លោក ហ៊ុន សែន នឹង​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​ស្វីស​នាចុង​សប្ដាហ៍​នេះ

ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេស​ស្វីស ចាប់​ពីថ្ងៃ​ទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី​១៩ ខែ​ឧសភា បាន​ឱ្យដឹងថា ការចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ «ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ-១៩» នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីស ពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ ​ធ្វើឡើងតបតាមការអញ្ជើញរបស់​លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។

ក្រសួងបន្តថា ក្នុងឱកាសចូលរួមក្នុងវេទិកានេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​អញ្ជើញថ្លែង​សុន្ទរកថា​​នៅ​ក្នុង​ពិធី​បិទ​កិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទ «ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការ​ ជាមួយថ្នាក់ដឹកនាំសេដ្ឋ​កិច្ច​ពិភព​លោក ក្រោម​ប្រធាន​បទ «ការស្ដារសន្តិភាព និងសណ្ដាប់ធ្នាប់ឡើងវិញ»

ក្រៅពីនោះ លោក​​នាយករដ្ឋមន្រ្តីក៏រំពឹងថានឹងមានជំនួបពិភាក្សាការងារ​ជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់​ឥស្សរជននយោ​បាយ និង​ធុរជន​ពិភព​លោក​ផងដែរ។

ក្រសួងការបរទេសកម្ពុជា បន្តទៀត​ថា ក្នុងឱកាសស្នាក់នៅប្រទេសស្វីស លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹងអញ្ជើញថ្លែងសុន្ទរកថាបើកក្នុងព្រឹត្តការណ៍ «រាត្រីកម្ពុជា» (CAMBODIA NIGHT) ដែល​​រៀបចំ​ដោយ​​ក្រុម​ហ៊ុន វើលដ៍ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណង​ដើម្បី​លើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។

ក្នុងដំណើរទៅកាន់ប្រទេសស្វីសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏គ្រោង​​នឹង​ជួបសំណេះ​សំណាល​ជាមួយពលរដ្ឋ​ខ្មែរ​ដែលរស់នៅទីនោះ និងបណ្តាប្រទេសអឺរ៉ុបផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ