ថៃ​នឹង​បើក​ឱ្យ​អ្នកទេសចរ​វ៉ាក់សាំង​ចូល​ប្រទេស​ដោយ​មិន​ចាំបាច់​ធ្វើ​តេស្ត​ចាប់ពី​ខែឧសភា

ច្រកព្រំដែនកម្ពុជា-ថៃ ចាំយាម ថតពីក្នុងទឹកដីថៃ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ (ហង់ សុខហុង)

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ (CCSA) របស់ប្រទេសថៃ នៅថ្ងៃសុក្រនេះ បានសម្រេចឱ្យអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ ចូលប្រទេសរបស់ខ្លួនដោយមិនចាំបាច់ឆ្លងកាត់ការត្រួតពិនិត្យ ឬធ្វើតេស្តរកវីរុសកូវីដ។ នេះបើតាមការចុះផ្សាយដោយកាសែត​ថៃ ឌឺណេសិន (The Nation)។

សេចក្ដីសម្រេចនេះត្រូវបានអនុម័តតាមរយៈសំណើដែលដាក់ចេញដោយគណៈកម្មាធិការសិក្សាក្រសួងសុខភាពសាធារណៈ និងក្រុមការងារត្រួតពិនិត្យជំងឺរាតត្បាត នៅក្នុងកិច្ចប្រជុំមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ (CCSA) ដឹកនាំដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ខណៈសេចក្តីសម្រេចនេះនឹងចូលជាធរមានចាប់ថ្ងៃទី១ ខែឧសភា ខាងមុខនេះតទៅ។

តែទោះជាយ៉ាងណា សម្រាប់អ្នកដំណើរដែលមិនទាន់បានចាក់វ៉ាក់សាំងសោះ ឬបានចាក់វ៉ាក់សាំងតែមួយដូស នឹងត្រូវតម្រូវឱ្យធ្វើតេស្ត RT-PCR នៅពេលមកដល់ និងនៅថ្ងៃទីបួន ឬទីប្រាំនៃការស្នាក់នៅក្នុងប្រទេស។ ជាមួយគ្នានេះ ពួកគេក៏នឹងត្រូវតម្រូវឱ្យស្នាក់នៅដាច់ដោយឡែករយៈពេល១០ថ្ងៃផងដែរ។

គួរបញ្ជាក់ថា ស្ថិតក្នុងលក្ខខណ្ឌនាពេលបច្ចុប្បន្ននេះ រាល់អ្នកទេសចរបរទេស និងជនជាតិថៃដែលវិលត្រលប់មកពីក្រៅប្រទេសវិញ គឺតម្រូវឱ្យឆ្លងកាត់ការធ្វើតេស្ត RT-PCR បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងពេញលេញក្ដី។

វិធានការនេះបានបង្កជាផលប៉ះពាល់ដល់វិស័យទេសចរណ៍ ខណៈអ្នកដែលពាក់ព័ន្ធក្នុងវិស័យនេះកាលពីពេលកន្លងទៅ ក៏ធ្លាប់បានអំពាវនាវម្តងហើយម្តងទៀតឱ្យរដ្ឋាភិបាលលុបចោលតម្រូវការនេះផងដែរ ដើម្បីជំរុញដល់វិស័យទេសចរណ៍ក្នុងប្រទេស។

គិតរហូតមកដល់ពេលនេះ ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសសរុបចំនួនជាង៤លានករណី និងស្លាប់ជាង២ម៉ឺននាក់ គិតចាប់តាំងពីជំងឺរាតត្បាតនេះបានចាប់ផ្តើមផ្ទុះឡើងនៅក្នុងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ