លោក កឹម សុខា មាន​គម្រោង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​បងប្រុស​លោក ហ៊ុន សែន

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (សាញ់ ប៊ុនហឿន)

ប្រធានគណបក្សសង្គ្រោះជាតិដែល​ត្រូវបានតុលាការរំលាយ លោក កឹម សុខា មានគម្រោង​ទៅគោ​រព​វិញ្ញាណ​ក្ខន្ធ​សពលោក ហ៊ុន ណេង បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចុងសប្ដាហ៍នេះ​ នៅឯខេត្តកំពង់ចាម។

ជំនួយ​ការផ្ទាល់របស់លោក កឹម សុខា គឺលោក មុត ចន្ថា បានប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ការអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព​លោក ហ៊ុន ណេង ពីសំណាក់​​លោក កឹម សុខា នេះ ​គឺ​ជា​ការបង្ហាញនូវកាយវិការក្នុងនាមជាខ្មែរដូចគ្នា ដែលចេះជួយចែក​រំលែក​ទុក្ខគ្នាទៅវិញទៅ​មក។

លោកថា៖ «បើតាមខ្ញុំដឹង គាត់ [កឹម សុខា]​ មានគម្រោងទៅហ្នឹង ហើយការទៅចូលរួមគោរព​​វិញ្ញាណក្ខន្ធនេះ គឺ​ស្របតាមយើងជាពុទ្ធសាសនិកជន ហើយយើងតែងតែទៅចូលរួម​ក្នុងការចែករំលែកទុក្ខលំបាក និងមរណទុក្ខជាមួយក្រុមគ្រួសារដែលលោក [ហ៊ុន ណេង] ជាទីស្រឡាញ់ ជាទីគោរពមានព្រហ្មវិហារធម៌ចំពោះពួកគាត់។ ហើយយើងខ្មែរដូចគ្នា​ យើងគួរសម្ដែងនូវការសោកស្ដាយមរណទុក្ខនូវមរណភាពរបស់ឯកឧត្ដម ហ៊ុន ណេង ដែលគាត់ជាអ្នកនយោបាយខ្មែរម្នាក់ផងដែរ»។

បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ណេង បាន​ទទួលមរណ​ភាពដោយសារជំងឺគាំងបេះដូង កាលពីរសៀលថ្ងៃទី៥ ខែឧសភា ​ម្សិលមិញ ក្នុងជន្មាយុ​​ ៧២ឆ្នាំ។ លោក ហ៊ុន ណេង ធ្លាប់ជាសមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមនៃគណបក្សប្រជាជនកម្ពុជា និងជាអតីតអភិបាលខេត្តកំពង់ចាម។

សពរបស់លោក ហ៊ុន ណេង ត្រូវតម្កល់ធ្វើបុណ្យនៅឯគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងភូមិទី​៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម រួចដង្ហែ​យកទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម នៅថ្ងៃទី៩ ខែឧសភា។

នៅប៉ុន្មានម៉ោងក្រោយពីការទទួលបានដំណឹង​ពីមរណភាពនេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានសរសេរសារចូលរួមរំលែកទុក្ខទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបណ្ដាញសង្គម ហើយលោកនាយករដ្ឋមន្ត្រីក៏បាន​សរសេរសារត្រលប់ទៅវិញ ដោយបានអរគុណចំពោះការចូលរួមរំលែកទុក្ខរបស់លោក កឹម សុខា។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា បានលើកឡើងថា ការអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង របស់លោក កឹម សុខា នេះ នឹងមិនមានឥទ្ធិពលដល់ការចរចាស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជានោះទេ។

លោកថា៖ «បើយើងមើលសាររំលែកទុក្ខរបស់លោក កឹម សុខា ហើយការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រីមកលោក កឹម សុខា ហ្នឹង បើយើងមើលទៅ វាគ្រាន់តែជាការរាប់អានក្នុងនាមជាពលរដ្ឋខ្មែរ ជាទម្លាប់ជនជាតិខ្មែរ នៅពេលដែលមាននរណាម្នាក់​មានទុក្ខលំបាក ឬជួបទុក្ខ នៅក្នុងសាច់ញាតិដែលទទួលមរណភាពអ៊ីចឹង គឺជាការរំលែកទុក្ខធម្មតាទេ វាអត់មានអ្វីប្លែកទេ ប៉ុន្តែវាបង្កប់នូវភាពរាប់អានគ្នាជាពលរដ្ឋខ្មែរដែលជាទម្លាប់មួយល្អដែរ»។

យ៉ាងណា លោកថា៖ «​នៅក្នុងរបត់នយោបាយប្រឈមគ្នារវាងអ្នកនយោបាយទាំងពីរហ្នឹង មួយគណបក្សកាន់អំណាច មួយគណបក្សក្រៅរដ្ឋាភិបាល យើងពុំទាន់ឃើញមានសញ្ញាវិជ្ជមានណាមួយដែលជំរុញឱ្យមានភាពធូរស្រាលនៅក្នុងភាពជាប់គាំងនយោបាយរបស់កម្ពុជានៅឡើយទេ»។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក កឹម សុខា ក៏​បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី ម្ដាយបង្កើតរបស់លោកស្រី ប៊ុន រ៉ានី និងជាម្ដាយក្មេករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

នៅក្នុងឱកាសនោះ លោក ហ៊ុន សែន និងលោក កឹម សុខា បានឆ្លៀត​ជជែក​គ្នារយៈពេល​​ជិត​​១​ម៉ោង ខណៈ​អ្នកវិភាគ​នយោបាយ​មួយចំនួនបាន​មើល​ឃើញ​ថា​ កិច្ចសន្ទនា​​នៅ​​ពេល​នោះ​​ទំនង​អាច​ឈាន​ទៅ​ដោះ​ស្រាយ​ការជាប់​គាំង​នយោបាយ ឬ​បញ្ចប់​​ជម្លោះ​នយោបាយ​រវាង​​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង។ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​វិបត្តិ​នយោបាយ​រវាង​គណបក្សទាំងពីរនៅតែបន្តកើតមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ