អ្នកឃ្លាំមើល​ចាត់ទុក​ឥទ្ធិពល​នយោបាយ​ជាដើមចម​យាយី​សេរីភាព​សារព័ត៌មាន​ឯករាជ្យ

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

​ក្រុម​អង្គ​ការ​សង្គ​មស៊ីវិ​លមួយចំនួនមើល​ឃើញថា​ ឥ​ទ្ធិពលនយោបា​យ​​ជាប​​ញ្ហា​ចម្បង​ដែល​​គំ​រាម​កំហែង​ដ​ល់​​សេរីភាព​​​​​​​​​​សា​​​​​រព័​ត៌មាន​ឯករាជ្យ និង​បង្ក​ផល​ប៉ះពា​ល់ដល់​ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការជំរុ​ញការ​អភិ​វឌ្ឍ​តាម​​បែបប្រជាធិបតេយ្យ។

កា​​​របង្ហាញទស្សនៈនេះ ស្របពេលដែល «ទិវាសេរីភាពសារព័ត៌មានពិភពលោក» នឹងចូលមកដល់នៅ​​សប្ដាហ៍ក្រោយ​នេះ ហើយ​ស្របពេល​ដែល​​ក្រុម​អង្គ​ការសង្គមស៊ី​វិលចំនួ​ន២៦ស្ថា​ប័ន កំពុង​ធ្វើយុទ្ធ​នាការរយៈពេល​មួយ​សប្ដាហ៍នៅ​​លើ​​បណ្ដាញ​សង្គម ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» ដើម្បីបង្ហាញពីបញ្ហាប្រ​​​ឈមរប​ស់​អ្នកសារព័ត៌មាន និងជំរុញឱ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន។ យុទ្ធនាការ​នេះធ្វើឡើងពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ។

នាយកប្រតិបត្តិសម្ព័ន្ធសារ​​​ព័ត៌មានក​ម្ពុជា ​លោក ណុប វី ដែលបានចូលរួមធ្វើយុទ្ធនាការនេះដែរ បានលើកឡើង​ថា ស្របពេលបច្ចេកវិទ្យាទំនើប និង​មាន​ព័ត៌មានក្លែងក្លាយកើតឡើងច្រើន​ អ្នក​សារ​ព័ត៌​មាន​ឯករាជ្យបាន​ដើរ​តួនាទី​សំខាន់​ក្នុងការច្រោះយកព័ត៌មានពិត ផ្ដល់​ជូន​ទៅ​ប្រជា​ពលរដ្ឋ និង​ជំរុញឱ្យមានដំណោះស្រាយស​ង្គម។

ប៉ុន្តែ​លោក​ថា ការប្រើប្រាស់ច្បា​ប់ក្រ​​ម​ព្រហ្មទណ្ឌដើម្បីចាប់ខ្លួនអ្នកសារព័ត៌មាន​ដាក់ពន្ធ​នា​​គារ ដោយមិនប្រើច្បាប់​ស្ដីពី​របប​សារព័​ត៌មាន ​នៅតែបន្តកើតឡើង​ ខណៈ​​វិធាន​ការ​ដ​​ក​អាជ្ញា​បណ្ណ និងប​ង្ខំ​ឱ្យ​លុបរូបភាពនៅកន្លែងតវ៉ាពីសំណាក់អាជ្ញាធរ​​​ជាដើមនោះ​ បាន​​បង្កផល​ប៉ះពាល់ដ​ល់ការងារអ្នក​សារព័ត៌មា​នផងដែរ​​។

លោ​កបន្តថា ភាពចម្រូង​ចម្រាស​នេះកើតចេញពី​ឥទ្ធិពលនយោបាយ រួមទាំងកម្រិតយល់ដឹងទៅលើការប្រើប្រាស់ច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងអំពីសិទ្ធិអ្នកសារព័ត៌មាន។

លោ​​កថា៖ «​ពីព្រោះបើ​ថ្នាក់ដឹ​កនាំ​លោ​កមា​នឆន្ទៈ​ លោក​ចង់​ឃើញនូវ​ការ​រីកច​ម្រើ​នផ្នែកប្រ​ជាធិបតេយ្យ​មួយ ​ចង់​​ឃើញ​​ប្រជា​ពល​រដ្ឋ​ដែលគា​ត់ស​ម្រេច​ចិ​ត្តប្រក​បដោ​យគុ​ណភាព​ គាត់​​មាន​​ព័ត៌​មាន​ពិតប្រាកដ ​ព័ត៌​មា​​ន​ដែល​​អាច​ទុ​កចិ​ត្ត​បាននៅ​ក្នុងដៃ ​គា​​ត់​ចូលរួ​មនៅ​ក្នុងដំណើ​រការ​ផ្សេងៗរប​ស់ជាតិ ​ខ្ញុំគិ​តថា​ អ្វី​ដែល​រដ្ឋា​ភិបាលលោកគួ​រធ្វើហ្នឹង ​គឺកា​រធា​នាអំ​ពីសេ​រីភា​ពរ​បស់​សា​រព័​ត៌មាន​ហ្នឹ​ងហើ​យ​»។​

លោ​កមើ​លឃើញ​ថា​ បើ​សេរី​ភាព​សារ​​ព័​​ត៌មា​នត្រូ​វបានរឹតត្បិ​ត នឹ​ង​​រាំង​​ស្ទះ​ទៅដល់កា​រទទួលបា​នព័​ត៌​មានពិត​​រ​បស់ប្រជាពលរដ្ឋ និងរា​រាំងដ​ល់​ការចូលរួមគ្រប់យន្តការផ្សេងៗនៅ​ក្នុងសង្គមប្រជាធិបតេយ្យ ដែ​លការណ៍នេះ ​លោកថា រដ្ឋាភិបាលត្រូវធានាអំពីសន្តិសុខសុវត្ថិភាពអ្នកសារព័​ត៌មាន រួមទាំងជំរុញការអនុម័ត​ច្បាប់ដែល​​មាន​គុណ​ប្រយោ​ជន៍​​សម្រាប់វិ​ស័យ​សា​រព័ត៌​មាន។​ 

ក្នុង​​យុទ្ធនាការនេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា (CCHR) បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ចុះ​​ថ្ងៃទី២​៧ ខែ​មេ​សា ​បាន​ក​​ត់​សម្គាល់​​ថា សេរីភាពសា​រព័​ត៌មា​នក​ម្ពុជាបា​នរង​ការរំលោភបំពានធ្ងន់ធ្ងរក្នុងរ​យៈពេល​ប៉ុន្មាន​ឆ្នាំចុ​ងក្រោយនេះ។

​CCHR សម្អាងទៀតថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានរងកា​រដៅជាមុខសញ្ញា ហើយជារឿ​យៗតែងតែរងការ​បំភិតបំភ័យ ឃ្លាំមើល គំរាម និងយាយីតាមប្រព័ន្ធតុលាការ ចំពោះការបំពេញការងារស្របច្បាប់របស់ខ្លួន។

អ្នកសម្របសម្រួលគម្រោងលើកកម្ពស់ និងការពារសេរីភាពខាងការបញ្ចេញមតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក ហួន ផន ឱ្យដឹង​បន្ថែម​ថា ព័ត៌មាន​ឯក​រាជ្យ​បានដើរតួនាទី​សំខាន់ក្នុង​ការ​ផ្ដល់ព័ត៌​មានពិត​ក្នុង​សង្គម។ ប៉ុន្តែ​លោកថា​ នៅពេល​ដែល​សារ​ព័ត៌​មាន​ឯករាជ្យ​ជួប​ការ​លំបាកក្នុងការបំពេញការ​ងា​រ​របស់​​ខ្លួន​ ព័ត៌​មា​​នក្លែងក្លាយ​នឹងកើតឡើងច្រើន ហើយពេលនោះ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ខ្វះ​ព័ត៌មាន​ជាក់​លាក់ ដូច​ជា ​ប​ញ្ហា​អ​យុត្តិធម៌សង្គម អំពើពុករលួយ រួមទាំងបញ្ហាមួយចំនួនទៀត​។

ដើម្បីជំរុញការលើកកម្ពស់សេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិ ក៏ដូចជាសិទ្ធិ​ទទួល​បានព័ត៌មាន​ឱ្យបានពេញលេញ លោកថា រដ្ឋាភិបាលគួរបញ្ជ្រាប​ចំណេះ​ដឹង​ទាំង​នេះ​ទៅ​ក្នុង​វិស័យ​អប់រំ។

លោកថា៖ «ឆន្ទៈនយោបាយ​គឺជារឿងសំខាន់បំផុតហើយ ក្នុងការរុញច្រាន​បញ្ហាទាំងអស់ហ្នឹងឱ្យដោះស្រាយ​បាន»។

យ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មាន ​លោក ផុស សុវណ្ណ មើលឃើញផ្ទុយពីនេះ ដោយ​ថា នៅក្នុងសង្គមមួយ គេមិនគួរគិត​ថាសម្រាប់អ្នកសារព័ត៌មាន ត្រូវតែយក​ច្បាប់ស្ដីពីរបបសារព័ត៌មានមកអនុវត្តគ្រប់ពេលនោះទេ។ លោកថា ក្នុងករណីដែលបុគ្គលជាអ្នកសារ​ព័ត៌មាន​នោះទៅប្រព្រឹត្តបទល្មើសផ្សេង​ពី​ការ​សរ​សេរអត្ថ​បទ គួរ​តែមាន​វិធាន​ការ​ច្បាប់។

យ៉ាងណា លោកទទួលស្គាល់ថា ឥទ្ធិពលនយោបាយអាចជាប់ពាក់ព័ន្ធតិចតួចទៅលើបញ្ហានេះ។

លោកថា៖ «សូម្បីតែពាក្យថាសេដ្ឋកិច្ចនយោបាយ និងនយោបាយសេដ្ឋកិច្ចហ្នឹង ក៏វាមានតាំងពីណាពីណីមកដែរ វាមិនអាចកាត់ផ្ដាច់គ្នាបានទេ កន្លែងខ្លះវាបម្រើគោលនយោបាយគោលអីខ្លះអ៊ីចឹងហើយ ខ្ញុំគិតថា វាមិន​មែនកាត់ផ្ដាច់ភឹងថា​មិនពាក់ព័ន្ធទេ ច្បាស់ជាមានពាក់ព័ន្ធខ្លះហើយ»។

ដាច់​ដោយឡែកពីនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានច្រានចោល​នូវ​ការ​លើកឡើង​របស់ក្រុមអង្គការសង្គមស៊ីវិលនេះ។

លោកថា៖ «រាល់ថ្ងៃ អ្នកសារព័ត៌មានសំខាន់ៗផ្សាយរាល់ថ្ងៃ វាអត់ដែលមានបញ្ហាអីទេ វាច្រើនតែបងប្អូនលេងហ្វេសប៊ុកអត់ចេះពិចារណា ចេះតែប៉ាតណាប៉ាតណី វាមានបញ្ហាប៉ះពាល់ទៅដល់សិទ្ធិសេរីភាពដល់អ្នកដទៃ ឬមួយវាប៉ះពាល់ដល់សន្តិសុខជាតិ អាហ្នឹងវាមានតែបញ្ហាប៉ុណ្ណឹងទេ»។

របាយការណ៍​របស់​ក្រសួង​ព័ត៌មាន ​ឱ្យ​ដឹង​ថា ​ត្រឹម​ឆ្នាំ២០២០ កម្ពុជា​មាន​វិទ្យុនិង​ទូរទស្សន៍​ចំនួន៤៦៨ ស្ថានីយកាសែតនិង​ទស្សនាវដ្ដីចំនួន៦៤៦ អង្គភាព គេហទំព័រ និង​ទូរទស្សន៍​អនឡាញ​៦៦៩ អង្គភាពនិង​ស​មាគម​សារព័ត៌មាន​ចំនួន៥១​។ 

យ៉ាងណា បើយោងតាមរបាយការណ៍រួមគ្នាមួយរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញផ្សាយអំឡុងខែមីនា ឆ្នាំ២០២២នេះ រកឃើញថា ស្ថានភាព​សេរីភាព​សារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០។ របាយ​ការណ៍បានកត់​ត្រាពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានចំនួន​៥១ករណី ឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះចំនួន​៩៣នាក់ ដោយក្នុងនោះ អ្នកសារព័ត៌មានចំនួន៣២នាក់​ត្រូវបានចាប់ឃាត់ខ្លួន ហើយ​២៤​នាក់ប្រឈម​បណ្ដឹង​ផ្លូវ​ច្បាប់ និង​១៨​នាក់​ទៀតអះអាងថាទទួលរងការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញ។

បើតាមការសិក្សាស្រាវជ្រាវនេះ អ្នកជំនាញផ្នែកព័ត៌មាន និងអ្នកពាក់ព័ន្ធ មិនរំពឹងថា ស្ថានភាពសារព័ត៌​មាន​នៅ​ឆ្នាំ​២០២២ អាចនឹងល្អឡើងវិញនោះទេ ដោយសារការបន្ដរឹតត្បិតផ្នែកនយោបាយ និងបទដ្ឋានច្បាប់ផ្សេងៗ ដែលផ្ដល់អំណាចកាន់តែច្រើនដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ