សហគមន៍​ថា ព្រៃឈើ​នៅ​សហគមន៍​ឧត្ដមស្រែខ្ពស់​រង​ការ​កាប់បំផ្លាញ​រាល់ថ្ងៃ​ដោយ​គ្មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ

កំណាត់ឈើចងដាក់លើគោយន្តដែលកាប់នៅជុំវិញព្រៃវត្តមេត្តាធម្មជាតិ ហៅវត្តផ្កាឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៥ ខEឧសភា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ព្រះសង្ឃ និង​ប្រជាសហគមន៍ លើកឡើង​ថា ព្រៃឈើនៅសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិត​នៅ​ឃុំត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​រងនូវ​ការកាប់បំផ្លាញស្ទើរ​​រាល់​ថ្ងៃ ដោយ​គ្មានការ​ចូលរួម​ទប់ស្កាត់​ពី​អាជ្ញាធរ​ពាក់ព័ន្ធឡើយ​។

ព្រះតេជគុណ ព្រំ សុជាតិ គង់នៅវត្ត​មេត្តា​ធម្មជាតិ​ មាន​សង្ឃដីកាប្រាប់ ​វីអូឌី​ នៅ​ថ្ងៃស្រុកនេះថា ព្រៃសហគមន៍​នៅជុំវិញវត្តមេត្តាធម្មជាតិ ស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ត្រូវ​បានជន​ល្មើស​ចូល​កាប់និងដឹកចេញជារៀងរាល់ថ្ងៃ ដោយ​គ្មានការខ្លាចញញើតប្រជាសហគមន៍​ចុះទៅ​ហាមឃាត់ឡើយ។

ព្រះអង្គអះអាង​ថា ក្នុង​១ថ្ងៃៗ ជនល្មើស​ចូល​កាប់និងដឹកជញ្ជូន​ឈើ​ចេញពីព្រៃសហគមន៍នេះ​​​​មិន​ក្រោម​ ១០​គោ​យន្តនោះទេ។

ព្រះអង្គមានសង្ឃដីកាបន្ថែមថា៖ «សត្វព្រៃ វាធ្លាប់តែលោតតោង វាទំ ដើររកចំណីរៀងរាល់ថ្ងៃ​ ដល់​ពេលញោមៗ​មក​កាប់ព្រៃផ្ដួលរំលំអស់ ឥលូវសត្វវាមិនដឹង​រត់ទៅពួននៅណា រស់នៅណា? បើដើមឈើដួល​រលំអស់​ហើយ។ អ្នកកាប់ព្រៃហ្នឹងមិនដឹងជា​មកពីណា មកទាំងហ្វូង​ៗ​មក​កាប់។ អ្នកខ្លះយើងលើក​ដៃ​សំពះគាត់​កុំ​ឱ្យកាប់ គាត់ក៏គេចទៅវិញទៅ។ អ្នកខ្លះយើងអង្វរហើយ គេនៅតែផ្គើននិយាយប្រកែកប្រណាំង ប្រទូស្ត​​​រាយ​ជាមួយ​សហគមន៍​ក៏​មាន»

សមាជិក​សហគម​ន៍​ឧត្ដមស្រែខ្ពស់​ លោក ខន សារិទ្ធិ មាន​ប្រសាសន៍​ថា អ្នកដែលចូលកាប់ឈើក្នុងព្រៃសហគមន៍​នោះ គឺជា​ប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងជោរនោះ​។ លោក​ថា ពលរដ្ឋ​ចាប់​ផ្ដើម​​​ចូលទៅ​កាប់ព្រៃសហគមន៍ ក្រោយពីសហគមន៍មួយនេះ​មានជម្លោះដីធ្លីជាមួយគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក ដែលទទួលបានដីសម្បទានសង្គមកិច្ចពី​​​រដ្ឋាភិបាល​នៅ​តំបន់​នោះ។

សមាជិកសហគមន៍​រូប​នេះបាន​ដាក់​ការ​សង្ស័យ​ថា ករណីពលរដ្ឋហ៊ានចូលកាប់ឈើនៅក្នុងព្រៃសហគមន៍នេះ អាចជា​ការញុះញង់ពីសំណាក់​ទាហាននៅទីនោះ។

លោកបន្ថែមថា៖ «អ្នកទៅកាប់ហ្នឹង គឺប្រជាពលរដ្ឋនៅក្បែរដីព្រៃសហគមន៍ហ្នឹង។ គាត់ថា ទាហានជាអ្នកឱ្យកាប់។ នៅខាងគេ គេអូសទាញ​កូ​នចៅគេទៅកាប់អ៊ីចឹង​ទៅ។ ហើយអ្នកមួយចំនួនទៀតមើល​គេកាប់​បានអ៊ីចឹង​ ក៏ចូល​ទៅកាប់ជាមួយ​គេដែរទៅ។ ឥលូវ​កាប់កន្លែងដែលមិនមែនជាដីទាហាន គឺកន្លែងដីវត្តហ្នឹងក៏កាប់ដែរ ហើយបង់លុយឱ្យទាហានមួយគោយន្ត ២ម៉ឺនរៀល ទៅ​​៣ម៉ឺនរៀល»

ប្រធានមន្ទីរបរិស្ថាន​ខេត្តកំពង់ស្ពឺ លោក ឱម ម៉ាកធារី មានប្រសាសន៍ថា ព្រៃឈើដែលកំពុងរងការកាប់នោះជាដី​របស់​គ្រួសារ​កង​ទ័ព​នៃបញ្ជាការដ្ឋាន​រថក្រោះកងទ័ពជើងគោក ដែល​ទើប​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច​ពី​​រដ្ឋាភិបាល។ តែយ៉ាងណា លោកបង្វែរឱ្យទៅសួរខាងទាហានប្រចាំការនៅតំបន់នោះវិញ។

ប្រធានមន្ទីរបរិស្ថានរូបនេះបានចោទប្រសហគមន៍ដែលតវ៉ានិងការពារព្រៃសហគមន៍នោះថាជាក្រុមប្រឆាំង។

លោកបន្ថែមថា៖ «កន្លែងរបស់ទ័ព គេមាន ស.ជ.ណ របស់គេ បងសួរទៅខាងទ័ពនៅទីនោះ​ទៅ ព្រោះនៅទីនោះមានពួកអាក្រុមប្រឆាំង វាចេះតែចុះផ្សាយតែពាសទេ»

មេភូមិពោធិ៍មាស​ លោក ភោគ ជុំ បានទទួល​ស្គាល់ថា ពិតជាមានការកាប់និង​ដឹក​​ឈើចេញពីព្រៃនៅក្នុងតំបន់​នោះមែន ប៉ុន្តែ​ឈើនោះ​ ពលរដ្ឋកាប់និង​ដឹកចេញពីដី​របស់​ទាហាន​ដែល​ទទួល​បាន​ដី​សម្បទានសង្គម​កិច្ច​ពី​រដ្ឋាភិបាលប៉ុណ្ណោះ។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។

ចាប់តាំពីចុងឆ្នាំ២០២១ អ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរនោះ​ បាននាំគ្នា​តវ៉ាប្រឆាំងក្រុមទាហាន​នៃបញ្ជាការដ្ឋាន​រថក្រោះកងទ័ពជើងគោក មិនឱ្យកាប់បំផ្លាញព្រៃសហគមន៍​ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ដែលពួក​គេ​អះអាងថា ​បាន​ការ​ពារ​ជាង​២០​ឆ្នាំមកហើយ។

អ្នកភូមិអះអាងថា សហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ពីដើមឡើយមាន​ផ្ទៃដី​ទំហំជាង២ ០០០ហិកតា​ ជាតំបន់ព្រៃស្រោង និងមានសត្វជាច្រើនប្រភេទរស់នៅ ប៉ុន្តែក្រោយមកក៏​មាន​​ក្រុម​ទាហាន​​បាន​ចូលទៅរំលោភយក​ជា​បន្ត​បន្ទាប់ ហើយ​​បច្ចុប្បន្នសហគមន៍នេះសល់ដីតិចតួច​ប៉ុណ្ណោះ ខណៈ​សត្វ​ព្រៃ​ក៏​កំពុងប្រឈមនឹងការ​​បាត់បង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ