អង្គការ​អន្តរជាតិ​មួយ​ថា​កម្ពុជា​មាន​អត្រា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ខ្ពស់​ជាងគេ​ក្នុង​តំបន់

អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) លោក Felipe De La Torre ផ្ដល់បទសម្ភាសន៍ក្នុងពិធីសម្ពោធយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈស្តីពី «ពង្រឹងការឆ្លើយតបរបស់មន្ត្រីនគរបាលចំពោះជនរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ នៅក្នុងសហគមន៍ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ» នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ថ្លែងថា កម្ពុជាមានអត្រាអំពើហិង្សាក្នុងគ្រួសារខ្ពស់ក្នុងចំណោមប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ ដែលទាមទារឱ្យមានការបណ្តុះបណ្តាលមន្ត្រីជួរមុខ ដើម្បីឱ្យពួកគេមានចំណេះដឹងឆ្លើយតប​លើបញ្ហាទាំងនោះ។

ការថ្លែងនេះធ្វើឡើងក្នុងពិធីសម្ពោធយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈស្តីពី «ពង្រឹងការឆ្លើយតបរបស់មន្ត្រីនគរបាលចំពោះជនរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ នៅក្នុងសហគមន៍ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ» នាព្រឹកថ្ងៃទី២៤ ខែឧសភានេះ។

ឆ្លើយតបនឹងសំណួរវីអូឌីក្នុងពិធីនោះ អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) លោក Felipe De La Torre លើកឡើងដែលមានន័យជាភាសាខ្មែរថា គំនិតផ្ដួចផ្ដើមលើយុទ្ធនាការបណ្ដុះបណ្ដាលមន្ត្រីនគរបាលកម្ពុជានេះ គឺកើតចេញពីការពិភាក្សារបស់ភាគីពាក់ព័ន្ធ រួមនឹងម្ចាស់ជំនួយ។ លោកបន្តថា ការបណ្តុះបណ្តាលនេះ ក្រោយរកឃើញថា កម្ពុជាជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានអំពើហិង្សាទាក់ទងយេនឌ័រច្រើនជាងគេ។

លោកថា ជាក់ស្តែង របាយការណ៍នានាពីអាជ្ញាធរ និង UN បង្ហាញថា អំពើហិង្សាទាក់ទងនឹងយេនឌ័រ (Gender based violence) និងអំពើហិង្សាក្នុងគ្រួសារ ជាពិសេសលើស្ត្រីមានអាយុចន្លោះពី ១៥ ទៅ ៤៩ឆ្នាំ នៅខណ្ឌដង្កោ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ មានចំនួន​ច្រើនឡើង។ បញ្ហានេះ លោកថា ទាមទារឱ្យមានការទប់ស្កាត់ ឆ្លើយតប ការពារជនរងគ្រោះ និងមានចំណាត់ការលើជនបង្កឬជនល្មើស។

លោកបន្ថែមថា ​នគរបាលយុត្តិធម៌ជាមន្ត្រីបំពេញភារកិច្ចជួរមុខ ចាំបាច់ត្រូវមានការយល់ដឹងកាន់តែច្រើនពីបញ្ហាប្រឈម ផលប៉ះពាល់លើជនរងគ្រោះដែលរងអំពើហិង្សា ដើម្បីធ្វើយ៉ាងណាចាត់វិធានការបានទាន់ពេលវេលា និងបំពេញតួនាទីរបស់ខ្លួនប្រកប​ដោយវិជ្ជាជីវៈ។

លោក Felipe De La Torre មានប្រសាសន៍ថា៖ «តាមរបាយការណ៍ផ្សេងៗរបស់អង្គការសហប្រជាជាតិដែលបានលើកឡើង ជាពិសេសនៅតំបន់អាស៊ីអាគ្មេយ៍របស់យើងហ្នឹង យើងឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗទៀតដែលមានអត្រាទាក់ទងជាមួយអំពើហិង្សាក្នុងគ្រួសារហ្នឹងមានអត្រាខ្ពស់ជាងគេ»។

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម រូបនេះ បន្តថា បើបញ្ហាអំពើហិង្សាទាក់ទងនឹងយេនឌ័រនេះមិនត្រូវបានយកចិត្តទុកដាក់ទេ នោះពុំមែនតែបុគ្គលរងអំពើហិង្សាទេដែលនឹងរងគ្រោះ​ ប៉ុន្តែកូនៗនិងជនពាក់ព័ន្ធជុំវិញខ្លួនរបស់ពួកគេក៏រងផលប៉ះពាល់ដែរ។

ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី សាទរចំពោះ UNODC និងម្ចាស់ជំនួយដែលរៀបចំឱ្យមានការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពមន្ត្រីមានសមត្ថកិច្ច ដើម្បីទប់ស្កាត់និងបង្ក្រាបអំពើហិង្សា។

លោកថា ការបណ្តុះបណ្តាលនឹងជំរុញឱ្យអាជ្ញាធរមានការយល់ដឹងបន្ថែម ទាក់ទងនឹងការចូលរួមជាមួយអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីបង្ការ ទប់ស្កាត់ ផ្សព្វផ្សាយពីច្បាប់ស្តីពី «ការប្ដូរឥរិយាបថហិង្សាលើស្ត្រី និងកុមារ» ទៅជា «អហិង្សា» វិញ។

យ៉ាងណា លោកថា ជាទូទៅ អំពើហិង្សានៅរាជធានីភ្នំពេញមានការថយចុះ ខណៈរដ្ឋាភិបាលមានគោលនយោបាយយកចិត្តទុកដាក់លើបញ្ហាអំពើហិង្សាទាក់ទងយេនឌ័រនេះ។

ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ថ្លែងក្នុងពិធីសម្ពោធយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈស្តីពី «ពង្រឹងការឆ្លើយតបរបស់មន្ត្រីនគរបាលចំពោះជនរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ នៅក្នុងសហគមន៍ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ» នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ថ្លែងក្នុងពិធីសម្ពោធយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈស្តីពី «ពង្រឹងការឆ្លើយតបរបស់មន្ត្រីនគរបាលចំពោះជនរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ នៅក្នុងសហគមន៍ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ» នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី មានប្រសាសន៍ថា៖ «ជាការពិត បើយើងនិយាយជាទូទៅ មានការថយចុះ! តែបើយើងគិតថា មើលជាព័ត៌មានមួយៗ ឃើញថា វាមានដូចថាជារឿងករណីដែលកើត យើងគិតថាអាចកើន។ តែសម្រាប់យើង ជាការប្រៀបធៀបក្នុងការអនុវត្តច្បាប់ ឃើញថាមានការថយ»។

បើតាមមន្ត្រីក្រសួងមហាផ្ទៃរូបនេះ អំពើហិង្សាច្រើនកើតឡើងដោយសារការប្រច័ណ្ឌ ការប្រើគ្រឿងស្រវឹង គ្រឿងញៀន ភាពអត់ការងារធ្វើ លេងល្បែងស៊ីសង ជាដើម។ លោកថា អំពើហិង្សាបង្កឱ្យខាតបង់ពេលវេលា ថវិកា ហើយករណីខ្លះទៀត ជនប្រព្រឹត្តក្លាយខ្លួនជាឃាតករ នាំទៅកាន់បទល្មើសផ្សេងកាន់តែធ្ងន់ធ្ងរ​​ ប៉ះពាល់ដល់អនាគតកូនចៅរបស់ពួកគេផងដែរ។

នាយិកាអង្គការក្លាហាន កញ្ញា បុណ្យ រចនា មានប្រសាសន៍ថា ​អំពើហិង្សាលើស្ត្រីពិតជាមានច្រើនករណីប្រាកដមែននៅកម្ពុជា បើទោះបីជាភ្នាក់ងាររដ្ឋ និងដៃគូអភិវឌ្ឍន៍ បានចាត់វិធានការយ៉ាងណាក៏ដោយ។

កញ្ញាចាត់ទុកឫសគល់នៃបញ្ហាហិង្សាថា បណ្តាលមកពីការរើសអើង ការរឹតត្បិតលើស្ត្រី ភាពលម្អៀង ការបណ្តែតបណ្តោយឱ្យបុរសចាត់ទុកខ្លួនឯងជាអ្នកចាត់ចែងគ្រប់គ្រងលើរាងកាយនិងអនាគតរបស់ស្ត្រី ព្រមទាំងការអនុវត្តច្បាប់នៅមានកម្រិត ជាដើម។

យ៉ាងណា កញ្ញាថា យន្តការដោះស្រាយអំពើហិង្សាត្រូវការធនធានមនុស្សនិងថវិកា ដើម្បីធ្វើការងារនេះឱ្យមានតម្លាភាព ចៀសផុតពីអំពើពុករលួយ ខណៈកន្លងមក ការដោះស្រាយបញ្ហាទាំងនេះពឹងផ្អែកខ្លាំងតែលើធនធានរបស់ដៃគូអភិវឌ្ឍន៍ប៉ុណ្ណោះ។

កញ្ញាថា៖ «អំពើពុករលួយ ប្រាកដណាស់ វានឹងធ្វើឱ្យការអនុវត្តច្បាប់មានដែនកំណត់។ ឧទាហរណ៍ថា រឿងដែលត្រូវដោះស្រាយ ហើយជនរងគ្រោះដែលគាត់មិនមានទ្រព្យធន ឬក៏មិនមានអំណាច គាត់នឹងអត់ទទួលបាននូវយុត្តិធម៌ពេញលេញ ហើយអ្នកដែលមានឥទ្ធិពល មានឋានៈសង្គម ឬក៏មានធនធានហ្នឹង គាត់អាចរួចផុតពីសំណាញ់ច្បាប់»។

បើតាមមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ប្រចាំអាស៊ីអាគ្នេយ៍ លោក Felipe De La Torre បញ្ជាក់ថា ស្ថាប័នអន្តរជាតិមួយនេះនឹងផ្តើមបណ្តុះបណ្តាលមន្ត្រី​សមត្ថកិច្ចគ្រប់កម្រិត​ និងមន្ត្រីជួរមុខ នៅសហគមន៍ចំនួន៦ ក្នុងខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រយៈពេល២សប្តាហ៍ នៅពាក់កណ្តាលខែមិថុនាខាងមុខ៕  ​

សកម្មភាពខ្លះៗក្នុងពិធីសម្ពោធយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈស្តីពី «ពង្រឹងការឆ្លើយតបរបស់មន្ត្រីនគរបាលចំពោះជនរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ នៅក្នុងសហគមន៍ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ» នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ