សង្គមស៊ីវិលមួយចំនួនអះអាងថា ករណីជនល្មើសបាញ់សមត្ថកិច្ច២នាក់ស្លាប់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ជាមេរៀនជំរុញឱ្យរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងការកាន់កាប់អាវុធ ដើម្បីទប់ស្កាត់វិនាសកម្មដល់សន្តិសុខសង្គម។
ការអះអាងនេះធ្វើឡើងក្រោយសមត្ថកិច្ច២នាក់បានស្លាប់ និងម្នាក់រងរបួស នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២១ ខែមេសា។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ប្រាប់ VOD នៅថ្ងៃនេះថា កម្ពុជាមានច្បាប់ស្តីពីការគ្រប់គ្រងអាវុធរួចហើយ ប៉ុន្តែទាមទារឱ្យមានការជំរុញនូវការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព ត្រឹមត្រូវ និងតម្លាភាព ដើម្បីចៀសវាងការជួញដូរអាវុធដោយខុសច្បាប់ ខណៈអាវុធទាំងនោះអាចជាមធ្យោបាយបង្កនូវអសន្តិសុខសង្គម ដូចជា ករណីប្លន់ និងហិង្សា ជាដើម។
លោកថា៖ «ប្រជាពលរដ្ឋដែលគាត់មិនមានសិទ្ធិប្រើអាវុធ ប៉ុន្តែគាត់មានអាវុធ។ ហើយអាវុធហ្នឹង គាត់អាចទិញនៅតាមទីផ្សារងងឹតបាន ទិញតាមបណ្ដាញរកស៊ី តាមការលក់អាវុធជាតិផ្ទុះខុសច្បាប់អីហ្នឹង។ អ៊ីចឹងបើសិនជារដ្ឋាភិបាលជំរុញការអនុវត្តច្បាប់ហ្នឹងឱ្យបានត្រឹមត្រូវ យើងអាចកាត់បន្ថយនូវការធ្វើចរាចរណ៍ជួញដូរអាវុធជាតិផ្ទុះហ្នឹងបាន»។
យ៉ាងណា លោកចាត់ទុកករណីដែលសមត្ថកិច្ច២រូបបានបាត់បង់ជីវិតក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ថាជាការធ្វេសប្រហែសរបស់មន្ត្រីផ្ទាល់ និងថ្នាក់លើដែលមិនបានស្វែងយល់ប្រុងប្រយ័ត្នជាមុន ក្នុងករណីជនល្មើសមានអាវុធ ដែលចាំបាច់ដើម្បីធានានូវសុវត្ថិភាពពេលចុះបង្ក្រាប។ លោកថា នេះជាចំណុចនៃការទប់ស្កាត់ និងសិក្សាជាមុននាពេលក្រោយៗទៀត។
មន្ត្រីសង្គមស៊ីវិលរូបនេះថា វិសាលភាពនៃការជួញដូរគ្រឿងញៀននៅកម្ពុជាបច្ចុប្បន្ន មានលក្ខណៈទ្រង់ទ្រាយធំ និងជាប្រព័ន្ធ ដែលទាមទារឱ្យសមត្ថកិច្ចត្រូវការការប្រុងប្រយ័ត្នខ្ពស់ ទទួលបានការបណ្ដុះបណ្ដាលជាប្រព័ន្ធបន្ថែមនូវនីតិវិធី បច្ចេកទេសប្រតិបត្តិការ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់ជីវិតបែបនេះទៀត។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថ្លែងថា ការបាត់បង់សមត្ថកិច្ច២រូបនេះជាសោកនាដកម្ម ខណៈបាត់បង់ជនដែលពលីបំពេញភារកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន។ យ៉ាងណា លោកថា ការបាត់បង់ជីវិតនេះមិនត្រូវរសាយទៅដោយទទេឡើយ ពោលគឺរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធត្រូវតែធ្វើការឱ្យបានសកម្ម ប្រសិទ្ធភាព ពង្រឹងច្បាប់នៃការគ្រប់គ្រងអាវុធ ដើម្បីចៀសវាងអាវុធធ្លាក់ទៅក្នុងដៃជនល្មើស ដែលអាចបង្កវិនាសកម្មដល់ពលរដ្ឋ សមត្ថកិច្ច និងសង្គម។
លោក យង់ គិមអេង ថា៖ «ខ្ញុំថា [គួរតែមាន] ការបណ្ដុះបណ្ដាលពិសេសណាមួយសម្រាប់មន្ត្រីដែលប្រយុទ្ធប្រឆាំងជាមួយនឹងបញ្ហាគ្រឿងញៀន មន្ត្រីបង្ក្រាបគ្រឿងញៀននេះ ដើម្បីឱ្យគាត់មានសមត្ថភាពពិសេសនៅក្នុងការបង្ក្រាបគ្រឿងញៀន។ ជាពិសេស គឺនៅគោលដៅផ្ទាល់ហ្នឹង ឱ្យគាត់កាន់តែមានជំនាញ មានសមត្ថភាពបន្ថែមទៀត អាហ្នឹងគឺកាន់តែល្អ ដើម្បីបង្ការខ្លួនគាត់ ក៏ដូចជាហានិភ័យផ្សេងៗដែលអាចកើតមានចំពោះគាត់»។
ក្រៅពីនោះ លោកថា រដ្ឋាភិបាលគួរតែលើកទឹកចិត្តសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានលះបង់កម្លាំងកាយ ចិត្ត ធ្វើកិច្ចការទាំងនោះ ក៏ដូចជារៀបចំឱ្យមានសម្ភារគ្រប់គ្រាន់សម្រាប់សមត្ថកិច្ចមូលដ្ឋានពេលចុះប្រតិបត្តិការបង្រ្កាបបទល្មើស ដូចជា អាវក្រោះការពារខ្លួន ជាដើម។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការបាត់បង់សមត្ថកិច្ចក្នុងពេលបំពេញការងារជាការសោកស្ដាយមួយ។ លោកស្រីចាត់ទុកថា ព្រឹត្តិការណ៍នេះជាមេរៀនមួយឱ្យសមត្ថកិច្ចមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់លើភារកិច្ចពេលចុះបង្ក្រាប។
យ៉ាងណា លោកស្រីថា សមត្ថកិច្ចត្រូវការកំណត់នូវវិធានក្នុងការប្រើប្រាស់អាវុធ មិនថាតបតឬការពារខ្លួន ប៉ុន្តែក៏ពុំប្រើអាវុធក្នុងករណីមិនចាំបាច់នោះដែរ ពោលគឺសម្រាប់តែអនុវត្តច្បាប់តែប៉ុណ្ណោះ។
លោកស្រីថា ការពង្រឹងសមត្ថភាពសមត្ថកិច្ចទៅតាមលក្ខខណ្ឌ គឺជារឿងចាំបាច់ និងពុំមែនគ្រាន់តែឆ្លើយតបត្រឹមករណីមួយនេះទេ តែជាទៀងទាត់លើករណីបទល្មើសនានា សមត្ថកិច្ចត្រូវតែទទួលបានការបណ្ដុះបណ្ដាលជំនាញ។ ចំណែកជនល្មើសវិញ ដាច់ខាតត្រូវតែទទួលទោសតាមច្បាប់ដោយតម្លាភាព ចៀសវាងការប្រកាន់បក្ខពួក។
លោកស្រីថា៖ «អាវុធនេះទៀតសោត មិនមែនតែកាន់កាប់ [ប្រើខុសច្បាប់] ដោយជនស៊ីវិលទេ កន្លងមកក៏មានករណីខ្លះ ដែលមានមន្ត្រី សមត្ថកិច្ច ដែលខ្លួនមានអាវុធហ្នឹង ក៏បានប្រើប្រាស់ខុសពីតួនាទី ខុសពីវិជ្ជាជីវៈខ្លួនដែរ។ អ៊ីចឹងកន្លែងនេះក៏ត្រូវពង្រឹងយន្តការស្នូលរបស់មន្ត្រីមានសមត្ថកិច្ចដែលមានអាវុធហ្នឹង ធ្វើយ៉ាងម៉េចឱ្យគាត់ប្រើប្រាស់អាវុធហ្នឹងក្នុងគោលដៅបេសកកម្មការងារ មិនមែនប្រើក្នុងគោលដៅគំរាមកំហែងពលរដ្ឋនោះទេ»។
វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអគ្គស្នងការរងនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ នៅថ្ងៃសុក្រនេះ។
ស្នងការខេត្តកណ្ដាល លោក ឈឿន សុចិត្ត ប្រាប់ វីអូឌី នៅថ្ងៃទី២២ ខែមេសានេះថា អាជ្ញាធរខេត្តនឹងពង្រឹងកិច្ចការជំនាញបន្ថែម ក្រោយករណីសមត្ថកិច្ចបាត់បង់ជីវិត២នាក់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ។ យ៉ាងណា លោកថា សមត្ថកិច្ចបង្ក្រាបបានជនល្មើស២នាក់ ក្នុងនោះម្នាក់ស្លាប់។
លោកថា៖ «[ជនល្មើស] ស្លាប់ម្នាក់ ចាប់បានម្នាក់ទៀត រស់។ [អាវុធជនល្មើសមានប្រភពពីណា?] រឿងហ្នឹងយើងកំពុងស្រាវជ្រាវ! [អាជ្ញាធរនឹងធ្វើយ៉ាងណាបន្ត ក្រោយករណីសមត្ថកិច្ចបាត់បង់ជីវិត?] យើងនឹងពង្រឹងកិច្ចការជំនាញយើងបន្ថែម»។
ប្រធានផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួល ខេត្តកណ្តាល លោកវរសេនីយទោ ស្វាយ ផល្លា មានប្រសាសន៍ថា ក្រៅពីជនល្មើសស្លាប់ម្នាក់ និងរស់ម្នាក់ នៅមានបក្ខពួករបស់ពួកគេចំនួន៥នាក់ទៀតបានរត់គេចខ្លួន ហើយអាជ្ញាធរកំពុងតាមចាប់។ យ៉ាងណា លោកថា ហេតុការណ៍បាញ់តដៃគ្នារហូតបាត់បង់ជីវិតសមត្ថកិច្ចនេះបានកើតឡើង ខណៈសមត្ថកិច្ចស្មានខុសថាជនល្មើសគ្មានអាវុធនៅក្នុងដៃនៅពេលចុះបង្ក្រាប។
លោកថា៖ «គេចខ្លួន៥នាក់ទៀត ខ្ញុំកំពុងតាម [ស្រាវជ្រាវតាមចាប់]។ [តើអាជ្ញាធរជួបបញ្ហាអីអំឡុងពេលប្រតិបត្តិការ ទើបឈានដល់បាត់បង់ជីវិត?] យើងសន្និដ្ឋានថាវាអត់មានអាវុធ អត់មានអី [តែ] វាតបាញ់ជាមួយសមត្ថកិច្ចយើង។ [ជនល្មើស]មានអាវុធ មានដាវអីគ្រប់យ៉ាង»។
អធិការនគរបាលស្រុកអង្គស្នួល លោក មាន សំណាង ប្រាប់វីអូឌីកាលពីម្សិលមិញថា មន្ត្រីនគរបាលទាំង២រូបដែលបានស្លាប់នោះ រួមមាន នាយប៉ុស្តិ៍ឃុំទួលព្រេច លោក ជុច សុភា និងមន្ត្រីនគរបាលផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល លោក រឹម សុផាន់ណា ខណៈមន្ត្រីនគរប៉ុស្តិ៍ឃុំទួលព្រេចម្នាក់ទៀត លោក វ៉ន រុទ្ធី បានរងរបួសស្រាល ដោយសារក្រុមជនល្មើសដែលប្រើប្រាស់និងជួញដូរគ្រឿងញៀនបានបាញ់តដៃ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃព្រហស្បតិ៍ ស្ថិតក្នុងឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។
អធិការនគរបាលរូបនេះបន្តថា ជនសង្ស័យនិងជាឃាតករត្រូវសមត្ថកិច្ចចាប់ខ្លួនបាន២នាក់់។ លោកថា ជនសង្ស័យទាំង២នាក់នោះជាមុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿងញៀន ដោយមានដីកាឱ្យចាប់ខ្លួនពីតុលាការផងដែរ៕