លោក ហ៊ុន សែន ចេញ​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្ដីពី​បញ្ហា​ទឹក​តំបន់​អាស៊ីប៉ាស៊ីហ្វិក

ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅប្រទេសជប៉ុននៅព្រឹកមិញនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះមួយនៅក្នុងកិច្ចប្រជុំកំពូលនេះ ដោយផ្ដោតលើសារៈសំខាន់នៃទឹកនិងបញ្ហានានាពាក់ព័ន្ធនឹងទឹក និងតម្រូវការចាំបាច់ក្នុងការធ្វើការជាមួយគ្នា ដើម្បីគ្រប់គ្រងធនធានដ៏ចាំបាច់នេះប្រកបដោយចីរភាព។

កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ធ្វើឡើងក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ»

ក្រៅពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នឹងជួបនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វីមីអូ ដើម្បីធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជារំពឹងដែរថា នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ និងមានជំនួបជាមួយឥស្សរជននយោបាយនិងធុរជនជប៉ុនមួយចំនួនផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើលមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឱ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាបន្ននិងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជំងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ