជាក់ថា​ មុ​ន​ចាប់ខ្លួន ពោលគឺកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ រូបលោកនិងអ្នកសារព័ត៌មានផ្សេងទៀតបានចុះទៅដល់ផ្ទះលក់ម៉ូតូយីហោ «លីង៉ូវ» ដើម្បីចង់ដឹងថាតើទីនោះ​មានលក់ម៉ូតូអត់ពន្ធដូចពលរដ្ឋចោទប្រកាន់មែនឬក៏អត់ ក្រោយពីមានពលរដ្ឋប្រាប់ថាបានទិញម៉ូតូពីហាងនេះ ត្រូវបានប៉ូលិសចាប់ដោយចោទថាម៉ូតូគាត់អត់ពន្ធ បើទោះបីជាមានកិបស្លាកលេខហើយក្ដី។

លោកឱ្យដឹងបន្ថែមថា ក្រោយចុះជួបម្ចាស់ហាង កាលពីថ្ងៃទី៩ ខែមេសា ម្ចាស់ហាងបានអះអាងថា ពិតជាមានម៉ូតូខ្លះដែលដាក់លក់នោះអត់ពន្ធនិងមានចាប់ស្លាកលេខខ្លះមែន។ តែត្រង់ថាម៉ូតូដែលមានពន្ធថ្លៃជាងម៉ូតូដែលអត់ពន្ធ។

បើតាមអ្នកសារព័ត៌មានរូបនេះ នៅថ្ងៃទី២១ ខែមេសា ដែលជាថ្ងៃសមត្ថកិច្ចចាប់ខ្លួនមនុស្ស​ទាំង៤រូបនោះ គាត់មិនបានទៅជាមួយអ្នកទាំងនោះ ដើម្បីសួរនាំម្ចាស់ហាងបន្ថែមទៀតទេ តែបានដឹងព័ត៌មាននេះពេលសមត្ថកិច្ចដែលឃាត់ខ្លួន។

ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងជាអ្នកនាំពាក្យ លោក អៀរ ប៊ុនធឿន ប្រាប់ថា ការចាប់ខ្លួនអ្នកទាំង៤រូបនេះ គឺតបតាមពាក្យបណ្ដឹងរបស់ម្ចាស់ផ្ទះដែលរកស៊ីលក់ម៉ូតូ ហើយថាការឈានដល់ការចាប់ឃាត់ខ្លួននេះ ពួកគេបានប្រព្រឹត្តកំហុសពីបទ «រំលោភលំនៅឋាន» តាមមាត្រា២៩៩ និងបទ «ជ្រៀតជ្រែកដោយខុសច្បាប់» ទៅក្នុងការបំពេញមុខងារជាសាធារណៈ តាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ។

លោកថា៖ «គាត់ទៅរំលោភលើមូលដ្ឋានគេហើយ និងជ្រៀតជ្រែកដោយខុសច្បាប់កិច្ចការសាធារណៈ បានន័យថា គាត់ទៅឆែកពន្ធម៉ូតូពន្ធអីគេ»។

ប៉ុន្តែនៅពេលសួរថា តើសមត្ថកិច្ចបានដឹងថាដើមបណ្ដឹងដែលប្ដឹងអ្នកសារព័ត៌នោះមានរក្សាទុកម៉ូតូអត់ពន្ធសម្រាប់លក់ជូនអតិថិជនដែរឬទេ? លោកបានឆ្លើយថា មិន​បានដឹងរឿងនេះទេ។

បើតាមមន្ត្រីនគរបាលរូបនេះ អ្នកដែលត្រូវបានចាប់ខ្លួននេះ រួមមាន ទី១. លោក សាយ រស្មី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាអ្នកយកព័ត៌មាន «រស្មីស្ទឹងត្រង់», ទី២. លោក ទួន ឈុនលី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាអ្នកសារព័ត៌មាន «រស្មីស្ទឹងត្រង់», ទី៣. លោក មិន ធី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីនៅក្នុងភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាអ្នកសារព័ត៌មាន «រស្មីបន្ទាយដែក» និងឈ្មោះ ប៊ុត ចន្ថា ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាអ្នកបើកបររថយន្ត។

ម្ចាស់ហាងលក់ម៉ូតូយីហោ «លីង៉ូវ» បានសន្ទនាតាមទូរសព្ទក្នុងរយៈពេលខ្លី ដោយទទួលស្គាល់ថា ពិតជាបានប្ដឹងអ្ន​ក​សា​រព័ត៌​មានទាំងនោះមែន ប៉ុន្តែនៅពេលសួរថា តើអ្នកសារព័ត៌មានទាំងនោះបានបង្កបញ្ហាអ្វីខ្លះនៅកន្លែងលក់​ដូរ ប្រព័ន្ធទូរសព្ទក៏ត្រូវបានកាត់ផ្ដាច់ ក្រោយមកលែងមានអ្នកទទួលទូរសព្ទដែលហៅចូល។

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោក ម៉ម ឈឿន អះអាងថាកំពុងជាប់ប្រជុំ។ ដោយឡែក អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ អះអាងថា ក្រសួងបានទទួលព័ត៌មាននៃការចាប់ខ្លួនអ្នកកាសែតនេះ ហើយថាអន្តរាគមន៍យ៉ាងណានោះ កំពុងរង់ចាំព័ត៌មានលម្អិតពីមន្ទីរព័ត៌មានខេត្តនៅឡើយ។ តែយ៉ាងណា លោកថា ក្រសួងមានមេធាវីសម្រាប់ជួយការពារតាមផ្លូវច្បាប់។

នាយកប្រតិបត្តិសមាគមអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី មានប្រសាសន៍ថា ការឃាត់​ខ្លួនបុគ្គលណាមួយ សមត្ថកិច្ចមូលដ្ឋានមិនគួរស្ដាប់ការចោទប្រកាន់របស់ភាគីម្ខាង ហើយឈានទៅចាប់ខ្លួនអ្នកសារព័ត៌មាននោះទេ។ តែត្រូវស៊ើបអង្កេតឱ្យបានច្បាស់លាស់ជាមុនសិន ព្រោះវិធានការនេះ វាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់មនុស្ស។

លោកថា៖ «យើងមានការព្រួយបារម្ភថា ក្រែងអ្នកប្រព្រឹត្តបទល្មើសពិតប្រាកដដែលនាំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ទៅដល់ប្រយោជន៍សាធារណៈ ទៅជារួចខ្លួន! ក៏ប៉ុន្តែអ្នកដែលមានបំណងក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នឹងក្លាយជាជនរងគ្រោះទៅវិញ»។

ករណីនេះ លោកថា អ្នកសារព័ត៌មានជាភ្នាក់ងារមួយជំរុញឱ្យយុត្តិធម៌សង្គម ដូចករណីចាប់ខ្លួននេះ អ្ន​កកាសែតគ្រាន់តែស្វែងរកព័ត៌មានពិត ដើម្បីជំរុញការរកយុត្តិធម៌ឱ្យជនរងគ្រោះដែលបានទិញម៉ូតូ តែពួកគេ​​បែរជាត្រូវចាប់ខ្លួនទៅវិញ។ លោកថា វាមានន័យថា សមត្ថកិច្ចបែរជាចាប់ខ្លួនអ្នកដែលជំរុញឱ្យមានយុត្តិធម៌សង្គ​មទៅវិញ ដែលការណ៍នេះ លោកថា វាជះឥទ្ធិពលមិនល្អទៅថ្ងៃអនាគត ហើយអ្នកសារព័ត៌មានផ្សេងទៀតនឹងលែងហ៊ានជំរុញយុត្តិធម៌សង្គម។

របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ CCIM ស្តីពី «ការប្រឈមរបស់អ្នកសារព័ត៌មានឯករាជ្យប្រចាំឆ្នាំ២០២១» ដែលផ្សព្វផ្សាយកាលពីថ្ងៃទី១០ ខែមីនា បានរកឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កាលពីឆ្នាំមុន កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់ត្រាពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានចំនួន៥១ករណី ឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះចំនួន៩៣នាក់ (មាន៥នាក់ជាស្ដ្រី) ក្នុងនោះ អ្នកសារព័ត៌មានចំនួន៣២នាក់ត្រូវបានចាប់ឃាត់ខ្លួន ហើយ២៤នាក់ប្រឈមបណ្ដឹងផ្លូវច្បាប់ និង១៨នាក់ទៀតអះអាងថាបានទទួលរងការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ