មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ជំរុញទៅស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឱ្យហ្មត់ចត់លើអ្នកដំណើរចូលកម្ពុជាដែលមានកន្ទួលរមាស់នៅលើខ្លួន មានគ្រុនក្ដៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្ដាប្រទេសប៉ែកអាហ្វ្រិកប្រមាណ១០ ក្រោយតំបន់ទាំងនោះផ្ទុះជំងឺអុតស្វា។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានរៀបចំនូវអត្ថបទមួយកាលពីថ្ងៃទី២២ ខែឧសភា ដោយពន្យល់ពីស្ថានភាពនៃជំងឺអុតស្វា ដែលបានកើតឡើងលើសកលលោក និងផ្តើមចេញពីអ្នកដំណើរអង់គ្លេសម្នាក់ដែលបានឆ្លងពេលធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា។
ក្នុងនោះ លោកស្រីបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬករណីវិជ្ជមានជំងឺអុតស្វាណាមួយនៅកម្ពុជានោះទេ។
យ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះបានអំពាវនាវដល់ពលរដ្ឋកម្ពុជាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន និងតាមរយៈការណែនាំរបស់ក្រសួង។ ចំណែកគ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវតាមដាននិងរាយការណ៍ករណីសង្ស័យណាមួយដែលកើតមានឡើង ដើម្បីបន្តការស៊ើបអង្កេត។
លោកស្រីបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់នូវអ្នកដំណើរទាំងអស់ចូលមកកម្ពុជាដែលមានកន្ទួលរមាស់នៅលើខ្លួន ឬមានគ្រុនក្ដៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្ដាប្រទេសតំបន់អាហ្វ្រិកមួយចំនួន។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ «ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់នូវអ្នកដំណើរចូលមកកម្ពុជាដែលមានកន្ទួលរមាស់នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្ដាប្រទេសប៉ែកខាងអាហ្វ្រិក [ប្រមាណ១០ប្រទេស] ដែលមានការកើតឡើងនូវជំងឺអុតស្វា [Monkeypox] បែបជាអង់ដេមី»។
ក្រៅពីនោះ លោកស្រី ឱ វណ្ណឌីន បានប្រាប់ពលរដ្ឋឱ្យការពារខ្លួននិងរក្សាអនាម័យ បរិភោគអាហារឆ្អិនល្អ ព្រមទាំងចៀសវាងការប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលឈឺជំងឺអុតស្វា សត្វរស់ ឬស្លាប់។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញមួយរូប លោក វាសនា រមណីយ យល់ថា ការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលនាពេលនេះធ្វើបានទាន់ពេលវេលា ដើម្បីជំរុញឱ្យប្រុងប្រយ័ត្នទាំងការទទួលអ្នកដំណើរចូលប្រទេស និងពលរដ្ឋនៅក្នុងស្រុកកាន់តែយកចិត្តទុកដាក់ជាងមុន។
យ៉ាងណា លោកថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមច្រើនទម្រង់ ជាជាងផ្សាយតែតាមលិខិតវែងៗនៅលើបណ្តាញសង្គមហ្វេសប៊ុក។
លោក វាសនា រមណីយ ថា៖ «[ពលរដ្ឋ] ភាគច្រើន ខ្ញុំសង្កេតឃើញទាំងខ្លួនខ្ញុំផ្ទាល់ដែរ នៅពេលដែលក្រសួងសុខាភិបាលគាត់ដាក់ព័ត៌មានមក សរសេរជាអក្សរហ្នឹង វាច្រើនណាស់។ អ៊ីចឹងអ្នកខ្លះ បងប្អូនចាស់ៗពីមុនខ្លះ គាត់អត់សូវចេះអានអក្សរ ខ្លះអត់មានពេលអាន អ្នកខ្លះទៀតអត់ចូលចិត្តអាន។ អ៊ីចឹងព័ត៌មានហ្នឹងអត់សូវទូលំទូលាយទេ។ តែបើក្រសួងគាត់បន្ថែមជា Voice [សំឡេង] មួយទៀតទៅ ដើម្បីឱ្យពួកគាត់ voice ឬក៏ forward សំឡេងហ្នឹងតៗគ្នា ដើម្បីចែករំលែកឱ្យគាត់ស្តាប់ ហើយក្មេងៗខ្លះក៏អាចឮផងដែរ»។
ពលរដ្ឋនៅរាជធានីភ្នំពេញរូបនេះមានសុទិដ្ឋិនិយមថា ក្រសួងសុខាភិបាល និងស្ថាប័ននានា នឹងមានចំណាត់ការម៉ឺងម៉ាត់ ដើម្បីចៀសវាងការនាំចូលជំងឺអុតស្វាមកកម្ពុជា ខណៈក្រសួងមានបទពិសោធន៍ពាក់ព័ន្ធការទប់ស្កាត់បញ្ហាកូវីដ-១៩ រួចហើយដែរ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ថ្លែងសាទរចំពោះក្រសួងសុខាភិបាលដែលជំរុញឱ្យមានការពិនិត្យហ្មត់ចត់លើអ្នកដំណើរចូលមកកម្ពុជា ខណៈមានការផ្ទុះជំងឺអុតស្វានៅបណ្តាប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក។ លោកចាត់ទុកថា នេះគឺជារឿងត្រឹមត្រូវ ពោលគឺដើម្បីធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ជាមុន កុំឱ្យមានការនាំវីរុសប្រភេទនេះចូលមកចម្លងនៅសហគមន៍កម្ពុជា។
បើតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្ររូបនេះឱ្យដឹងថា ជំងឺអុតស្វាកើតចេញពីសត្វស្វាមួយប្រភេទ ដែលឈាមសត្វនេះមានវីរុសចម្លងជំងឺទៅមនុស្សបាន។
លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ថា៖ «បើសិនជាយើងបណ្ដែតបណ្ដោយដូចជា [មានអ្នកជំងឺអុតស្វា] ចូលសណ្ឋាគារ ចូលផ្ទះសំណាក់ វាអាចនឹងឆ្លង [ទៅអ្នកផ្សេងទៀត] ដោយសារតែមនុស្សអស់ហ្នឹង គាត់កើត ហើយគាត់ដេកទៅ ហើយមានខ្ទុះ មានរមាស់បែកនៅលើកម្រាលពូកអស់ហ្នឹង ទឹករងៃហ្នឹងដែលឆ្លងលឿន»។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលដដែល ជំងឺអុតស្វាមានរោគសញ្ញាដូចជា ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និងចេញកន្ទួលដែលមានពងបែក កន្ទួលប្រមូលផ្តុំលើមុខ បាតដៃ និងបាតជើង មាត់ ប្រដាប់ភេទ និងភ្នែក ហើយជាទូទៅកន្ទួលមានរយៈពេលច្រើនសប្តាហ៍។
បែបនេះក្តី លោកស្រី ឱ វណ្ណឌីន ថាជំងឺអុតស្វានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល២ទៅ៣សប្តាហ៍ ប៉ុន្តែករណីខ្លះមានភាពស្មុគស្មាញក្នុងការព្យាបាល និងអាចបណ្តាលឱ្យអ្នកជំងឺស្លាប់ដែរ។ លោកស្រីថា ការផ្តល់ជាតិទឹក អាហារដល់អ្នកជំងឺ ថែទាំតាមបែបគ្លីនិក និងតាមសភាពជាក់ស្តែង គឺជារឿងចាំបាច់៕