តុលាការ​ខេត្តមណ្ឌលគិរី​កោះហៅ​ជនជាតិ​ដើមភាគតិច​៤នាក់​ឱ្យចូល​បំភ្លឺ​លើកទី២

ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី ដែលពាក់ព័ន្ធនឹងបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន «ឌីវេឡុបមេន ខូអិលធីឌី» ចូលបំភ្លឺ​នៅតុលាការ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

តុលាការខេត្តមណ្ឌលគិរី បាន​កោះហៅតំណាងនិងជនជាតិដើមភាគតិចពូនង​ចំនួន​៤នាក់ដែល​សកម្មក្នុង​ការ​​​ការ​ពារ​ដីធ្លីនិងធនធានធម្ម​ជាតិ ឱ្យចូលបំភ្លឺនៅចុងខែមិថុនា ​ឆ្នាំ​២០២២​នេះ តាម​បណ្ដឹង​ប្រធានក្រុម​ហ៊ុន​ឯក​ជន​មួយ។

ក្នុងដីកាកោះហៅដែលចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ តំណាង​អយ្យការអមសាលាដំបូងខេត្តមណ្ឌល​គិរី លោក អ៊ាង សុគន្ធ ដោយតម្រូវឱ្យឈ្មោះ គ្រឿង តុលា, ផ្លឹក ភឹរុំ, ផ្លឹក ណារី និង ​ខ្លើង ទុំ ដែលជាជនជាតិដើមភាគតិច ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០២២ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និង​ញុះញង់​ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ដើម្បី​សាកសួរលើកទី២។

បើតាម​ដីកា​បញ្ជាក់​ថា ការកោះហៅតំណាងនិងជនជាតិដើមភាគតិចទាំង៤នាក់ឱ្យចូលបំភ្លឺនេះ គឺធ្វើឡើងតាមបណ្ដឹងរបស់បុគ្គលឈ្មោះ កាក់ រតនា ដែលពលរដ្ឋជនជាតិដើមភាគតិចអះអាងថា ជា​នាយកក្រុមហ៊ុនវីឡា «ឌីវេឡុបមេន ខូអិលធីឌី»

អ្នកសម្រប​សម្រួលជន​ជាតិ​ដើម​ភាគ​តិច​ពូនង​នៅ​ខេត្ត​មណ្ឌល​គិ​រី អ្នកស្រី ផ្លឹក ភីរុំ ប្រាប់​​ វីអូឌី ​​នៅ​ថ្ងៃអង្គារនេះ​ថា ពួកគាត់នឹងចូលទៅបំភ្លឺតាមដីកា​កោះ ខណៈ​ពួកគាត់មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​ឡើយ។  

ជនជាតិដើមភាគតិចពូនងរូបនេះ ចាត់ទុកករណីតុលាការកោះហៅពួកគាត់ឱ្យចូលបំភ្លឺនេះថា ជាការគំរាមកំហែង និងជារឿងអយុត្តិធម៌។ អ្នកស្រីថា កន្លងមក ​ជនជាតិដើម​ភាគតិ​ច​ធ្លាប់ប្ដឹងក្រុមហ៊ុន​ទៅតុលាការជាច្រើនករណី ពាក់ព័ន្ធការដាក់គ្រឿងចក្រឈូសឆាយដីព្រៃនិងដីអាស្រ័យផលរបស់ជនជាតិដើមភាគតិច ប៉ុន្តែ​តុលាការ​មិន​បាន​ចាត់​វិធានការលើបណ្ដឹងពួកគាត់ឡើយ តែបែរជា​បាន​ចាត់​វិធានកា​រ​យ៉ាង​លឿន​ពេលដែល​ពួកគាត់​រង​បណ្ដឹង​ពី​ក្រុម​ហ៊ុន។

អ្នកស្រីបន្ថែមថា៖ «វាជារឿងអយុត្តិធម៌សម្រាប់ជនជាតិដើមភាគតិច មិនមែនតែខ្ញុំម្នាក់ឯងទេ គឺទូទាំងខេត្ត​មណ្ឌល​គិរី។ ជនស្មោះត្រង់ដែលធ្វើការងារបម្រើ និងការពារផលប្រយោជន៍ទ្រព្យសម្បត្តិសាធារណៈរបស់​រដ្ឋ និងពលរដ្ឋអាស្រ័យលើដីធ្លីខ្លួនឯងតែងជាប់​បណ្ដឹង​នៅ​តុលាការ និង​ត្រូវ​បាន​ចោទ​ប្រកាន់​[ពីសំណាក់]អាជ្ញាធរ​ពាក់​ព័ន្ធ»

អ្នកស្រី ផ្លឹក ភីរុំ ស្នើដល់​តុលាការ​ឱ្យកាត់ក្ដីដោយឈរលើគោលការណ៍យុត្តិមធ៌និងតម្លាភាព ចៀសវាងកាត់សេចក្ដីដោយ​​លម្អៀងទៅអ្នកមានលុយមានអំណាច។

កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ តំណាងជនជាតិដើម​ភាគតិចបានប្ដឹងអាជ្ញាធរមូលដ្ឋាន២នាក់ រួមមាន ចៅសង្កាត់សុខដុម លោក ពៅ សុផាត និងមេភូមិឡៅកា លោក គឹម ស៊ីម រួមនឹង​នាយិកា​ក្រុមហ៊ុន​វីឡា ឌីវេឡុប​មេន ខូលិល​ធី​ឌី អ្នក​ស្រី កាក់ រតនា ពី​បទ​ «កាប់រុករានឈូស​ឆាយ​ដី​ព្រៃ​សាធារណៈ និងបំផ្លិចបំផ្លាញដើមជ័រទឹកក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច និងអនុគ្រោះបទល្មើសព្រៃឈើ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ