អាជ្ញាធរ​កម្ពុជា-ថៃ​ឯកភាពគ្នា​បើក​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ដើម​ខែ​ក្រោយ

ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចចុះពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI)

អាជ្ញាធរកម្ពុជា-ថៃ បានលាងសម្អាតផ្លូវថ្នល់នៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២៩ ខែមេសានេះ ដើម្បីត្រៀមបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១ ខែឧសភា ខាងមុខនេះ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានប្រាប់វីអូឌីនៅថ្ងៃនេះថា ជាបឋមនេះ អាជ្ញាធរថៃនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរឆ្លងដែនចូលទៅប្រទេសថៃបាន សម្រាប់តែអ្នកដែលមានលិខិតឆ្លងដែន (Passport) និងបណ្ណឆ្លងដែន (Border Pass) ដែលមានបណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវតែប៉ុណ្ណោះ។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំរវាងអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមេសា។

ច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានបិទដំណើរការអស់រយៈពេលជាង២ឆ្នាំ ដោយទុកតែការចរាចរទំនិញចេញ-ចូលរវាងថៃនិងកម្ពុជាតែប៉ុណ្ណោះ បន្ទាប់ពីការរាតត្បាតជំងឺកូវីដ-១៩។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ (CCSA) របស់ប្រទេសថៃ នៅថ្ងៃសុក្រសប្ដាហ៍មុន បានសម្រេចអនុញ្ញាតឱ្យអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញចូលប្រទេសរបស់ខ្លួនឡើងវិញ ដោយមិនចាំបាច់ឆ្លងកាត់ការធ្វើតេស្តរកវីរុសកូវីដ-១៩ឡើយ។

សេចក្ដីសម្រេចនេះត្រូវបានអនុម័តតាមរយៈសំណើដែលដាក់ចេញដោយគណៈកម្មាធិការសិក្សារបស់ក្រសួងសុខភាពសាធារណៈ និងក្រុមការងារត្រួតពិនិត្យជំងឺរាតត្បាត នៅក្នុងកិច្ចប្រជុំមួយរបស់មជ្ឈមណ្ឌល CCSA ដឹកនាំដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ខណៈការអនុវត្តថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែឧសភា ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ