សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​ផលប៉ះពាល់ មុនស្ដារ​ផ្លូវទឹក​ពី​ទន្លេបាសាក់​ទៅ​សមុទ្រ​ចាប់ផ្ដើម

ដំណើរការសាងសង់កំពង់ផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាពីការស្ដារផ្លូវទឹកពីព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ទៅកាន់ខេត្តកែប ដើម្បីតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីសមុទ្រ ខណៈមន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋជាមុននិងសមរម្យ។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត បានថ្លែងថា ប្រជាពលរដ្ឋ សង្គមស៊ីវិលជាតិ និងអន្តរជាតិ មិនដែលជំទាស់ឡើយចំពោះគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ លោកបានចាត់ទុកគម្រោងនេះថា ជារបត់ថ្មីមួយនៃការអភិវឌ្ឍលើវិស័យដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា។ ក៏ប៉ុន្តែអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្សរូបនេះចង់ឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាប៉ះពាល់របស់ប្រជាពលរដ្ឋជាមុនសិន មុនគម្រោងនេះចាប់ផ្ដើម។

លោកថា៖ «អ៊ីចឹងបទពិសោធន៍កន្លងមកនេះ ឱ្យតែមានការអភិវឌ្ឍ ប្រជាពលរដ្ឋលោកសប្បាយចិត្ត ថាដីរបស់គាត់នឹងបានឡើងថ្លៃ ហើយគាត់នឹងបានផលប្រយោជន៍ពីការអភិវឌ្ឍហ្នឹង ប៉ុន្តែក្នុងកាលៈទេសៈបច្ចុប្បន្ននេះ គឺថាពួកគាត់មានការភ័យព្រួយទៅវិញ ដោយសារតែគាត់មានបទពិសោធន៍ ដូចគាត់មានមេរៀនហើយ ដូចករណីនៅព្រលានយន្តហោះនៅខេត្តកណ្ដាលអ៊ីចឹង ឬនៅតំបន់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុហ្នឹង គឺសុទ្ធតែប៉ះពាល់លើប្រជាពលរដ្ឋដែលគាត់សាងសង់ផ្ទះអស់បួនដប់ម៉ឺន ឬម្ភៃម៉ឺនដុល្លារអីអ៊ីចឹងទៅ តែដល់បានសំណងវិញ តែបីម៉ឺនដុល្លារអ៊ីចឹងទៅ ឃើញថាខុសឆ្ងាយគ្នាមែនទែន»។

គម្រោងនៃការស្ដារផ្លូវទឹកពីព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ឆ្ពោះទៅកាន់ខេត្តកែប កាត់តាមខេត្តតាកែវ និងកំពតនេះ មានប្រវែងសរុប១៦៨គីឡូម៉ែត្រ ហើយក្នុងនោះ ១១៥គីឡូម៉ែត្រ គឺជាផ្លូវទឹកស្រាប់។ គម្រោងនេះកាន់តែលេចចេញជារូបរាងច្បាស់ឡើង បន្ទាប់ពីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាជាមួយ​គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តំណាងឱ្យក្រុមហ៊ុន CCCC Transportation Consultants Co., Ltd តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២២ ខែមេសា។

យ៉ាងណាក្ដី កាលពីថ្ងៃទី២៥ ខែមេសា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងនេះកំពុងធ្វើការសិក្សានិងពិនិត្យមើលលទ្ធភាព ថាធ្វើបានឬមិនបាន

លោកបញ្ជាក់បន្ថែមថា ការរៀបចំផែនការស្ដារផ្លូវទឹកនិងការសាងសង់ផែរណបបន្ថែមនេះ គឺជាទិសដៅមួយដែលមានសារៈសំខាន់ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលានិងចម្ងាយដឹកជញ្ជូន ចំណេញថវិកាក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកកាន់តែច្រើនផងដែរ។

អគ្គនាយកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ម៉ក់ ស៊ីដេត នៅមិនទាន់ជម្រាបបាននៅឡើយទេ ថាតើគម្រោងនេះនឹងចាប់ផ្ដើមអនុវត្តនៅពេលណានោះ។ ដោយឡែក ទាក់ទងនឹងបញ្ហាសំណងលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ ក៏កំពុងស្ថិតនៅក្នុងការសិក្សាផងដែរ។

លោកថា៖ «ឥលូវនេះ យើងអត់ទាន់ទេ យើងកំពុងពិភាក្សាជាមួយក្រុមហ៊ុន ពេលនេះយើងកំពុងធ្វើការសិក្សាសិន ហើយចប់ការសិក្សា បានយើងដឹងពីតម្លៃពីអី ហើយបានយើងធ្វើ […] វាមានតិចតួច [ផលប៉ះពាល់] វាមានតិចតួច វាប៉ះៗហើយ ហ្នឹងសម្រាប់ដី [ដងព្រែក]។ គេនឹងសិក្សា ទាល់តែគេសិក្សារួចបានដឹងថាប៉ះពាល់ប៉ុន្មានៗគ្រួសារ ហើយគេផ្ដល់សំណងតាមរបៀបគោលការណ៍យ៉ាងម៉េច»។

នេះគឺជាគម្រោងដ៍ធំមួយរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការតភ្ជាប់បណ្ដាញដឹកជញ្ជូនផ្លូវទឹកពីសមុទ្រមកកាន់រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ