មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានកត់សម្គាល់ថា សេរីភាពសារព័ត៌មានកម្ពុជាបានរងការរំលោភបំពានធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលធ្វើឡើងក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភា ខាងមុខនោះ បានអះអាងថា នៅកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានរងការដៅជាមុខសញ្ញា។ អ្នកសារព័ត៌មានដែលធ្វើការនៅកម្ពុជាតែងតែរងការបំភិតបំភ័យ ឃ្លាំមើល គំរាម និងយាយីតាមប្រព័ន្ធតុលាការ ចំពោះការបំពេញការងារស្របច្បាប់របស់ខ្លួន។
ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់ត្រាទុកថា មានអ្នកសារព័ត៌មានយ៉ាងហោចណាស់ចំនួន៩នាក់បានប្រឈមនឹងការយាយីតាមប្រព័ន្ធតុលាការ រួមមាន ការគំរាមកំហែង និងការកោះហៅពីតុលាការ រហូតដល់ការចាប់ខ្លួនតាមអំពើចិត្ត និងការផ្ដន្ទាទោសដោយហេតុផលនយោបាយ។
លើសពីនេះ អាជ្ញាបណ្ណសារព័ត៌មានចំនួន៧ ត្រូវបានដកហូតដោយក្រសួងព័ត៌មាន។ ជាងនេះទៀត អ្នកសារព័ត៌មានបានប្រឈមនឹងឧបសគ្គផ្សេងៗក្នុងការទទួលព័ត៌មានដែលកាន់កាប់ដោយអាជ្ញាធរកម្ពុជា។ បន្ថែមពីលើនេះ យុត្តិធម៌ក៏ពុំទាន់ត្រូវបានផ្ដល់ឱ្យអ្នកសារព័ត៌មានភាគច្រើន ដែលត្រូវបានគេសម្លាប់នៅកម្ពុជានាទសវត្សរ៍ចុងក្រោយនេះផងដែរ។
សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្វើឡើងដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភា ក្រោមប្រធានបទ«សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»។
ទិវានេះ គឺជាឱកាសមួយក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន ដែលជាធាតុគន្លឹះនៃសិទ្ធិមូលដ្ឋានចំពោះសេរីភាពខាងការបញ្ចេញមតិ ជំរុញឱ្យមានការពិភាក្សាស្ដីពីស្ថានភាពសេរីភាពសារព័ត៌មានជុំវិញពិភពលោក។ បន្ថែមពីនេះ ពន្យល់ពីសារៈសំខាន់អំពីសេរីភាពសារព័ត៌មាន ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងរម្លឹករដ្ឋាភិបាលពីកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារនិងលើកកម្ពស់សេរីភាពមួយនេះ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ចាត់ទុកការលើកឡើងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថា ជាសេចក្ដីថ្លែងការណ៍ដដែលៗ មិនខុសអ្វីពីឆ្នាំកន្លងទៅ។ លោកបន្តថា នេះមិនមែនជារឿងចម្លែកទេ ដោយសូម្បីតែអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ក៏មិនដែលពិនិត្យមើលរបាយការណ៍របស់រដ្ឋាភិបាលឡើយ ហើយបន្តសួរសំណួរដដែលៗពាក់ព័ន្ធសេរីភាពមូលដ្ឋាននៅកម្ពុជា។
យ៉ាងណា មន្ត្រីរដ្ឋាភិបាលរូបនេះថា សង្គមកម្ពុជាមើលឃើញសេរីភាពសារព័ត៌មានក្នុងទម្រង់២ខុសគ្នា ក្រោយតុលាការរំលាយគណបក្សសង្គ្រោះជាតិ។
លោក ផុស សុវណ្ណ ថា៖ «អ្នកកាន់ជើងម្ខាង គាត់យល់ឃើញថាអាហ្នឹងវាមានសេរីភាពទៅ ដល់ពេលអ្នកនៅម្ខាងទៀតគាត់យល់ឃើញថាអត់សេរីភាពអ៊ីចឹងទៅ។ នេះជាការយល់ឃើញនៅក្នុងសង្គមប្រជាធិបតេយ្យរបស់យើងហើយ។ អ៊ីចឹងខ្ញុំគិតថា នេះជាលទ្ធិប្រជាធិបតេយ្យពេញលេញនៅកម្ពុជាហើយ នូវការយល់ឃើញបែបនេះ»។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានខេមបូចា (CamboJa) លោក ណុប វី មានប្រសាសន៍ថា សកម្មភាពរឹតត្បិតលើអ្នកសារព័ត៌មាននៅតែបន្តកើតមាន ដូចជា អាជ្ញាធរដកអាជ្ញាបណ្ណ និងតែងតែតាមឃ្លាំមើលអ្នកសារព័ត៌មានឯករាជ្យ ពេលចុះបំពេញការងារនិងរាយការណ៍ពីភាពអសកម្មរបស់រដ្ឋាភិបាល ជាដើម។
លោកលើកឡើងថា៖ «ចាប់តាំងពីឆ្នាំ២០១៧មកពេលដល់បច្ចុប្បន្ន យើងហាក់ដូចជាមិនទាន់ឃើញថាមានចំណុចណាដែលបង្ហាញថា ស្ថានភាពនៅក្នុងវិស័យសារព័ត៌មានយើងបានល្អប្រសើរឡើងវិញនៅឡើយទេ។ វាលើកលែងតែចំនួនសារព័ត៌មានដែលចុះបញ្ជីចុះអីហ្នឹង។ ក៏ប៉ុន្តែការចុះបញ្ជីនេះ វាមិនឆ្លុះបញ្ចាំងអំពីរឿងការរីកចម្រើននៃវិស័យសារព័ត៌មាន ឬក៏សេរីភាពសារព័ត៌មានទេ បើសិនជាសុវត្ថិភាពឬមួយសន្តិសុខរបស់អ្នកសារព័ត៌មានមិនត្រូវាបានធានា ហើយអ្នកសារព័ត៌មានហ្នឹងមិនមានសេរីភាពពេញលេញនៅក្នុងការសរសេរព័ត៌មានផ្សេងៗហ្នឹង»។
នៅក្នុងអំឡុងពេលនេះ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសានេះ CCHR នឹងធ្វើសកម្មភាព រួមទាំងកម្មវិធីផ្សេងៗ ដូចជា ការចេញផ្សាយខិតបណ្ណព័ត៌មាន ស្ដីពីករណីអ្នកសារព័ត៌មានពីររូបដែលត្រូវបានយាយីដោយប្រព័ន្ធតុលាការ ចំពោះការងាររាយការណ៍ព័ត៌មានរបស់ខ្លួន។ សកម្មភាពនោះប្រភពដដែលអះអាងថា ដើម្បីបង្ហាញពីបញ្ហាប្រឈមដែលអ្នកសារព័ត៌មានជួបប្រទះនៅកម្ពុជា ហើយចាប់ពីថ្ងៃទី៣០ ខែមេសា និងថ្ងៃបន្តបន្ទាប់ទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងធ្វើសកម្មភាពផ្សេងៗទៀត ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២៕