ទូរទស្សន៍ Al Jazeera នឹង​បញ្ជូន​ករណី​បាញ់​សម្លាប់​អ្នកកាសែត​ម្នាក់​របស់​ខ្លួន​ទៅ ICC

ជនជាតិប៉ាឡេស្ទីនកាន់រូបភាពរបស់អ្នសារព័ត៌មានរបស់ស្ថាប័នសារព័ត៌មាន Al Jazeera អ្នកស្រី Shireen Abu Akleh ដែលត្រូវបានសម្លាប់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្នុងអំឡុងពេលដែលអ្នកស្រីចុះទៅយកព័ត៌មាននៃការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅទីក្រុង Jenin ក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។ (REUTERS)

​បណ្ដាញទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា បាន​ឱ្យដឹង​នៅក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា ខ្លួន​នឹង​បញ្ជូន​សំណុំរឿង​​បាញ់​សម្លាប់​អ្នក​កាសែត​ដ៏​ល្បី​ម្នាក់​​របស់​ខ្លួន អ្នក​​ស្រី ហ្ស៊ីរីន អាប៊ូ អាកឡេះ (Shireen Abu Akleh) ទៅកាន់ព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌ​​​អន្តរជាតិ (ICC) ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

អ្នក​ស្រី ស្ហ្ស៊ីរីន អាប៊ូ អាកឡេះ ជាអ្នកកាសែតជនជាតិប៉ាឡេស្ទីន-អាមេរិកាំងមួយរូប ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ ក្នុងអំឡុងពេលដែលអ្នកស្រីចុះទៅយកព័ត៌មាននៃការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅតំបន់ West Bank កាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅ។

ទាក់ទិននឹងករណីនេះ ក្រុមអ្នកច្បាប់របស់បណ្ដាញទូរទស្សន៍ Al Jazeera រួមជាមួយអ្នកជំនាញផ្នែកច្បាប់​អន្តរជាតិនានា នឹង​រៀបចំឯកសារទាក់ទងនឹងការស្លាប់របស់អ្នកកាសែតដ៏​ល្បីល្បាញរូបនេះ ដើម្បីបញ្ជូនទៅកាន់ ICC។

យោងតាមការស៊ើបអង្កេតមួយរបស់អាជ្ញាធរប៉ាឡេស្ទីន ចេញកាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថា អ្នក​​ស្រី ហ្ស៊ីរីន អាប៊ូ អាកឡេះ ត្រូវបានបាញ់សម្លាប់ដោយទាហានអ៊ីស្រាអែល ហើយករណីនេះគឺជាឃាតកម្មដោយចេតនា។

ទោះជាយ៉ាងណា អ៊ីស្រាអែល​បានបដិសេធយ៉ាងដាច់អហង្ការនូវការចោទប្រកាន់នេះ និងថាខ្លួនក៏កំពុង​តែបន្តការស៊ើបអង្កេតលើករណីស្លាប់របស់អ្នកកាសែតរូបនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ