កម្ពុជា​ប្ដេជ្ញាចិត្ត​គាំពារ​សេរីភាព​ខាង​សារព័ត៌មាន ស្របពេល​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក

អ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ ផ្ដិតយករូបថតនិងវីដេអូនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃសវនាការលើអតីតសកម្មជនបក្សប្រឆាំង ក្រោមបទចោទ ​«ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រមុខ​រដ្ឋាភិបាលបង្ហាញការប្ដេជ្ញាចិត្ត​ក្នុងការគាំពារសិទ្ធិ​សេរីភាពនៃការ​បញ្ចេញមតិ និង​សេរីភាព​ខាង​​សារព័ត៌មាន នៅក្នុងក្របខណ្ឌ​ប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស ខណៈរដ្ឋាភិបាលបានផ្ដល់អាទិភាពជាចម្បងដល់វិស័យសារព័ត៌មានឱ្យ​ចូលរួមចំណែក​ក្នុងការលើក​ស្ទួយ​ប្រជាធិបតេយ្យ ​​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ និង​កែទម្រង់ប្រព័ន្ធយុត្តិធម៌ រួម​នឹង​​វិស័យ​មួយចំនួន​ទៀត។​​

ការប្ដេជ្ញាចិត្តនេះបាន​ធ្វើ​ឡើង​ក្នុងឱកាសកម្ពុជាប្រារព្ធ​​ទិវាសេរីភាពសារព័ត៌មាន​សកល​លោក លើកទី២៩ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «សារព័ត៌មាន​ក្នុង​សម្ពាធ​ប្រព័ន្ធ​ឌីជីថល»​។

នៅក្នុងសារលិខិត​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ទិវាសេរីភាពសារព័ត៌មាន​ពិភព​លោក បាន​លើកឡើង​ថា រដ្ឋាភិបាលបានប្ដេជ្ញាចិត្ត​ក្នុងការ​គាំពារ​សិទ្ធិ សេរីភាពនៃការ​បញ្ចេញ​មតិ សេរីភាពខាងសារព័ត៌មាន និងលើកកម្ពស់​ភាពជាដៃគូរវាងរដ្ឋាភិបាល ជាមួយស្ថាប័ន​សារព័ត៌មាន ដែលមិនអាចខ្វះបាន​នៅក្នុងក្របខណ្ឌ​ប្រទេស​ប្រជាធិបតេយ្យ សេរីពហុបក្ស។

លោកបន្តថា រដ្ឋាភិបាលបានផ្ដល់​អាទិភាពជាចម្បងនៅក្នុងកម្មវិធីនយោបាយ​​របស់​ខ្លួន​ដល់វិស័យ​សារព័ត៌មាន ឱ្យ​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាលក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ ការកែទម្រង់​ច្បាប់​និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់​រដ្ឋបាលសាធារណៈ ការ​លើក​ស្ទួយលទ្ធិប្រជា​​ធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស​ ដើម្បីកសាង​សង្គម​មួយ​ប្រកប​ដោយ​ភាពយុត្តិធម៌ សុខសន្តិភាព និង​ការអភិវឌ្ឍយូរអង្វែង។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវ​ដល់​អ្នកសារព័ត៌មានជាតិ និង​អន្តរជាតិ យកចិត្ត​ទុកដាក់​អនុវត្ត​ភារកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ​តាមវិជ្ជាជីវៈ និងអភិវឌ្ឍន៍សមត្ថភាព​របស់ខ្លួនបន្ថែមទៀត ទាំងផ្នែកជំនាញបច្ចេកទេស ការ​ផលិត​ព័ត៌មាន និងផ្សព្វផ្សាយ​ព័ត៌មាន ដើម្បីបង្កើនជំនឿ​ទុកចិត្តដល់សាធារណជន និងឆ្លើយតបទៅនឹងការវិវត្តនៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថលផងដែរ។

បើតាម​លោកនាយករដ្ឋមន្ត្រី ស្ថាប័ន​ព័ត៌មាន​បច្ចុប្បន្នកំពុង​ប្រឈម​ជាមួយបញ្ហា​ជាច្រើន ដូចជា វិបត្តិសេដ្ឋកិច្ចសកល​ និងការ​អភិវឌ្ឍបច្ចេកវិទ្យា​ប្រព័ន្ធផ្សព្វផ្សាយ​ឌីជីថលនៃ​បដិវត្តន៍ឧស្សា​ហកម្ម​ជំនាន់ទី៤ ដែលធ្វើឱ្យស្ថាប័ន​សារព័ត៌មាន​ និងអ្នកសារព័ត៌មាន​ប្រឈមនឹងការ​ប្រកួត​ប្រជែង​ទីផ្សារជាមួយ​បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ។

ស្របពេលទិវា​សេរីភាពសារព័ត៌មាន​សកល​លោកនេះ​ផងដែរ ក្រុមអង្គការ-សមាគមសារព័ត៌មាន និងអង្គការ​សមាគម​​មិន​មែន​រដ្ឋាភិបាលដែល​​​ធ្វើការ​ងារ​​លើក​កម្ពស់​សិទ្ធិ​ទទួល​ព័ត៌​មាន និង​​សេរីភាព​សារ​ព័ត៌​មានជាង២០ស្ថាប័ន បាន​ចេញសេចក្តីថ្លែងការណ៍រួម ដោយ​​ទទូច​ដល់​​រដ្ឋាភិបាល​ចាត់វិធានការ​ឱ្យមានប្រសិទ្ធភាព ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​របស់​អ្នកសារព័ត៌មាន និង​​បញ្ចប់និទណ្ឌភាពចំពោះរាល់បទឧក្រិដ្ឋ​ទាំង​ឡាយ​​ប្រឆាំងនឹងអ្នកសារព័ត៌មាន។

ក្រៅពីនោះ ពួកគេ​ក៏បាន​ស្នើឱ្យ​​​ផ្ដល់សុពលភាពនូវ​អាជ្ញាបណ្ណព័ត៌មាន​​ឡើងវិញ​​ដល់​​បណ្ដាញ​​សារព័ត៌​មាន​​មួយ​​ចំនួនដែលក្រសួងព័ត៌មាន​បានដកកាលពី​ឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ដើម្បី​ឱ្យពួក​គេអាច​បន្តចូលរួមក្នុងសកម្មភាពផ្តល់ព័ត៌មានជូនពលរដ្ឋបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ