ពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ស្នើ​លោក ហ៊ុន ម៉ានី ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃសហគមន៍​ឧត្ដមស្រែពស់

ប្រជា​សហគមន៍ដាក់​ញត្តិនៅទីស្នាក់​ការ​រដ្ឋសភា​​មណ្ឌល​ខេត្តកំពង់ស្ពឺ ​រកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌ​ល​​ខេត្តកំពង់ស្ពឺ ឱ្យ​ជួយ​​ទប់​ស្កាត់​សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ពីសំណាក់​ក្រុមទាហាន «ង៧០» និង​ពលរដ្ឋមួយចំនួនស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជា​សហគមន៍​រកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌ​ល​​ខេត្តកំពង់ស្ពឺ ឱ្យ​ជួយ​​ទប់​ស្កាត់​សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ពីសំណាក់​ក្រុមទាហាន «ង៧០» និង​ពលរដ្ឋមួយចំនួនស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ក្រោយ​គ្មាន​ដំណោះស្រា​យ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

ការរកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ និងជាកូនប្រុស​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​តាមរយៈការ​ដាក់​ញត្តិនៅទីស្នាក់​ការ​រដ្ឋសភា​​មណ្ឌល​ខេត្តកំពង់ស្ពឺ ​របស់ប្រជាសហគមន៍ឃុំត្រពាំងជោរ ប្រហែល​៤០នាក់ នៅថ្ងៃសុក្រនេះ។

សមាជិក​សហគមន៍ឧត្ដមស្រែពស់ លោក ខន សារិទ្ធិ បានលើកឡើង​​ថា ព្រៃសហគមន៍ឧត្ដមស្រែពស់ និ​ងព្រៃមេត្តាធម្មជាតិ កំពុងរងការកាប់បំផ្លាញ​ ឈូស​ឆាយ​ និងដឹកឈើចេញរាល់ថ្ងៃ​ពី​សំណាក់​ទាហាន និង​ប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់​នោះ ដោយគ្មានការចុះទប់ស្កាត់ពីអាជ្ញាធរឡើយ។

លោក​បន្តថា កន្លងមក​ ប្រជាសហគមន៍បានដាក់ញត្តិ​ទៅក្រសួងរៀបចំដែនដី រដ្ឋបាល​ខេត្តកំពង់ស្ពឺ និងស្ថាប័នផ្សេង​ទៀតឱ្យ​ជួយ​ដោះ​ស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានស្ថាប័នណាមួយចេញមុខដោះស្រាយឡើយ ទើបអ្នកភូមិនាំគ្នា​ទៅ​រកកិច្ចអន្តរាគមន៍បន្ថែម​​ពីតំណាងរាស្ត្រខេត្តកំពង់ស្ពឺ​បន្ថែមទៀត។

លោកបន្ថែមថា៖ «យើងស្នើសុំឱ្យលោក ហ៊ុន ម៉ានី ជួយ​ ដោយ​សារ​គាត់​ជា​តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងគាត់ជាកូនសម្ដេច[ហ៊ុន សែន]​ផង ក្រែង​​លោ​គាត់អាចជួយដោះស្រាយបាន។ ឥលូវនេះ​ យើងអស់ជម្រើស​ហើយ ​យើង​បាន​ដើរញត្តិគ្រប់កន្លែង​ហើយ ​តែ​វា​ចេះតែ​​ស្ងាត់ ហើយព្រៃបានរងការកាប់កាន់តែខ្លាំងទៅៗ»

ក្នុងញត្តិ​ដែលពលរដ្ឋ​​ដាក់​ទៅទីស្នាក់​ការ​រដ្ឋសភា​​មណ្ឌល​ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែឧសភានេះ បានលើកឡើងថា កាលពីឆ្នាំ២០០៣ ផ្ទៃ​ដីព្រៃសហគមន៍ឧត្ដមស្រែពស់​ មានទំហំ២ ៤៣៣ហិកតា ដោយ​មាន​ពលរដ្ឋអាស្រ័យផលចំនួន២៥៣គ្រួសារ ហើយ​នៅចន្លោះឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៧ អាជ្ញាធរបានកាត់ឆ្វៀលដីព្រៃសហគមន៍នេះ​ទៅឱ្យក្រុមហ៊ុនឯកជន និងក្រុមគ្រួសារទាហាន«ង៧០» អស់ជាច្រើនហិកតា។

ញត្តិដដែល​បន្ត​ថា បច្ចុប្បន្ន​នេះ ដីព្រៃសហគមន៍នេះ​នៅសល់ប្រហែល៩០០ហិកតាប៉ុណ្ណោះ និងកំពុងទទួលរង​ការកាប់ទន្ទ្រាន​ និងដុតបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត។ ប្រភព​ដដែល​ឱ្យដឹង​ទៀត​​ថា ព្រៃ​សហគមន៍ទាំង២នេះ​ជាតំប​ន់​ព្រៃ​ស្រោង ជាជម្រកសត្វព្រៃ​ជាច្រើនប្រ​ភេទ​​កំពុងរស់នៅ ជាពិសេស​ប្រភេទ​សត្វព្រៃ​ជិត​ផុត​ពូជ ខណៈ​ប្រជា​ពលរដ្ឋនិងព្រះសង្ឃបានការពារព្រៃនេះជាង២០ឆ្នាំទៅហើយ។

ករណីប្រជាសហគមន៍បានស្នើដល់តំណាងរាស្ត្រខេត្តកំពង់ស្ពឺ​ លោក ហ៊ុន ម៉ានី ជួយអន្តរាគមន៍ជាបន្ទាន់ ដោយ​ជួយ​ទប់ស្កាត់​រាល់​សកម្មភាព​ទាំងឡាយ​ណាដែល​នាំឱ្យអន្តរាយដល់សម្បត្តិធនធានធម្មជាតិរបស់ប្រទេសជាតិ។

ក្នុងញត្តិសរសេរថា៖ «សកម្មភាពរបស់ពួកយើងក្នុងការការពារព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ មិនមែនធ្វើដើម្បីយកជាសម្បត្តិផ្ទាល់ខ្លួនឯងឡើយ គឺសំណើសុំទុកជាសម្បត្តិរួម ជាប្រយោជន៍រួមរបស់ប្រទេសជាតិ ហើយក៏អាចចូល​​រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ​របស់​ប្រទេស​កម្ពុជា ដែល​មាន​សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី»

វីអូឌី មិនអាចសុំការឆ្លើយតបពីតំណាងរាស្ត្រខេត្តកំពង់ស្ពឺ​ លោក ហ៊ុន ម៉ានី បានទេ នៅថ្ងៃសុក្រនេះ ដោយ​អ្នក​ទទួល​ទូរសព្ទប្រាប់ថា លោកកំពុងជាប់រវល់ប្រជុំ។

កាល​ពីថ្ងៃទី១៧ ខែ​ឧសភា​នេះ ប្រជាសហគមន៍បាននាំគ្នាយកញត្តិទៅដាក់នៅរដ្ឋបាល​ខេត្តកំពង់​ស្ពឺ ដើម្បី​សុំឱ្យអភិបាលខេត្ត លោក វ៉ី សំណាង ជួយការពារនិង​ថែរក្សាព្រៃសហគមន៍​ទាំង២នេះ​​ជាតំបន់ការពារធម្មជាតិ ប៉ុន្តែពលរដ្ឋអះអាងថា រហូតមកដល់ពេលនេះ​ រដ្ឋបាលខេត្តនៅ​ពុំទាន់មានការឆ្លើយតបណាមួយឡើយ។

មន្ត្រីសម្របសម្រួលគម្រោង​ធុរកិច្ច និងសិទ្ធិមនុស្ស​​ នៃមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា ការដែល​​ប្រជា​សហគមន៍​​ស្នើសុំ​អន្តរាគមន៍​ពី​តំណាងរាស្ត្រឱ្យជួយដោះស្រាយបញ្ហាព្រៃឈើនេះ ជារឿងត្រឹមត្រូវ។ លោក​ថា តំណាងរាស្ត្រកើត​ចេញពីការ​បោះឆ្នោត​របស់​​ប្រជាពលរដ្ឋ​ឱ្យធ្វើជាតំណាង ដើម្បី​ជួយ​ដោះ​ស្រាយ​នូវ​កង្វល់​របស់ពួក​គេ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា តំណាងរាស្ត្រមានតួនាទីទទួលយកបណ្ដឹងនិង​កង្វល់ផ្សេងៗ​រប​ស់ប្រជាពលរដ្ឋ​ទៅ​ជជែកជាមួយ​រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការ​ដោះស្រាយ​។

លោកបន្ថែមថា៖ «តាមពិតទៅ គាត់ [តំណាងរាស្ត្រ] មិនមាន​សិទ្ធិអំណាចដោះស្រាយដោយផ្ទាល់ទេ ប៉ុន្តែគាត់មានសិទ្ធិក្នុងការ​យក​ព័ត៌​មាន ការ​ព្រួយ​បារម្ភ និងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋហ្នឹងដាក់ជូនទៅរដ្ឋាភិបាល ជាពិសេសក្រសួង​មាន​សមត្ថ​កិច្ច ហើយ​ក្រសួងមានសមត្ថកិច្ចទាំង​អស់​ហ្នឹង ត្រូវទទួលដោះស្រាយនិងធ្វើរបាយការណ៍ទៅតំណាងរាស្ត្រវិញ ដើម្បីឱ្យគាត់ធ្វើការ​ឆ្លើយ​តប​ទៅប្រជាពលរដ្ឋវិញ»

យ៉ាងណា លោក​សង្កេត​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ តំណាងរាស្ត្រហាក់មានភាពអសកម្ម និង​មិនសូវ​អើពើក្នុងការជួយដោះ​ស្រាយ​នូវកង្វល់​របស់​ប្រជាពលរដ្ឋឡើយ ជាពិសេសពលរដ្ឋដែល​មាន​ជម្លោះដីធ្លី។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅ​ឱ្យ​គ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។

ក្រោយ​ទទួលបានដីសម្បទានសង្គម​កិច្ច​នេះ ក្រុម​ទាហានបាន​​ដាក់​គ្រឿងចក្រឈូស​ឆាយ និង​ប្រើកម្លាំង​កម្មករ​ឱ្យ​ចូល​ទៅកាប់​រុករានព្រៃឈើនៅ​តំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់​នៅឃុំត្រពាំង​ជោរ​តវ៉ា​ប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដែលពួក​គេ​​បាន​ការ​ពារ​ជាង​២០​ឆ្នាំមកហើយ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន ដែលចុះពិនិត្យករណីនេះ ប្រាប់ វីអូឌី កាលពីថ្ងៃ​ទី២៤ ខែ​កុម្ភៈ​ ថាការ​កាត់​ដីចេញ​ពី​ដែនជម្រក​សត្វព្រៃភ្នំឱរ៉ាល់​រប​ស់​ក្រសួងបរិស្ថាន ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ព​នៅ​ឃុំត្រពាំង​ជោរ​នោះ គឺ​មាន​ភាពមិន​ប្រក្រតី​ជាច្រើន និងបានធ្វើឱ្យ​ប៉ះ​​ពាល់​ដល់​ដីព្រៃ​សហគមន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ