នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​កាត់​ដី​បឹងទន្លេសាប​ជូន​ពលរដ្ឋ​អាស្រ័យផល​យូរឆ្នាំ​តាម​រូបមន្ត​ស្បែកខ្លា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ (រូប៖​ ហ្វេសប៊ុក​លោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធសិក្សាពីការកែសម្រួលផ្ទៃដីបឹងទន្លេសាប និងកាត់ដីជូនពលរដ្ឋដែលអាស្រ័យផលជាក់ស្ដែងយូរឆ្នាំតាមរូបមន្តស្បែកខ្លា និងប្រកាសប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាចដែលទន្ទ្រានយកដីបឹងទន្លេសាប។

ការអះអាងយ៉ាងដូច្នេះធ្វើឡើងតាមរយៈសារពិសេសរបស់លោកនាយករដ្ឋមន្ត្រី ស្ដីពីបឹងទន្លេសាប នៅថ្ងៃទី២៧ ខែឧសភានេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កន្លងទៅ ផ្ទៃដីបឹងទន្លេសាបត្រូវបានចែកជា៣តំបន់ រួមមាន តំបន់១ គឺតំបន់ដែលពលរដ្ឋរស់នៅ តំបន់២ គឺតំបន់ដែលពលរដ្ឋអាស្រ័យផល និងតំបន់៣ គឺព្រៃលិចទឹកដែលជាតំបន់ហាមឃាត់ការពារដាច់ខាត ប៉ុន្តែលោកថា តំបន់នេះនៅតែមានការរំលោភទន្ទ្រាន។

យ៉ាងណា លោកថា ដើម្បីអភិរក្សបឹងទន្លេសាប និងគិតគូរដល់ពលរដ្ឋដែលរស់នៅទីនោះ គឺស្ថាប័នពាក់ព័ន្ធចាំបាច់ត្រូវតែសិក្សាកែសម្រួល កាត់ដី ផ្ដល់កម្មសិទ្ធិដល់ពលរដ្ឋដែលអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ ដោយកាត់ឆ្វៀលតាមរូបមន្តស្បែកខ្លា។

ក្នុងនោះ នាយករដ្ឋមន្ត្រីកាន់អំណាចជិត៤០ឆ្នាំរូបនេះ ប្រកាសប្រឆាំងដាច់ខាតចំពោះជនមានលុយមានអំណាច ដែលទៅទន្ទ្រានយកដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ជ្រកក្រោមរូបភាពប្រជាពលរដ្ឋ ពោលគឺទៅទន្ទ្រានយកហើយជួលឱ្យពលរដ្ឋអាស្រ័យផល។

លោកថា៖ «យើងប្រឆាំងដាច់ខាតជាមួយនឹងការប្រើប្រាស់សិទ្ធិអំណាចរបស់អ្នកមានអំណាច និងប្រើប្រាស់ទឹកលុយរបស់អ្នកមានប្រាក់ ​ដើម្បីទៅជ្រកក្រោមផ្លាករូបភាពប្រជាពលរដ្ឋ ហើយដណ្ដើមកាន់កាប់ទន្ទ្រានយកដីផ្ទៃលិចទឹក ដើម្បីធ្វើជាផលប្រយោជន៍ផ្ទាល់របស់ពួកគេ»។

លោក ហ៊ុន សែន ថាលោកបានបញ្ជាឱ្យរដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា និងថ្នាក់ដឹកនាំខេត្តនៅជុំវិញបឹងទន្លេសាប កែសម្រួលករណីនេះ។

ក្នុងនោះ ព្រំប្រទល់តំបន់ដែលសម្រេចកែតម្រូវរួចហើយ គឺមានខេត្តកំពង់ធំ សម្រួលផ្ទៃដីចំនួន១០០១៤ហិកតា ចេញពីតំបន់២ បញ្ចូលមកក្នុងតំបន់១នៅបឹងទន្លេសាប ជូនពលរដ្ឋ៩ ១៤៤គ្រួសារ និងកែសម្រួលផ្ទៃដី៦ ៣៦៥ហិកតា ស្មើនឹង២ ០២៥ក្បាលដី ចេញពីតំបន់៣ បញ្ចូលក្នុងតំបន់២ នៃបឹងទន្លេសាប ជូនពលរដ្ឋចំនួន១ ៧៤៩គ្រួសារ។ នៅខេត្តបន្ទាយមានជ័យ កែសម្រួលផ្ទៃ៥៨ហិកតា១៦អា ពីតំបន់៣ បញ្ចូលមកតំបន់២ នៃបឹងទន្លេសាប ជូនពលរដ្ឋចំនួន២២គ្រួសារ និងខេត្តពោធិ៍សាត់ សម្រួលផ្ទៃដីចំនួន៣ ៤៤៨ ពីតំបន់៣ មកតំបន់២ នៃបឹងទន្លេសាប ជូនពលរដ្ឋចំនួន១ ៦៥៨គ្រួសារ។

យ៉ាងណា លោកនាយករដ្ឋមន្ត្រីថា នៅមានការពិនិត្យកែសម្រួលបន្តទៀត ដោយផ្អែកលើគោលការណ៍ថ្លឹងថ្លែងលើការអភិរក្ស និងកត្តាប្រវត្តិសាស្ត្រ ខណៈលោកបានប្រគល់ភារកិច្ចនេះដល់ថ្នាក់ខេត្ត ស្រុក ឃុំ និងស្ថាប័នពាក់ព័ន្ធចាត់ការលើរឿងនេះ។

ក្រៅពីនោះ លោកបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធបោះបង្គោលព្រំក្នុងបឹងទន្លេសាបឱ្យបានមាំ ដោយថា បើមិនដូច្នេះទេ បង្គោលអាចនឹងចេះដើរ ដូចជាត្រូវគេដក ឬរំកិល ជាដើម។

ប្រជាសហគមន៍រស់នៅក្បែរបឹងទន្លេសាប ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក ជា សារិន លើកឡើងថា លោកសាទរ បើសិនរដ្ឋាភិបាលអនុវត្តឆ្វៀលដីដល់ដៃពលរដ្ឋដែលរស់នៅយូរឆ្នាំ ឬក្រីក្រ មែននោះ។ យ៉ាងណា លោកបារម្ភថា ដីនោះនឹងក្លាយជាកម្មសិទ្ធិរបស់ជនមានអំណាច ខណៈតាមបទពិសោធន៍ដែលលោកសង្កេតឃើញ គឺទិដ្ឋភាពជាក់ស្តែង ពលរដ្ឋបានត្រឹមជាអ្នករុករានឬអាស្រ័យផលតិចតួច តែអ្នកមានលុយទៅវិញទេដែលជាអ្នកទទួលផលប្រយោជន៍ធំពិតប្រាកដ។

លោកថា ការឆ្វៀលដីតាមរូបមន្តស្បែកខ្លានេះអាចនឹងធ្វើឱ្យមានការទន្ទ្រានបន្ថែមទៀត បើពុំមានការផ្ទៀងផ្ទាត់ឱ្យហ្មត់ចត់ទេនោះ។

លោកថា៖ «អានេះ បើខ្ញុំឱ្យពិន្ទុវិញ បើខ្ញុំជាមេប្រយោគវិញ ខ្ញុំឱ្យសូន្យ! ធម្មតាទេ! ស្អីក៏ដោយ បើគាត់មិនបានសិក្សាឱ្យបានស៊ីជម្រៅ ទៅដោះស្រាយអីកើត? អ្នកផ្សេងមក ដល់មកទៅ វារបាយការណ៍ វាទើរគ្រប់កន្លែង។ អ៊ីចឹងវាអត់ពិតទេ អ៊ីចឹងវាបានតែអ្នកហ្នឹងឯង ហើយអ្នកហ្នឹងអ្នកដែលអាណាពូកែរណេបរណប អែបអបហ្នឹងឯង»។

ទីប្រឹក្សាឯករាជ្យផ្នែកធនធានធម្មជាតិ លោក ហែម ឧត្តម មានប្រសាសន៍ថា ទាំងពលរដ្ឋ និងអ្នកមានអំណាច សុទ្ធតែចង់បានដីនៅតំបន់បឹងទន្លេសាបដូច្នេះទាមទារឱ្យរដ្ឋាភិបាលមានយុទ្ធសាស្ត្រពិតប្រាកដរឹងមាំ សម្រាប់ឆ្លើយតបលើការកែសម្រួលផ្ទៃដីបឹងទន្លេសាប និងកាត់ដីជូនពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងយូរឆ្នាំ ដើម្បីមានតុល្យភាពលើការអភិវឌ្ឍនិងអភិរក្ស។

លោកថា បើអាជ្ញាធរមូលដ្ឋានដែលជាអ្នកចាត់ចែងរឿងនេះបានទទួលផលប្រយោជន៍ពីជនមានអំណាច នោះការកាត់ដីនឹងមិនមានតម្លាភាព ពុំមានគណនេយ្យភាព ហើយខ្វះការទទួលខុសត្រូវ។ បើតាមអ្នកជំនាញរូបនេះ កន្លងមក បញ្ហាពាក់ព័ន្ធនានាត្រូវបានដោះស្រាយ លុះត្រាតែថ្នាក់ដឹកនាំកំពូលចេញអនុសាសន៍ ចំណែកថ្នាក់មូលដ្ឋានហាក់ដូចជាគ្មានសិទ្ធិអំណាចនៅក្នុងការដោះស្រាយឬអនុវត្តច្បាប់សោះ។

លោកថា៖ «តើចរាចរណ៍នៃព័ត៌មាន ការចែករំលែកព័ត៌មានពិតហ្នឹង វាប្រព្រឹត្តទៅយ៉ាងដូចម្តេច? ពេលខ្លះ នៅពេលដែលព័ត៌មានធ្វើដំណើរពីថ្នាក់មូលដ្ឋាន ថ្នាក់ក្រោមជាតិហ្នឹង ទៅថ្នាក់ជាតិ ទៅថ្នាក់ដឹកនាំកំពូលហ្នឹង វាបាត់ ជ្រុះបាត់ វាមានការបំភ្លៃពីការពិតអ៊ីចឹងទៅ។ តែអាហ្នឹងជាការព្រួយបារម្ភរបស់ខ្ញុំ! ហើយយើងកម្រឃើញណាស់ ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន ឬសូម្បីអាជ្ញាធរភូមិឃុំអាចមានទំនាក់ទំនងផ្ទាល់ជាមួយថ្នាក់ដឹកនាំកំពូល»។

យ៉ាងណា លោក ហែម ឧត្តម ថាដរាបណាការអនុវត្តច្បាប់របស់ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងកសិកម្ម ដែនដី បរិស្ថាន តុលាការ ជាដើម នៅមានកម្រិត និងគ្មានភាពឯករាជ្យដោយខ្លួនឯង លោកពុំមានសង្ឃឹម ព្រោះជនមានអំណាចដែលប្រព្រឹត្ត គប់គិត បំពានដីអភិរក្សកន្លងមក លោកឃើញមានតែការផ្ទេរតំណែងពីនេះទៅនោះ ឬត្រូវបានដកតំណែង តែពុំមានទោសទណ្ឌអ្វីធ្ងន់ជាងនេះ។

បែបនេះក្តី ទីប្រឹក្សាឯករាជ្យផ្នែកធនធានធម្មជាតិរូបនេះថា ការប្រើប្រាស់ដីបឹងទន្លេសាបគួរមានផែនការមេ ប្រុងប្រយ័ត្ន គិតគូរពីផលប៉ះពាល់ទាំងមូលព្រោះដីនៅទំនាបបឹងទន្លេសាប​មានពាក់ព័ន្ធជាមួយអាងទន្លេ មេគង្គ អេកូឡូស៊ីធម្មជាតិ ដោយមិនគួរមើលតែមួយជ្រុង ព្រោះវាធ្វើឱ្យខាតបង់ដល់ប្រយោជន៍ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ