តុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដោយសម្រេចឱ្យសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយម្នាក់ជាប់ពន្ធនាគារ ៧ឆ្នាំ ដដែល ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ជុំវិញការបង្ហោះសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍៩ វិច្ឆិកា លើបណ្ដាញសង្គមហ្វេសប៊ុក។
ការសម្រេចនេះ បន្ទាប់ពីតុលាការបានបើកសវនាការបណ្ដឹងសាទុក្ខសំណុំរឿងលោក គង់ សំអាន ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ប្រឆាំងនឹងការសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដែលបានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ៧ឆ្នាំ កាលពីឆ្នាំ២០២០។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលនាថ្ងៃពុធនេះ បានសម្រេចបដិសេធបណ្ដឹងសាទុក្ខរបស់លោក គង់ សំអាន ដោយចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដែលបានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៧ឆ្នាំ ក្នុងសំណុំរឿង «រួមគំនិតក្បត់» ជារឿងត្រឹមត្រូវ។
ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីបន្ទប់សវនាការក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ ដៃជាប់ខ្នោះផងនោះ លោក គង់ សំអាន ដែលមានវ័យប្រមាណ៧០ឆ្នាំ បានចាត់ទុកការសម្រេចរបស់តុលាការកំពូលពេលនេះថា ជារឿងអយុត្តិធម៌ សម្រាប់រូបគាត់និងគ្រួសារ។
លោកថា៖ «ខ្ញុំមានការសោកស្ដាយណាស់ វាជារឿងអយុត្តិធម៌ ខ្ញុំមិនអាចទទួលយកបានទេ ការសម្រេចនេះ»។
ភរិយារបស់លោក គង់ សំអាន គឺលោកស្រី អៀប សួគ៌ ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានស្ដាប់តុលាការកំពូលប្រកាសសាលដីកា ដោយបង្ហាញការខកចិត្តជាខ្លាំង នៅពេលតុលាការជាន់ខ្ពស់មួយនេះនៅតែកាត់ក្ដីឱ្យប្ដីរបស់គាត់ជាប់ពន្ធនាគារ ៧ឆ្នាំទាំងមិនបានធ្វើអ្វីខុសសោះ។

លោកថា៖ «គាត់ឈឺផង គាត់បម្រើជាតិផង គាត់មិនដែលនៅទំនេរមួយនាទីណាទេ គាត់ជាគ្រូបង្រៀន គាត់អាយុ៧០ឆ្នាំហើយ ។ ខ្ញុំមកសុំឱ្យ[តុលាការ]កំពូលជួយ ទៅជា[តុលាការ]កំពូលយកក្រដាសហ្នឹងមកសូត្រដដែលវិញ យ៉ាងម៉េចដែលគ្រួសារខ្ញុំ [មករកទីពឹងពីសំណាក់] តុលាការ សួរថា យុត្តិធម៌នៅទីណា គ្រួសារខ្ញុំទៅជាយ៉ាងម៉េច! ខំទីពឹងឱ្យគាត់ជួយ ឥលូវទៅជា ៧ឆ្នាំ ដដែល។ ដូច្នេះ ខ្ញុំសូមឱ្យរដ្ឋាភិបាល គ្រប់ក្រសួង ជួយផង នៅក្នុងប្រទេស ក្រៅប្រទេស សុំមេត្តាជួយផង ព្រោះប្ដីខ្ញុំអត់ខុសទេ ហេតុអ្វីធ្វើបាបគាត់យ៉ាងហ្នឹង ឬមួយឱ្យគាត់ស្លាប់ក្នុងពន្ធនាគារ? ខ្មែរតើ! ខ្មែរដូចគ្នា មិនមែនជនបរទេសទេ»។
កាលពីខែកុម្ភៈ ឆ្នាំ២០២០ សាលាដំបូងខេត្តត្បូងឃ្មុំ បានកាត់ទោសឱ្យសកម្មជនបក្សសង្គ្រោះជាតិ ចំនួន៧នាក់ ក្នុងសំណុំរឿង «រួមគំនិតក្បត់» ក្នុងនោះមានជនជាប់ចោទ២នាក់ជាប់ពន្ធនាគារ៥ឆ្នាំ និង៥នាក់ទៀតជាប់ពន្ធនាគារ៧ឆ្នាំ។ ក្នុងចំណោមជនជាប់ចោទទាំង៧រូប គឺមានតែលោក គង់ សំអាន ម្នាក់គត់ដែលនៅជាប់ពន្ធនាគារ ក្រៅពីនោះគឺតុលាការបានអនុញ្ញាតឱ្យពួកគេនៅក្រៅឃុំបណ្ដោះអាសន្ន និងខ្លះទៀតកំពុងរស់នៅក្រៅប្រទេស។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បង្ហាញការសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូលពេលនេះ ដោយថា ជារឿងអយុត្តិធម៌មួយសម្រាប់លោក គង់ សំអាន និងគ្រួសារ។
លោកថា៖ «យើងមើលទិដ្ឋភាពរឿងនេះ ជារឿងអយុត្តិធម៌មួយសម្រាប់គាត់ យើងមើលនៅក្នុងដំណើរការនៃសវនាការចាប់ពីថ្នាក់សាលាដំបូងដល់សាលាឧទ្ធរណ៍ វាហាក់ដូចជាមិនមានភស្តុតាងក្នុងការចោទប្រកាន់ និងផ្ដន្ទាទោសលើគាត់។ ប៉ុន្តែផ្ទុយទៅវិញ យើងយល់ថា រឿងនេះ វាជាសំណុំរឿងពាក់ព័ន្ធនឹងនយោបាយ។ អ៊ីចឹងហើយបានលោក គង់ សំអាន ត្រូវជាប់ពន្ធនាគារ ផ្ដន្ទាទោស ៧ឆ្នាំ ដោយអយុត្តិធម៌សម្រាប់គាត់»។
ក្រោយព្រឹត្តិការណ៍វិលចូលប្រទេស ៩ វិច្ឆិកា ឆ្នាំ២០១៩ របស់លោក សម រង្ស៊ី ត្រូវបានបរាជ័យទាំងស្រុងនោះ ៥ថ្ងៃបន្ទាប់មក ពោលគឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ពីខេត្តកំពត ដោយអំពាវនាវឱ្យពលរដ្ឋចាញ់បោកក្រុមលោក សម រង្ស៊ី ហើយរត់ទៅប្រទេសថៃ វិលត្រលប់ចូលមកប្រទេសកម្ពុជាវិញ ដោយសន្យាមិនយកទោសពៃរ៍អ្វីនោះឡើយ។ លើសពីនេះ លោកថែមទាំងបញ្ជាទៅសមត្ថកិច្ចមិនឱ្យមានការចាប់ខ្លួនអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៩ វិច្ឆិកា ថែមទៀតផង។
ជាមួយគ្នានោះ លោកក៏បានស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវធ្វើការជាមួយមន្ត្រីតុលាការ ដើម្បីដកដីកាដែលបានចេញចាប់ខ្លួនជនមួយចំនួន ព្រមទាំងដោះលែងអ្នកដែលបានចាប់ខ្លួនពាក់ព័ន្ធសំណុំរឿង ៩ វិច្ឆិកា ដោយលោកថា ពួកសកម្មជនទាំងនោះចាញ់បោកការឃោសនារបស់ក្រុមលោក សម រង្ស៊ី តែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ចាត់ទុកការអនុគ្រោះដល់អ្នកចាញ់បោកក្រុមលោក សម រង្ស៊ី ទាំងនោះ ថាជាដំណើរនៃការបង្រួបបង្រួមជាតិ៕