លោក​​ កឹម​ សុខា​ ជួប​​ពិភាក្សា​​ជា​មួយ​​នាយក​​រដ្ឋ​មន្ត្រី​​ក្នុង​​ឱកាស​​គោរព​វិញ្ញាណ​ក្ខន្ធ​​សព​​លោក​ ហ៊ុន​ ណេង​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាជាមួយ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ នាឱកាសគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង បងប្រុសរបស់នាយករដ្ឋមន្ត្រី នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ នៅខេត្តកំពង់ចាម។ (ហ្វេសប៊ុក លោក កឹម សុខា)

ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា បានជួបពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ជាច្រើនម៉ោង ក្នុងឱកាសមេបក្សប្រឆាំងរូបនេះបានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង ដែលជាបងប្រុសបង្កើត​នាយករដ្ឋមន្ត្រី។

សហមេធាវីមួយរូបរបស់លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី កាលពីម្សិលមិញបានឱ្យដឹងលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ប្រធានគណបក្សប្រឆាំងរូបនេះ និងសហការី នឹង​ចូលរួមគោរពវិញ្ញាណក្ខន្ធ​សពលោក ហ៊ុន ណេង នៅគេហដ្ឋានរបស់គាត់ នាក្រុងកំពង់ចាម នៅថ្ងៃ​ព្រឹកទី៨ ខែឧសភា ឆ្នាំ២០២២។

វីអូឌី នៅពុំទាន់អាចសុំការឆ្លើយតបពីសហមេធាវី អ្នកស្រី ម៉េង សុភារី និងមនុស្សស្និទ្ធ លោក កឹម សុខា ដែលមានវត្តមានក្នុងឱកាសចូលរួមគោរពវិញ្ញាណក្ខន្ធ​សពបងប្រុសនាយករដ្ឋមន្ត្រី រួមមានលោក មុត ចន្ថា លោក មាជ សុវណ្ណារ៉ា និងលោក យឹម ស៊ីណន បាននៅឡើយទេ។ ​  ​ប៉ុន្តែបើតាមរូបភាពជាច្រើនសន្លឹកត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម បង្ហាញពីកិច្ចពិភាក្សាដ៏ផ្អែមល្ហែមរវាង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយប្រធាន​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា ក្នុងទិដ្ឋភាពស្និទ្ធស្នាល។

សារព័ត៌មានស្និទ្ធរដ្ឋាភិបាល Fresh News បានចុះផ្សាយនៅថ្ងៃទី៨ ខែឧសភានេះថា ឥស្សរជននយោបាយទាំងពីររូប បានចំណាយពេលជួបពិភាក្សាគ្នាជាពិសេស​ ​អស់រយៈពេល ៤ម៉ោង ​ ដោយយកផ្លែឈើ និងនំនេក ជាអាហារថ្ងៃត្រង់ថែមទៀតផង ប៉ុន្តែសារព័ត៌មានដដែលនេះក៏មិនបានបង្ហាញពីលទ្ធផលនៃកិច្ចពិភាក្សានោះដែរ។

​ជំនួយ​ការផ្ទាល់របស់លោក កឹម សុខា គឺលោក មុត ចន្ថា បានប្រាប់ វីអូឌី កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព​លោក ហ៊ុន ណេង ពីសំណាក់​​លោក កឹម សុខា ​ ​គឺ​ជា​ការបង្ហាញនូវកាយវិការក្នុងនាមជាខ្មែរដូចគ្នា ដែលចេះជួយចែក​រំលែក​ទុក្ខសោកគ្នាទៅវិញទៅ​មក។

បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ណេង បាន​ទទួលមរណ​ភាពដោយសារជំងឺគាំងបេះដូង កាលពីរសៀលថ្ងៃទី៥ ខែឧសភា ​​ ក្នុងជន្មាយុ​​ ៧២ឆ្នាំ។ លោក ហ៊ុន ណេង ធ្លាប់ជាសមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម​គណបក្សប្រជាជនកម្ពុជា និងជាអតីតអភិបាលខេត្តកំពង់ចាមផងដែរ។

សពរបស់លោក ហ៊ុន ណេង ត្រូវតម្កល់ធ្វើបុណ្យនៅឯគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងភូមិទី​៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម រួចដង្ហែ​យកទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម នៅថ្ងៃទី៩ ខែឧសភា។

នៅប៉ុន្មានម៉ោងក្រោយពីការទទួលបានដំណឹង​ពីមរណភាពនេះ លោក កឹម សុខា ​ក៏បានសរសេរសារចូលរួមរំលែកទុក្ខទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសារ ​ ហើយលោកនាយករដ្ឋមន្ត្រីក៏បាន​សរសេរសារត្រលប់ទៅវិញ ដោយបានអរគុណចំពោះទឹកចិត្តចូលរួមរំលែកទុក្ខរបស់លោក កឹម សុខា ផងដែរ។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក កឹម សុខា ក៏​បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី ម្ដាយបង្កើតរបស់លោកស្រី ប៊ុន រ៉ានី និងជាម្ដាយក្មេករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​។

ក្នុងឱកាសនោះ លោក ហ៊ុន សែន និងលោក កឹម សុខា បានឆ្លៀត​ជជែក​គ្នារយៈពេល​​ជិត​​ ១​ម៉ោង ខណៈ​អ្នកវិភាគ​នយោបាយ​មួយចំនួនបាន​មើល​ឃើញ​ថា​ កិច្ចសន្ទនា​​​​​ពេល​នោះ​​ទំនង​អាច​ឈាន​ទៅ​ដោះ​ស្រាយ​ការជាប់​គាំង​នយោបាយ ឬ​បញ្ចប់​​ជម្លោះ​នយោបាយ​រវាង​​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង។ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​វិបត្តិ​នយោបាយ​រវាង​គណបក្សទាំងពីរនៅតែរកដំណោះស្រាយមិនទាន់ឃើញដដែល៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ