អាមេរិក​ធានា​ការពារ​សុវត្ថិភាព​ដល់​ស៊ុយអែត និងហ្វាំងឡង់ អំឡុង​ពេល​ដាក់ពាក្យ​ចូល​ណាតូ

លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានអាមេរិក។ (it.usembassy.gov)

សេតវិមាន​បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​នឹង​ធានា​ក្នុង​ការ​ដោះស្រាយ​រាល់ទុក​​កង្វល់ដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសម្រាប់ស៊ុយអែត និងហ្វាំងឡង់ ក្នុងអំឡុងពេល​ដែលប្រទេស​ទាំង​២នេះដាក់​ពាក្យ​ស្នើសុំ​ចូលជាសមាជិកអង្គការណាតូ (NATO) និងមុនពេលដែលពួកគេត្រូវបានទទួលយកចូលក្នុងសម្ព័ន្ធមួយនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ការធានានេះបានធ្វើឡើងបន្ទាប់ពីប្រទេសស៊ុយអែត និងហ្វាំងឡង់ បានលើកឡើងជាការព្រួយ​បារម្ភទាក់​ទង​នឹ​ងការដាក់សំណើ​សមាជិកភាពទៅសម្ព័ន្ធ​យោធា​ណាតូថា ពួកគេអាចនឹងងាយរងនូវការគំរាម​កំហែង​ពី​រុស្ស៊ី ក្នុងអំឡុងពេលដំណើរការដាក់ពាក្យស្នើសុំ ដែលអាច​នឹង​ចំណាយ​រយៈ​ពេល​រហូតដល់​ទៅមួយឆ្នាំក្នុងការទទួលបានការអនុម័តដោយសមាជិកណាតូទាំង​៣០។

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានថ្លែងប្រាប់សន្និសីទសារព័ត៌​មាន​មួយ​ថា៖ «យើងជឿជាក់ថា យើងអាចស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយរាល់កង្វល់ដែលប្រទេសទាំងពីរនេះ [ស៊ុយអែត ហ្វាំងឡង់] អាចនឹងជួបប្រទះក្នុងអំឡុងរយៈពេលនៃការដាក់ពាក្យស្នើសុំចូលជាសមាជិកភាពរបស់អង្គការណាតូ និងការចូលជាសមាជិកផ្លូវការនៃសម្ព័ន្ធមួយនេះ»។

គួរបញ្ជាក់ថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ ត្រូវបានរំពឹងថានឹងធ្វើការសម្រេចចិត្តជាផ្លូវការលើការដាក់ពាក្យស្នើសុំចូលរួមជាមួយអង្គការណាតូក្នុងខែនេះ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិស៊ុយអែតធ្លាប់បានលើកឡើងឱ្យដឹងកាលពីខែមុនថា ការដាក់ពាក្យស្នើសុំចូលជាសមាជិកភាពរបស់ខ្លួននេះ អាចនឹងបង្កឱ្យមានការឆ្លើយតបជាច្រើនពី​ប្រទេស​រុស្ស៊ី ក្នុងគោល​បំណង​ដើម្បី​បំផ្លាញ​សន្តិសុខ​របស់​ប្រទេស​ស៊ុយ​អែត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ