កូរ៉េខាងត្បូង​គ្រោង​ផ្ដល់​វ៉ាក់សាំង​ដល់​កូរ៉េខាងជើង បន្ទាប់​ពី​ប្រទេស​នេះ​មាន​ករណី​ស្លាប់​ដំបូង​ដោយ​ជំងឺ​កូវីដ-១៩

រូបភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Il Sung និង Kim Jong Il នៅលើអគាររដ្ឋាភិបាលក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៨។ (REUTERS)

ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេស​របស់ខ្លួន​គ្រោងនឹងផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់ផ្នែក​វេជ្ជសាស្រ្តមួយ​ចំនួនផ្សេង​ទៀតដល់ប្រទេសក្បែរខាងគឺកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ការប្រកាសពីគម្រោងនៃការផ្ដល់ជូនដោយកូរ៉េ​ខាង​ត្បូង​ ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពីប្រទេសក្បែរខាង​របស់​ខ្លួន​មួយ​នេះបានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺរាតត្បាតក្នុងទ្រង់ទ្រាយធំ រួម​នឹង​ករណី​អ្នកស្លាប់​​ដោយសារជំងឺនេះ ដែលមិនធ្លាប់កើតឡើងកាលពីពេលកន្លងទៅ។

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងនឹងពិភាក្សាអំពីផែនការលម្អិតបន្ថែមទៀត ទាក់ទិននឹងការផ្ដល់ជំនួយទាំងនេះដល់កូរ៉េខាងជើង»។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់​អង្គការសុខភាពពិភពលោក គិតចាប់តាំងថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២០ រហូតដល់ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២​នេះ កូរ៉េខាងជើងពុំដែលប្រកាសពីការរកឃើញករណី​ឆ្លងជំងឺកូវីដ-១៩ឡើយ ដែលករណីនេះបានបង្កឱ្យមានជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈតួលេខ​អ្នកឆ្លងជំងឺនេះបច្ចុប្បន្ននៅជុំវិញពិភពលោក បានឈានដល់ចំនួនជាង៥០០​លានករណីហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ