កូដករ​ណា​ហ្គាវើលដ៍​នៅ​តែ​រង​ហិង្សា​​ក្នុង​ពេល​ព្យាយាម​តវ៉ា​​​ក្បែរ​ក្រុម​ហ៊ុន

សមត្ថកិច្ចរាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍មិនឱ្យប្រមូលផ្ដុំតវ៉ានៅក្បែរក្រុមហ៊ុន ក្នុងខណ្ឌចំការមន ដោយបានចាប់សែងពួកគេដឹកក្នុងរថយន្តក្រុង ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សហជីពក្នុងក្រុមហ៊ុនល្បែងនាកណ្តាលក្រុងភ្នំពេញបានលើកឡើងថា ​បុគ្គលិកណាហ្គាវើលដ៍នៅតែរងអំពើហិង្សា និងការគំរាមកំហែងពីសំណាក់កងកម្លាំងអាជ្ញាធរក្រុង ក្នុងពេលពួកគេព្យាយាមតវ៉ាក្បែរក្រុមហ៊ុនដើម្បីស្វែងរកដំណោះស្រាយការងារ។

សេចក្ដីថ្លែងការណ៍របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ​នៃក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមកូដករប្រមាណ ១០៤នាក់បានបន្តធ្វើកូដកម្ម ដែលភាគច្រើនសុទ្ធតែជាស្ត្រី ត្រូវបានកងកម្លាំងអាជ្ញាធររាជធានីភ្នំពេញរារាំងមិនឱ្យ​​ធ្វើកូដកម្មនៅខាងមុខឬក្បែរ​ក្រុមហ៊ុនណាហ្គាឡើយ ដោយបន្តប្រើរូបភាព ហិង្សា គំរាមកំហែង មួលក្តិចទៅលើក្រុមកូដករទាំងនោះ។

ក្នុងសេចក្ដីថ្លែងការណ៍សរសេរថា៖ «ជាក់ស្តែងថ្ងៃនេះ[១ឧសភា] ជាថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិ តែក្រុមកូដករដែលជាស្ត្រីចំនួន ៤នាក់បែរជារងនៅអំពើហិង្សា ពីសំណាក់កងកម្លាំងអាជ្ញាធរ រហូតដល់មានរបួសស្នាមដោយការ ធាក់រហូតហើមជើង រុញច្រាន និងច្របាច់ដៃរហូតដល់ជាំជាដើម»។

អ្នកស្រី ណូន ស្រីណែត ​ជាកូដករម្នាក់ក្នុងចំណោមបួននាក់ដែលអះអាងថា បានទទួលរងអំពើហិង្សាពីអាជ្ញាធរនៅចំថ្ងៃទិវាពលកម្មអន្តរជាតិ ១ឧសភា លើកឡើងថា អ្នកទទួលរងរបួសមានច្រើន​ ដោយគ្រាន់តែនៅក្នុងចំណោមនោះ មានអ្នក​រងរបួសធ្ងន់​តែបួនទៅប្រាំនាក់ប៉ុណ្ណោះ។ ​

អ្នកស្រី ណូន ស្រីណែត និយាយថា«ខ្ញុំឈរនៅមាត់ទ្វារឡានដោយសារតែគ្នាយើងអត់ទាន់ឡើងឡានអស់ កំពុងតែដើរឡើងឡាន អាជ្ញាធររុញទៅរុញមក ពេលយើងអត់ឡើងផុតគាត់ចាប់គ្រវាត់យើងចេញ»។

អ្នកស្រីអះអាងថា គាត់ត្រូវបានដួលលើថ្នល់ទាំងកម្រោល ប៉ុន្តែអាជ្ញាធរម្នាក់ទៀតនិយាយមកកាន់គាត់ថា ​ធ្វើពុតជាដួលទៅវិញ។

អ្នកស្រីបន្តថា«មូលហេតុដែលខ្ញុំទៅទោះជាដឹងថាគេនឹងចាប់ដាក់ឡានក៏ដោយ គឺចង់បង្ហាញឱ្យដឹងថា ក្រសួងពាក់ព័ន្ធនឹងក្រុមហ៊ុនមិនទាន់ដោះស្រាយវិវាទរវាងខ្ញុំនឹងណាហ្គាទេ»។

អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ លោក សាន សុខសីហា បានលើកឡើងថា សមត្ថកិច្ចតែងតែណែនាំកូដករតាមសន្តិវិធី តែក្រុមកូដករទៅវិញទេដែល​បង្ករូបភាពហិង្សាលើពួកគាត់។

លោកបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរត្រូវ​រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទូទៅ មិនមែនដើម្បីផលប្រយោជន៍តែមួយក្រុមកូដករនោះទេ។

លោកបានបន្ថែមថា៖ «ប្រសិនបើគាត់មិនអនុវត្តតាមសេចក្តីណែនាំសាលារាជធានីភ្នំពេញ ឬក៏អាជ្ញាធរពាក់ព័ន្ធទេ គឺសមត្ថកិច្ចយើងនៅតែបន្តប្រចាំការនៅទីនោះដើម្បីធ្វើការ ព្រោះជាទូទៅអាជីវករលក់ដូរនៅម្តុំហ្នឹងមានការត្អូញត្អែរខ្លាំងទាក់ទងនឹងការមកជួបជុំខុសច្បាប់ ដែលមិនមានការអនុញ្ញាតត្រឹមត្រូវ បង្កជាការបាត់បង់សណ្តាប់ធ្នាប់ ស្ទះចរាចរណ៍ គឺពិបាកក្នុងការរកស៊ី»។

អ្នកគ្រប់គ្រងកម្មវិធីការងារ​នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ លើកឡើងថា ទង្វើរបស់អាជ្ញាធរទៅលើកូដករណាហ្គាវើលដ៍នេះ បានឆ្លុះបញ្ចាំងពីការអនុវត្តក្រមសីលធម៌របស់ពួកគេមិនមានវិជ្ជាជីវៈ  ខណៈកូដករធ្វើកូដកម្មស្របតាមលក្ខន្តិកៈរបស់សហជីព និងស្របច្បាប់ស្ដីពីការងារ។

លោក ឃុន ថារ៉ូ មានប្រសាសន៍ថា«អ៊ីចឹងការបន្តធ្វើទុក្ខបុកម្នេញទៅដល់កម្មករនិយោជិតដល់ថ្នាក់ដឹកនាំសហជីព ការរឹតត្បិតសិទ្ធិមូលដ្ឋាន ការប្រើប្រាស់ទម្រង់តុលាការចោទប្រកាន់ ការគំរាមកំហែង ការដាក់សម្ពាធគ្រប់ទម្រង់រូបភាព គឺវាឆ្លុះបញ្ចាំងអំពីការថយក្រោយនៃការអនុវត្តសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា»។

លោកបន្តថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយបន្ទាប់ពីមានការផ្ទុះកូវីដ-១៩ កម្មករនិយោជិតគ្រប់វិស័យ​ទទួលរងនូវផលប៉ះពាល់ខ្លាំងទាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ច ស្របពេលការអនុវត្តសិទ្ធិស្របច្បាប់របស់ពួកគាត់ ក៏មិនមានភាពទូលំទូលាយនោះដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២២ ខែមេសា ​ បាន​កំណត់​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​នៅក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ជា​ថ្មីទៀត ​នៅ​រសៀល​ថ្ងៃពុធ ទី៤ ខែឧសភា ​ បន្ទាប់​ពី​កិច្ចប្រជុំ​លើកទី៨ កាល​ពី​ថ្ងៃទី២២ ខែមេសា នៅមិនទាន់​ឈាន​ដល់​ចំណុច​ព្រមព្រៀង​គ្នា​នៅ​ឡើយ។

​នៅក្នុងកិច្ចប្រជុំដោះស្រាយវិវាទការងារពេលនោះ ភាគីបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ក៏បានស្នើតាមរយៈក្រសួងការងារ ឱ្យតុលាការទម្លាក់ចោល​ការ​ចោទ​ប្រកាន់មកលើតំណាងកម្មករនិយោជិតទាំងអស់ ព្រមទាំងស្នើសុំបើកការិយាល័យសហជីពឡើងវិញ និងស្នើសុំ​សម្ភារផ្សេងៗទៀតមក​ប្រើប្រាស់ ដើម្បី​ធ្វើការងារឡើងវិញ។ បន្ថែមពីនេះ ពួកគេក៏ស្នើសុំឱ្យក្រុមហ៊ុនផ្តល់ជម្រើសឱ្យមកខាងភាគីកម្មករនិយោជិត ដើម្បីឱ្យមានភាពយុត្តិធម៌​ស្មើៗគ្នា។

វិវាទការងារនៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បានកើតឡើង​ជាងមួយឆ្នាំមកហើយ បន្ទាប់ពីភាគីក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩​នាក់ ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង​ ៨ ០០០​នាក់ ពីការងារ ដោយ​លើកហេតុផល​ថា ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុដោយ​សារ​​ជំងឺ​កូវីដ-១៩​។​ ក៏ប៉ុន្តែ​តំណាង​សហជីព​ប្រចាំនៅក្នុង​ក្រុមហ៊ុនកាស៊ីណូនេះ​យល់​ថា ផែនការ​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​នេះ គឺជាការ​គាស់​រំលើង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ចេញពី​ក្រុមហ៊ុនឱ្យអស់ ត្បិត​បុគ្គលិក​ដែល​បញ្ឈប់​ភាគ​ច្រើនលើសលប់ គឺ​ជា​សមាជិក និង​ថ្នាក់ដឹកនាំ​សហជីព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ