ថៃ​រកឃើញ​ករណី​ជំងឺអុតស្វា​ដំបូង​លើ​អ្នក​ដំណើរ​ម្នាក់​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​នេះ

រូបថតឯកសារ៖ ស្ត្រី​ម្នាក់​កាន់​ដប​ដែល​មាន​ស្លាក “វ៉ាក់សាំង​អុតស្វា (Monkeypox)” និង​សឺរ៉ាំង​វេជ្ជសាស្ត្រ​។ ក្នុង​រូបភាព​តំណាងនេះ​ថត​ថ្ងៃទី២៥ ឧសភា ឆ្នាំ២០២២។ (REUTERS)

ប្រទេសថៃ បាន​រាយការណ៍ពីករណីរកឃើញដំបូងនៃ «ជំងឺ​អុតស្វា (Monkeypox)» លើបុរស​ម្នាក់​ដែលជាអ្នក​ដំណើរ​ឆ្លងកាត់ (transit) តាមផ្លូវអាកាស​​ ដែលធ្វើដំណើរមកពីទ្វីបអឺរ៉ុប ហើយឈប់នៅអាកាសយាន​​ដ្ឋាន​អន្តរ​ជាតិ​ក្នុង​ទី​ក្រុង​បាងកក ដើម្បីរង់ចាំជើងហោះហើរបន្តទៅកាន់ប្រទេសអូស្ត្រាលី។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថៃ ដែលត្រូវបានយកមកចុះផ្សាយដោយសារព័ត៌​មាន​ថៃ Thai PBS World

ទាក់ទិននឹងករណីនេះ ប្រធានផ្នែកការិយាល័យជំងឺឆ្លង លោក​វេជ្ជបណ្ឌិត Chakkarat Pittayawonganon បានបន្ថែមថា មនុស្សសរុបចំនួន១២​នាក់ ដែល​រួម​មាន​អ្នក​រួម​ដំណើរ និង​បុគ្គលិកបម្រើ​ការ​លើ​យន្ត​ហោះដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលរូបនេះ បច្ចុប្បនត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងប្រទេសថៃ ខណៈគិតរហូតមកដល់ពេលនេះ ពួកគេទាំងអស់នោះមិនទាន់ឃើញមានចេញរោគសញ្ញាគួរឱ្យកត់សម្គាល់ណាមួយទាក់ទងនឹងជំងឺអុតស្វាឡើយ។

ទោះជាយ៉ាងណា ពួកគេនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់រយៈពេល២១​ថ្ងៃ ដើម្បីតាម​ដានសុខ​ភាព​បន្ត និងធានាឱ្យបានថាពួកគេពិតជាគ្មានជំងឺអុតស្វា។

ទាក់ទិននឹងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺអុតស្វា ប្រភពដដែលបន្តថា អ្នកជំងឺដែលសង្ស័យថា​មានជំងឺអុតស្វា ត្រូវបានកំណត់ចំពោះបុគ្គលដែលមានរោគសញ្ញាពងបែកលើមុខនិងដងខ្លួន​ ហើយធ្លាប់មានប្រវត្តិពាក់ព័ន្ធជិតស្និទ្ធជាមួយអ្នកឆ្លងជំងឺនេះ​ក្នុងរយៈពេល២១ថ្ងៃ​ចុង​ក្រោយ ព្រម​ទាំង​បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​​ដែល​មាន​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ និងមានប្រវត្តិចូលរួមក្នុងសកម្មភាពជាមួយអ្នកឆ្លង ឬស្នាក់នៅក្នុងបន្ទប់រួមគ្នាជាមួយអ្នកជំងឺ។

លោកវេជ្ជបណ្ឌិតបន្ថែមថា សម្រាប់ករណីសង្ស័យនឹងត្រូវឆ្លងកាត់ការធ្វើតេស្ត ការត្រួតពិនិត្យ​ប្រវត្តិ ការតាម​ដាន​ជំងឺ ការព្យាបាល និងការដាក់ឱ្យនៅដាច់ដោយឡែកពីអ្នកដទៃ រហូតទាល់តែមានការបញ្ជាក់ច្បាស់លាស់ថាពួកគេពិតជាគ្មានផ្ទុកជំងឺនេះ។

គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី​៧ ដល់​ថ្ងៃទី​២៩ ខែ​ឧសភា ករណីឆ្លងជំងឺអុតស្វានៅទូទាំងពិភពលោកត្រូវបានរាយការណ៍ថាមានចំនួន៤០៦​ករណី និង៨៨ករណី​ផ្សេងទៀត​ជា​ករណីសង្ស័យ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន​៣២៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ