ព្រឹទ្ធសភា​អាមេរិក​អនុម័ត​លើ​សេចក្ដី​សម្រេច​ក្នុង​ការ​រម្លឹក​ខួប​៣០ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។ (រូបភាព៖បញ្ញា ឆពណ្ណ)

ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែឧសភា បានអនុម័តជាឯកច្ឆន្ទលើសេចក្ដីសម្រេចចិត្ត ក្នុងការរម្លឹកដល់ខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបានបញ្ចប់សង្គ្រាម​មានរយៈពេលរាប់ទសវត្សរ៍ និង​ធ្វើឱ្យប្រទេសកម្ពុជាស្ថិតនៅលើផ្លូវនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។

សេចក្តីសម្រេចចិត្តនេះត្រូវបានផ្ដួចផ្ដើមដោយសមាជិកព្រឹទ្ធសភា ឈ្មោះ Edward J. Markey មកពីរដ្ឋ Massachusetts, ព្រឹទ្ធសមាជិក Mitt Romney មកពីរដ្ឋ Utah, ព្រឹទ្ធសមាជិក Bob Menendez មកពីរដ្ឋ New Jersey និងព្រឹទ្ធសមាជិក Jim Risch មកពីរដ្ឋ Idaho។

សេចក្តីសម្រេចចិត្តលេខ៤២៧ របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកនេះ បានអំពាវនាវឱ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទាំងអស់ បំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាបាន​នូវសន្តិភាព វិបុលភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាពកម្ពុជា។

សេចក្តីសម្រេចចិត្តលេខ៤២៧ ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តក្នុងការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលមានការចូលរួមពីគ្រប់គណបក្សនយោបាយនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣។ ការការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ទម្លាក់ចោលការចោទប្រកាន់ ការកាត់ទោសទៅលើអ្នកនយោបាយបក្សប្រឆាំង អ្នកកាសែត និងសកម្មជនសិទ្ធិមនុស្ស ជាដើម។

ទន្ទឹមនឹងការជម្រុញនេះ សេចក្តីសម្រេចចិត្តលេខ៤២៧ ក៏បានអំពាវនាវឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ រួមទាំងកម្ពុជាផង ឱ្យបញ្ជាក់ជាថ្មីទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងប្រទេសកម្ពុជាមួយមានសន្តិភាព ចម្រុងចម្រើន និងគោរពសិទ្ធិនិងសេរីភាពប្រជាពលរដ្ឋ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី២៤ ខែឧសភានេះថា ការអនុម័តសេចក្តីសម្រេចចិត្តលេខ៤២៧នេះ បញ្ជាក់ថា សហរដ្ឋអាមេរិកបានឈរនៅជាមួយប្រជាជនកម្ពុជា ក្នុងការគាំទ្រសេចក្តីប្រាថ្នាយូរអង្វែងរបស់កម្ពុជា ដែលចង់បានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់។

លោកបន្តថា សេចក្តីសម្រេចចិត្តនេះ ថែមទាំងរម្លឹកពីតួនាទីដ៏សំខាន់នៃសហគមន៍អន្តរជាតិ ក្នុងការធ្វើជាដៃគូជាមួយអ្នកពាក់ព័ន្ធខាងកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីជួយកម្ពុជាក្នុងការបញ្ចប់នូវអំពើហិង្សា ហើយចាប់ផ្តើមកសាងប្រទេសឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ