រដ្ឋាភិបាលកាត់ដីអភិរក្សបឹងទន្លេសាបជាង៦ពាន់ហិកតានៅខេត្តចំនួន២ឱ្យពលរដ្ឋអាស្រ័យផល

ដីតំបន់៣ ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាល ខេត្តកំពង់ធំ)

​​លោ​​​​ក​​នា​យក​រ​ដ្ឋម​ន្ត្រី ហ៊ុ​ន សែន ​​សម្រេច​​​កា​​​​ត់​​ដីអ​ភិរ​ក្សតំបន់បឹងទន្លេសាប​​ជាង៦ ០០០​ហិកតា ពីតំបន់​៣បញ្ចូលទៅតំបន់២ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និង​បន្ទាយមានជ័យ ឱ្យព​ល​រដ្ឋបាន​​​អា​ស្រ័យ​ផល​​ឡើងវិ​​ញ ក្រោ​យពីប្រើវិ​ធានការក្ដៅ​បញ្ជាឱ្យមន្ត្រីចុះ​​បង្ក្រា​​ប​ប​ទ​ល្មើ​សទន្ទ្រា​ន​​​​​ដី​​​ព្រៃ​​លិ​ច​ទឹក​នៅតំបន់​​នោះ​ជា​ច្រើន​​ម៉ឺនហិ​ក​តា​​​រួ​ច​​ម​​ក។​

​អ​នុក្រឹត្យចុះថ្ងៃ​ទី៣​១ ខែ​ឧ​សភា ​ឆ្នាំ​២​០​២​២ រ​​ដ្ឋាភិបាលបាន​ស​ម្រេចកា​ត់ដី​ទំ​ហំ​ ៦ ​៣៥​៨ហិកតា ស្មើ​ជាង​២ ០០០​ក្បាលដី (២០២៥ក្បាលដី​) ​ចេញ​ពី​តំ​បន់​​៣​ ​ស្ថិត​ក្នុងភូមិសាស្ត្រ​ខេត្តកំព​ង់ធំ បញ្ចូលទៅតំបន់២ ដើម្បីឱ្យពលរដ្ឋបានអាស្រ័យផល។

អនុក្រឹត្យដាច់ដោយឡែកមួយទៀត រដ្ឋាភិបាល​បាន​សម្រេច​កាត់​​ដីទំហំជិត៦០​ហិកតា ចេញពីតំបន់​៣ដូចគ្នា​​នៃ​​ផ្ទៃដី​​បឹង​ទន្លេ​សាប ​​​ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ឱ្យទៅពលរដ្ឋ ២២គ្រួសារ ស្ថិតនៅ​ភូមិ​កាបៅ និង​ភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះ​នេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដើម្បីអាស្រ័យ​ផលតាមការស្នើសុំ។ តែ​​​​យ៉ាងណា អនុក្រឹត្យទាំង២​នេះមិន​បាន​​បង្ហាញ​ឈ្មោះ​ម្ចាស់អចលនវត្ថុដែល​ត្រូវទទួលបានសិទ្ធិអា​ស្រ័​យទាំងអស់នោះទេ។

ប្រធា​នមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សាទរចំពោះការស​ម្រេ​ច​របស់រដ្ឋាភិបាលនេះ តែលោកចង់ឃើញរដ្ឋាភិបាលបង្ហាញតម្លាភាព ដើម្បីទប់ស្កាត់​កុំឱ្យ​ម​​​ន្ត្រី​ខិលខូចឆ្លៀត​យក​វិធាន​នេះប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម។

លោ​កថា៖ «ខ្ញុំស្នើសុំធ្វើយ៉ាងណាឱ្យមានការចូលរួមឃ្លាំមើលពីអ្នកសារព័ត៌មាន ពីសង្គមស៊ីវិល ឬដៃគូផ្សេ​​ង​ៗ​​ក្នុងតំបន់ផ្ទាល់ ក្នុងការពិនិត្យមើលជាក់ស្តែង ធ្វើយ៉ាងណាឱ្យការបែងចែកហ្នឹងដោយតម្លាភាព ដោ​​​យគ្មា​នការរើសអើង ដែលទាំងអស់ហ្នឹងដែលយើងចង់ឃើញ»។

ចំណែកពលរដ្ឋរស់នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង លោក ភួង រីម ដែល​អះ​អាង​ថា​មាន​ដី​ចំនួន​​៤ហិកតា នៅតំបន់៣នៃបឹងទន្លេសាប​ផងដែរ​​នោះ លើក​ឡើង​ថា គាត់មិនទាន់​ទទួលដំណឹងជុំវិញការ​កាត់ឆ្វៀលដីតំបន់បឹងទន្លេសាប​នៅក្នុងខេត្តនេះទៅឱ្យ​ប្រជាពលរដ្ឋ​នៅឡើយ​​ ខណៈ​អ្ន​ក​ភូមិជាង៤០០គ្រួសារផ្សេងទៀតនៅក្នុងភូមិនេះ បានខកខានធ្វើស្រែ​នៅតំបន់នេះ ចាប់តាំងពីមានការហាមឃាត់ពីរដ្ឋាភិបាល​អំឡុងចុងឆ្នាំ២០២១​មក។

បុរស​អាយុ៤០​ឆ្នាំ​រូប​នេះចង់ឱ្យរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យពួកគេបាន​ប្រកបមុខរបរលើដីស្រែដែល​ធ្លាប់​អា​ស្រ័យ​ផលឡើងវិញ ដើម្បីដោះស្រាយបញ្ហាជីវភាព។

លោកថា៖ «ប្រជាពលរដ្ឋរស់ដោយសារពឹងស្រែពឹងចម្ការហ្នឹងហើយ កាលណាបើគាត់បិទស្រែបិទចម្ការ​ហ្នឹង​​ទៀត ប្រជាពលរដ្ឋដឹងទៅរកអីទេ ជំពាក់បំណុលគេកាន់តែច្រើនឡើងៗ»។

នៅសប្តាហ៍មុននេះ  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការថ្លែងសារ​​នៅ​​លើ​បណ្តាញសង្គម បាន​ចេញ​​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​សិក្សាពីការកែសម្រួលផ្ទៃដីបឹងទន្លេសាប និងកាត់ដីជូនពលរដ្ឋដែលអាស្រ័យ​ផល​ជាក់​ស្ដែង​យូរ​ឆ្នាំ​តាម​រូប​មន្ត​ស្បែក​ខ្លា និងប្រកាស​ប្រឆាំងដាច់ខាតចំពោះអ្ន​ក​មាន​អំណាចដែល​ទន្ទ្រានយកដីបឹងទន្លេសាប។

ការ​ប្រកាស​នេះ ក្រោយពីលោកបានចេញបញ្ជា​កាលពីចុងឆ្នាំ២០២១ ឱ្យកងកម្លាំង និង​ក្រសួង​ពាក់ព័ន្ធ​ចុះទប់​ស្កាត់​បទ​ល្មើស​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃលិចទឹករាប់ម៉ឺនហិកតានៅតំបន់បឹងទន្លេសាប និងរឹបអូស​ដី​ទាំង​នោះមក​ធ្វើជាសម្បត្តិរដ្ឋវិញ។

ក្រោយ​វិធានការ​ចុះ​បង្ក្រាប ​មន្ត្រីមួយចំនួនត្រូវបានចាត់វិធានការច្បាប់ តែមន្ត្រីខ្លះបានគេចផុតពីសំ​ណាញ់​ច្បា​ប់ តាមរយៈប្រគល់ដីខ្លះឱ្យទៅរដ្ឋាភិបាលគ្រប់គ្រងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ