អង្គការ​អ្នកកាសែត​គ្មានព្រំដែន ចាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំនេះ​នៅតែ​អាក្រក់​ដដែល

អ្នកកាសែតនិងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជា​ឆ្នាំ២០២២ នៅតែអាក្រក់ដដែល ពោល​គឺស្ថិតនៅលេខរៀងទី១៤២ លើ១៨០​ប្រទេស​នៅ​លើពិភព​លោក។

យោងតាម​របាយការណ៍របស់អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​ចេញ​ផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ដែលត្រូវនឹងទិវាសេរីភាពសារព័ត៌មានពិភពលោក (World Press Freedom day) បានឱ្យដឹងថា ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជានៅឆ្នាំ២០២២នេះ ស្ថិតនៅលេខរៀងទី១៤២ លើ១៨០ប្រទេសនៅលើពិភពលោក ដែលមានពិន្ទុ ៤៣,៤៨។

របាយការណ៍ដដែលបន្តថា ចំណាត់​ថ្នាក់​នេះបាន​កើនឡើង ២ខ្ទង់ បើ​ធៀបនឹងឆ្នាំមុន ពោល​គឺ​ពីលេខរៀងទី១៤៤ ក៏​ប៉ុន្តែចំណាត់ថ្នាក់នេះដូចគ្នានឹងចំណាត់ថ្នាក់ដែលកម្ពុជាបានទទួលកាលពីឆ្នាំ២០១៨ ដែលមាន​ន័យ​ថា ស្ថានភាព​ជាទូទៅ​នៃ​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា នៅតែមានសភាពមិនល្អ​ប្រសើរឡើយ។

របាយការណ៍បានឱ្យដឹងទៀត​​ថា ដោយព្រួយបារម្ភពីការបាត់បង់អំណាច បន្ទាប់ពីគ្រប់​គ្រង​អំណាច​អស់​រយៈ​ពេលជាង៣០ឆ្នាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ក្រាបដោយ​មិន​ញញើត​ទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​ឯករាជ្យ​ នៅមុនការបោះឆ្នោតជាតិ នៅខែ​កក្កដា ឆ្នាំ២០១៨។ ស្ថានីយវិទ្យុនិងកាសែតមួយចំនួន​ត្រូវបានបំបិទសំឡេង ស្ថាប័នព័ត៌មានខ្លះ​ត្រូវបានផាត់ចេញពីកម្ពុជា ហើយអ្នកកាសែតខ្លះត្រូវបានកាត់ទោស។

អង្គការអ្នកកាសែត​​គ្មានព្រំដែន រកឃើញថា ស្ថាប័នកាសែតធំៗ ដូចជា កាសែត​ភ្នំពេញប៉ុស្តិ៍ បាន​បាត់បង់ឯករាជ្យភាពរបស់ខ្លួន ដោយសម្របសម្រួលការចេញផ្សាយរបស់ខ្លួនឱ្យស្របទៅនឹងទស្សនៈរបស់រដ្ឋាភិបាល ស្របពេលដែលស្ថានីយវិទ្យុឯករាជ្យមួយចំនួន​បានត្រឹម​ផ្សព្វផ្សាយព័ត៌មាននៅតាមគេហទំព័រ និងបណ្ដាញសង្គមតែប៉ុណ្ណោះ។ រីឯប្រព័ន្ធផ្សព្វ​ផ្សាយ​មួយ​ផ្នែក​ធំ​របស់​កម្ពុជា ត្រូវបានគ្រប់គ្រងដោយអ្នកជំនួញធំៗដែលស្និទ្ធជាមួយលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លើសពីនេះទៅទៀត ជំនួសឱ្យការប្រើប្រាស់ច្បាប់របបសារព័ត៌មាន និងបទដ្ឋានសិទ្ធិមនុស្សអន្តរ​ជាតិ​ ស្ដីពី​ សិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន របាយការណ៍នេះបាន​លើកឡើង​ថា ​រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ «បទញុះញង់» ក្នុងក្រមព្រហ្មទណ្ឌ ដើម្បីចាប់ខ្លួននិងដាក់ទោសអ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហារសើប។ ក្រៅពីនេះ លោក ហ៊ុន សែន បានឆ្លៀតយកវិបត្តិជំងឺកូវីដ-១៩ ដើម្បីបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ដែលអនុញ្ញាតឱ្យលោកត្រួតពិនិត្យខ្លឹមសារព័ត៌មានណាដែលលោកមិនពេញចិត្តថែមទៀតផង។

របាយការណ៍របស់អង្គការអ្នកកាសែត​​គ្មានព្រំដែន ​បាន​ដាក់​ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា​ ដោយផ្អែកលើការវាយតម្លៃលើសូចនាករចំនួន៥ រួមមា​ន បញ្ហានយោ​បាយ សេដ្ឋ​កិច្ច ការអនុវត្តច្បាប់ បញ្ហាសង្គម និងសន្តិសុខ ជាដើម។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានច្រានចោលរបាយ​ការណ៍​នេះ​ថា មិន​ឆ្លុះបញ្ចាំង​​​ពី​ស្ថាន​ភាព​ពិត​របស់​កម្ពុជា​​នោះ​​ឡើយ។ លោកចោទប្រកាន់​​​របាយ​ការណ៍​នេះ ថា​ផ្អែកតែទៅលើការ​ប្រមូល​ព័ត៌មាន​ពី​ភាគី​ ឬក៏ក្រុម​មួយប៉ុណ្ណោះ។

លោកថា៖ «ដូចខ្ញុំបានបញ្ជាក់អ៊ីចឹង! ស្ថានភាពសេរីភាពសារព័ត៌មាន គឺមានភាពល្អប្រសើរ មិនដូចការវាយតម្លៃដោយប្រមូលព័ត៌មានតែពីក្រុមមួយឬតែមួយជ្រុង ដើម្បីធ្វើការវាយតម្លៃនៅកម្ពុជាទេ។ សេរីភាពសារព័ត៌មាននៅកម្ពុជា គឺមានលក្ខណៈសេរី ហើយត្រូវបានធានា​យ៉ាងគត់មត់ដោយច្បាប់របបសារព័ត៌មាន ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលអាចអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ក៏ដូចជាអង្គការសារព័ត៌មានចម្រុះគ្រប់និន្នាការនយោបាយ អាចបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសេរី»។

លោក មាស សុភ័ណ្ឌ បន្តថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានអង្គភាពសារព័ត៌មានដែលចុះបញ្ជីនៅក្រសួងព័ត៌មានចំនួន២ ១០០​អង្គភាព និងអ្នកកាសែតប្រមាណជិត៦ ០០០នាក់ កំពុងបំពេញការងារនៅកម្ពុជា។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកកាសែតកម្ពុជា (ខេមបូចា) លោក ណុប វី បានកត់សម្គាល់ថា ស្ថានភាពគំរាមកំហែង និងការយាយីទៅលើអ្នកកាសែតនៅតែបន្តកើតមាន និង​មិន​មានការ​ថយ​ចុះ​នោះ​ទេ។ ប៉ុន្តែលោកថា ការកើនឡើងចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាពី​១៤៤ នៅឆ្នាំ២០២១ មក​១៤២ នៅឆ្នាំ២០២២​នេះ ទំនងដោយសារជោគជ័យរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានបើកផ្លូវឱ្យមានសេរីភាពក្នុង​ការ​ដើរហើរយ​ក​ព័ត៌​មាន ប្រតិកម្មរបស់ក្រសួងព័ត៌មានទៅលើការអនុវត្តបម្រាមនានាលើអ្នកកាសែត និងការបើកឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) បើកការិយាល័យនៅកម្ពុជាជាដើម។

ប៉ុន្តែយ៉ាងណា លោកថា ស្ថានភាពទូទៅនៃការគោរពសេរីភាពសារព័ត៌មាននៅកម្ពុជានៅមិនទាន់ល្អប្រសើរនៅឡើយទេ។

លោកថា៖ «ពេលខ្លះ អ្នកនាំពាក្យលោកច្រើនតែមានការឆ្លើយតបអ៊ីចឹង ក៏ប៉ុន្តែអ្វីក៏ដោយដែលទាក់ទងការវាយតម្លៃដែលអង្គការស្ថាប័នពិភពលោក គេមិនមែនវាយតម្លៃតែប្រទេសកម្ពុជាយើងតែមួយទេ គឺវាយតម្លៃលើពិភពលោកទាំងមូល។ ប្រទេស១៨០ នៅក្នុងពិភពលោកទាំងមូល ដែលប្រទេសខ្លះ គេធ្វើបានល្អ ដូចប្រទេសន័រវេ ហ្វាំងឡង់ ស៊ុយអែតជាដើមហ្នឹង គឺស្ថិតនៅក្នុងចំណាត់ថ្នាក់ល្អ គឺនៅតែល្អ»។

លោកបន្ថែមថា៖ «ហើយជាការពិត បើយើងពិនិត្យលើបរិបទនៃប្រទេសទាំងអស់ហ្នឹង គឺវាមានសេរីភាពរបស់គេមែន គេមានការគោរពដែលខ្លាំងបំផុតទៅលើសេរីភាពបញ្ចេញមតិ សេរីភាពរបស់អ្នកសារព័ត៌មាន សេរីភាពផ្សេងៗហ្នឹង គឺគេមានការគោរព ហើយគេផ្ដល់កិច្ចគាំពារ ការការពារណាស់ ចំពោះអ្នករិះគន់អ៊ីហ្នឹង។ យើងមិនដែលឃើញថា នៅប្រទេសល្អៗទាំងអស់ហ្នឹងដែលមានការសម្លាប់អ្នកសារព័ត៌មាន ឬចាប់អ្នកសារព័ត៌មានដាក់គុក អត់មានទេ»។

ចំណាត់ថ្នាក់​សេរីភាពសារព័ត៌មាននៅកម្ពុជា​ បានបន្តធ្លាក់​ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨មក។ យោងតាមអង្គការ​ដែលមានមូលដ្ឋាន​នៅ​ប្រទេ​ស​បារាំង​​នេះ សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា ​ឆ្នាំ២០១៨ ជាប់ចំណាត់ថ្នាក់១៤២, ឆ្នាំ២០១៩ ជាប់ចំណាត់ថ្នាក់ទី១៤៣, ឆ្នាំ២០២០ ជាប់ចំណាត់ថ្នាក់ទី១៤៤, ឆ្នាំ២០២១ ជាប់ចំណាត់ថ្នាក់ទី១៤៤ និងឆ្នាំ២០២២នេះ ជាប់ចំណាត់ថ្នាក់ទី១៤២ ដែលមាន ៤៣,៤៨ ពិន្ទុ លើប្រទេសឡាវ ប្រុយណេ ហ្វីលីពីន វៀតណាម និងមីយ៉ាន់ម៉ា។

ចំណែកប្រទេសដែលមានចំណាត់ថ្នាក់ល្អ រួមមាន ប្រទេសន័រវេ ដាណឺម៉ាក ស៊ុយអែត អេស្តូនី ហ្វាំងឡង់ អៀឡង់ និងព័រទុយហ្គាល់ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ