ក្រសួង​ចំនួន​៣​សហការគ្នា​ដើម្បី​ឈាន​ទៅ​កំណត់​អាយុ​អនុញ្ញាត​ឱ្យ​ទទួលទាន​គ្រឿងស្រវឹង​សម្រាប់​មនុស្ស​ពេញវ័យ

ស្លាកផ្សព្វផ្សាយគ្រឿងពាណិជ្ជកម្មស្រាបៀ

ក្រសួងចំនួន៣ កំពុង​សហការគ្នាសិក្សាពីការ​​​កំណត់​អាយុអ​នុញ្ញាតឱ្យ​​ទទួល​ទាន​គ្រឿង​ស្រវឹង​សម្រាប់​មនុស្ស​ពេញវ័យ ដើម្បីលើកកម្ពស់សុវ​ត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍។

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានជួបពិភាក្សា​ការ​ងារ​ជាមួយ​គណៈប្រតិភូនៃក្រុមប្រឹក្សា​ធុរកិច្ចសហរដ្ឋអាមេរិក​-អាស៊ាន ដឹកនាំដោយ​​ឯក​អគ្គរដ្ឋទូត Michael W. Machalak អនុប្រធានជាន់ខ្ពស់ និង​ជានាយកគ្រប់​គ្រង​ប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) និងមន្ត្រី​ពាក់ព័ន្ធ រួម​នឹង​​តំណាង​​ក្រុមហ៊ុនធុរកិច្ច​​របស់​​អាមេរិក​​មួយ​ចំនួន​ទៀត​។ នេះ​បើតាម​ការ​ផ្សព្វ​ផ្សាយនៅក្នុង​បណ្ដាញ​​សង្គម​​ហ្វេស​​ប៊ុក​របស់​ក្រសួង។

ក្នុងជំនួប​នោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់​ថា ក្រសួង​សាធារណការ កំពុង​សហការជាមួយ​​​ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ដើម្បីឈាន​ទៅដល់​ការ​ពិចារ​ណា​​​លើ​ការ​​កំណត់​​អាយុ​​អនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹង​សម្រាប់​មនុស្សពេញ​វ័យ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ​លោក ឈួន វ៉ន់ មានប្រសាសន៍ឱ្យដឹង​បន្ថែម​នៅថ្ងៃសុក្រនេះ​​ថា ក្នុងជំនួបនោះ​ ក្រុមហ៊ុនធុរកិច្ចរបស់អាមេរិកបានស្នើ​ដល់​ថ្នាក់ដឹកនាំក្រសួងឱ្យ​​មាន​ការ​កំណត់​អាយុ​អ្នក​ដែល​អាច​ទិញ​​គ្រឿ​ង​ស្រវឹង​បាន ដែល​ត្រូវតែមា​នអា​យុចា​ប់​ពី​១៨ឆ្នាំឡើងទៅ។

លោកថា៖ «ក្រសួងសាធារណការ ក៏បានស្នើសុំគណៈកម្មាធិការជាតិ [សុវត្ថិភាពចរាចរណ៍ផ្លូវគោក​] ហើយបានឯកភាពគ្នា ហើយឥលូវនេះ ​ក្រសួងមហាផ្ទៃបាន​ធ្វើលិខិត​ដល់​ក្រសួង​សុខាភិបាល ដើម្បីពិចារណាកំណត់អាយុអនុញ្ញាតឱ្យ​ទទួលទានគ្រឿងស្រវឹងសម្រាប់​មនុស្ស​ពេញ​វ័យ ហើយក្រសួងអប់រំបានកំពុងរៀបរៀងអប់រំបន្ថែម ចំពោះការកំណត់នេះ»។

លោក ឈួន វ៉ន់ បន្តថា៖ «ខ្ញុំមិនដឹងច្បាស់​ទាំង​ស្រុង ប៉ុន្ដែ​ច្បាប់​ប្រហែលជា​មាន​ហើយ ហើយកំពុង​ពង្រាង​​ឡើង​វិញ ​ខ្ញុំ​មិនច្បាស់ដែរ ប៉ុន្ដែពុំទាន់មានការកំណត់អាយុសម្រាប់ការ​ប្រើ​ប្រាស់គ្រឿង​ស្រវឹង អ៊ីចឹង​យើង​សុំឱ្យ​ស្នើអាហ្នឹងចូល»។

លោកគូសបញ្ជាក់​ថា ផ្អែក​តាម​ការ​សិក្សា ពលរដ្ឋ​ដែល​មាន​​អាយុ​ក្រោម​១៨ឆ្នាំ គឺ​​មាន​​ផល​ប៉ះពាល់​ច្រើន​ជាង​មនុស្ស​ពេញ​វ័យនៅពេល​ដែលពួកគេ​ទទួលទានគ្រឿងស្រវឹង​។ ហើយ​​មួយ​វិញទៀត ការ​ទទួល​ទានគ្រឿងស្រវឹងក្នុងអំឡុងពេលបើកបរ ក៏​រឹតតែមានហានិភ័យខ្ពស់ ដែ​លបង្ក​ឱ្យ​មានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

លោកបន្ថែមថា៖ «ជាយោបល់ផ្ទាល់ខ្លួនខ្ញុំ និយាយឱ្យ​ចំទៅ មនុស្សអាយុក្រោម១៨ឆ្នាំ គេសិក្សាមើល​ទៅ វាអាច​ប៉ះពាល់ច្រើនអ៊ីចឹង។ ជាពិសេសទៀត​ ការធ្វើចរាចរណ៍តា​មដងផ្លូវ តាមមធ្យោ​បាយ​ម៉ូតូ ទោចក្រយាន​យន្ត ហើយបើមានការប្រើ​ប្រាស់គ្រឿង​ស្រវឹង​​ រឹ​ត​​តែ​​មាន​​ហានិភ័យ​ខ្ពស់ទៀត […] ដូច្នេះ​ពេល​ដែល​យើង​មាន​ការ​កំណត់ច្បាស់​លាស់ អាយុ​​ប្រើប្រា​ស់​គ្រឿង​ស្រវឹង យើងអាចចូលរួមដែរ ចំពោះគ្រោះថ្នាក់ចរាចរណ៍»។

អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោក ហុក គឹមចេង មាន​ប្រសាសន៍ថា ការទទួល​ទាន​គ្រឿងស្រវឹងនឹងបង្ក​​ឱ្យ​មាន​​ផល​ប៉ះពាល់ច្រើនចំពោះសុខភាពនិងសង្គម ជាពិសេស​ប៉ះពាល់ដល់ការសិក្សារបស់សិស្ស បើពួកគេ​សេពគ្រឿងស្រវឹងទាំងវ័យ​ក្មេង។

លោក​ថា៖ «គ្រប់​អាយុ​ គឺ​យើង​មិន​ណែនាំ​ឱ្យ​​ប្រើ​ប្រាស់គ្រឿងស្រវឹងហ្នឹង​ខ្ពស់​លើស​កម្រិត ហើយ​អ្នក​ដែល​អត់គ្រប់​អាយុ​ហ្នឹង​ រឹត​តែហាមទៅទៀត»។

មន្ត្រីសុខាភិបាលរូបនេះក៏បាន​ស្នើដល់​គ្រប់​ភាគីពាក់ព័ន្ធចូលរួម​ពិភាក្សាទាំង​​លក្ខណៈបច្ចេក​ទេស និង​​ការ​សិក្សា​បន្ថែមទៅលើច្បាប់​ចាស់ រួមនឹងការ​​អប់រំផ្សព្វផ្សាយ​ ដើម្បី​កំណត់ភាពច្បាស់លាស់នូវ​​អាយុអនុញ្ញាតឱ្យទទួល​ទានគ្រឿងស្រវឹង​សម្រាប់មនុស្សពេញវ័យ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក​ រស់ សុវាចា មាន​ប្រសាសន៍ថា ​អវត្ត​​មាន​គ្រឿង​​ស្រវឹង ​និង​គ្រឿង​ញៀនខុសច្បាប់​​នៅ​ក្នុងគ្រឹះស្ថានសិក្សា ជាការចូលរួមលើកកម្ពស់​សុខភាព​បុគ្គល គុណភាពអប់រំ និង​គុណភាព​ជីវិត។

លោកបន្តថា ក្រសួងអប់រំស្វាគមន៍និងបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខភាពរបស់អ្នកសិក្សា និងភាគីពាក់ព័ន្ធតាមរយៈគ្រប់រូបភាព។

លោកបានថ្លែង​ថា៖ «គ្រឿងស្រវឹងនិងគ្រឿងញៀនខុសច្បាប់ អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់​សុខភាព​និងអាយុជីវិតរបស់អ្នកសិក្សានិងភាគីពាក់ព័ន្ធ។ ក្រសួងអប់រំ យុវជន និងកីឡា បាន​និង​កំពុង​បន្ត​សហការ​ជាមួយ​ក្រសួង-ស្ថាប័ន និង​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់​ដឹង​ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន​ខុស​ច្បាប់ និងគ្រឿងស្រវឹង»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិម​អេង បានសាទរចំពោះកិច្ច​សហការរបស់ក្រសួងទាំង៣ ដែល​រិះរកនីតិវិធី​ក្នុង​ការ​​កាត់​បន្ថយ​គ្រោះ​ថ្នាក់ចរា​ចរណ៍ លើកកម្ពស់ការអប់រំយុវជន និង​បង្កើនសុខុមាលភាពសាធារណៈ។ លោក​ថា ការ​កំណត់​អាយុ​ឱ្យទទួលទានគ្រឿងស្រវឹង ជាមធ្យោបាយ​មួយក្នុង​ចំណោមមធ្យោបាយជាច្រើនទៀត ដែលអាច​កាត់​បន្ថយ​ហានិភ័យនានា​​ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹង។

លោក​ថា៖ «​សូមឱ្យ​​ក្រសួងធ្វើយ៉ាងណាត្រូវតែគិតពីបញ្ហាសុខភាពសាធារណៈ​ជា​ធំ និង​​មិនគួរ​ឱ្យមានការជ្រៀតជ្រែក​ពីឧស្សាហកម្មគ្រឿងស្រវឹង»។

តែយ៉ាងណា លោក យង់ គិមអេង បាន​ស្នើដល់ក្រសួងពាក់ព័ន្ធ​គិតគូរ​បន្ថែម​​ទៅលើកា​របញ្ឈប់​ការ​​ផ្សព្វ​ផ្សាយ​​​ពាណិជ្ជកម្មគ្រឿង​ស្រវឹង​ ការ​ដំឡើង​ពន្ធលើ​ផលិត​ផលគ្រឿងស្រវឹង​ និង​​ការ​​តម្រូវ​​ឱ្យ​​មាន​អាជ្ញាបណ្ណ​​មុន​នឹង​​លក់ដូរគ្រឿងស្រវឹងផងដែរ​។

លោក​​ថា៖ «ជាមួយគ្នានោះ គឺអ្វីដែលសំខាន់ ប្រសិនជាយើងត្រូវគិតទៅដល់ការ​ផ្សាយ​ពាណិជ្ជកម្ម បើយើងអាចទៅដល់ការដំឡើងពន្ធអីទៀត ទាំងអស់ហ្នឹងគឺជាកត្ដាសំខាន់​មែន​ទែន​ ហើយការលក់ដូរត្រូវតែមានអាជ្ញាបណ្ណច្បាស់​លាស់»។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរា​ចរណ៍​ផ្លូវ​គោក លោក ស ខេង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា គ្រោះថ្នាក់ចរា​ចរណ៍​ពេញមួ​យឆ្នាំ នា​ឆ្នាំ​​​២០២១ បានកើតឡើងចំនួន​​ ២ ៦៧០លើក ដែលបណ្ដាល​ឱ្យ​មនុស្ស ១ ៤៩៧នាក់ ស្លាប់បាត់បង់ជីវិត និង​​រង​របួស​ចំនួន ៣ ៦១៥នាក់។

ក្រុមអ្នកជំនាញ​​​បានរកឃើញពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១នេះ ដោយសារការ​បើកបរ​លើសល្បឿនកំណត់​ចំនួន ​៣​៨​ភាគ​រយ, ការ​មិន​គោរព​សិទ្ធិ​​​ ២៤ភាគរយ, ការមិនប្រកាន់ស្តាំ​ ១៤ភាគរយ, ការជែងដោយ​​គ្រោះថ្នាក់ ៨ភាគរយ, បត់​ឆ្វេង-ស្តាំ​មិន​ប្រយ័ត្ន​​ ៨ភាគរយ, ស្រវឹង ៤ភាគរយ, កត្តាយានយន្ត​ ៣ភាគរយ និង​ងងុយមាន១ភាគរយ ។

ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ​លោក ស ខេង បានគូសបញ្ជាក់នាពេលថ្មីៗនេះ​ថា យោង​តាម​របាយការណ៍ ​គ្រោះថ្នាក់ចរាចរ​ណ៍​បាន​កើតឡើង ៨៦៩ករណី ដែលចំនួននេះមានការ​កើន​ឡើង ១០៦លើក ស្មើនឹង ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំពោះចំនួនអ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី១នេះវិញ លោកថា មាន​ចំនួន ៤៩៣​នាក់ ដែលចំនួននេះកើនឡើង ៦០​នាក់ ឬស្មើនឹង១៤ភាគរយ ខណៈអត្រាអ្នករងរបួសមានចំនួន ១ ២៦២នាក់ កើនឡើង១៤៩នាក់ ឬស្មើនឹង ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ