កម្ពុជា​រកឃើញ​ករណី​សង្ស័យ​ជំងឺ​អុតស្វា​ចំនួន​៦ករណី ប៉ុន្តែ​តេស្ត​ឃើញ​អវិជ្ជមាន

ស្រ្តីម្នាក់ដើរកាត់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មករា ២០២០ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

ស្ថាប័​ន​​ជំនាញលើក​​ឡើងថា​ កម្ពុជា​មាន​ករណី​សង្ស័យ​អុត​ស្វាចំ​នួន​៦ករណី​ ប៉ុន្តែ​ក្រោយការ​ធ្វើ​តេស្តនៅ​​​មន្ទីរ​ពិសោធន៍​នៅវិទ្យាស្ថានប៉ាស្ទ័របាន​បញ្ជាក់ថា​អវិជ្ជមានជំងឺនេះ ដែលករណីនេះ​ ​រហូត​មកដល់ពេលនេះ កម្ពុជា​គ្មានវត្តមានជំងឺអុតស្វាយនៅក្នុងប្រទេស​​ឡើយ។

នាយក​ដ្ឋាន​ប្រយុទ្ធ​នឹងជំងឺ​ឆ្លង (CDC) នៃក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី​២ ខែ​​​មិថុនា​នេះ បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​ករណីសង្ស័យ​ជំងឺ​អុត​ស្វាចំនួន៦ករណី ដោយ​សារអ្នកជំងឺ​​មាន​កន្ទួល​ឬ​ពង​បែក​លើ​ដៃ​ បាត​ដៃ​ ជើង​ បាតជើង​ លើ​មុខ និង​មាន​រោគ​សញ្ញា​មួយចំនួន​ទៀត​​ ដូច​ជា គ្រុនក្តៅលើស៣៨,៥​អង្សាសេ​ ឈឺសាច់ដុំ​ ឡើង​កូន​កណ្ដុរ​ ឈឺក្បាល​ និងឈឺខ្នង ជាដើម។

យ៉ាងណា នាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង​ បញ្ជាក់ថា៖ «យើង​រកឃើញ​ករណី​សង្ស័យ​ជំងឺ​អុត​ស្វាចំ​នួន​៦​ករណី​ តែ​ក្រោយ​ធ្វើ​​តេស្ត​មន្ទីរ​ពិសោធន៍​នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​ បញ្ជាក់​ថា​ អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់​ មានន័យថា​ គ្មានជំងឺនេះក្នុងប្រទេសយើង[កម្ពុជា]ទេ​ រហូតមកដល់​ពេលនេះ​»។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន កាលពីថ្ងៃទី២២ ខែឧសភា បានជំរុញទៅស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឱ្យហ្មត់ចត់​លើអ្នកដំណើរចូលកម្ពុជា ដែលមានកន្ទួលរមាស់​នៅ​លើ​ខ្លួន គ្រុនក្ដៅ និងមាន​ប្រវត្តិធ្វើដំណើរមកពីបណ្ដាប្រទេសប៉ែក​អាហ្វ្រិក​ប្រមាណ​១០ប្រទេស​ ក្រោយ​តំបន់​ទាំង​នោះ​ផ្ទុះ​ជំងឺអុត​ស្វា​។

ក្នុងនោះ លោកស្រីបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬករណីវិជ្ជមានជំងឺអុត​ស្វា​ណាមួយ​នៅកម្ពុជា​ទេ។

យ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះបានអំពាវនាវដល់ពលរដ្ឋកម្ពុជាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយ​ត្រូវបន្តអនុវត្តវិធានការ​បង្ការ​ជំងឺផ្ទាល់ខ្លួន និងតាមរយៈការណែនាំរបស់ក្រសួង។ ចំណែក​គ្រប់​មន្ទីរ​ពេទ្យ និងមណ្ឌលសុខភាព ត្រូវតាមដាននិងរាយការណ៍ករណីសង្ស័យណាមួយ​ដែល​កើត​មាន​ឡើង ដើម្បីបន្តការស៊ើបអង្កេត។

បើតាមសេចក្តីជូនដំណឹងរបស់​ក្រសួងសុខាភិបាលកម្ពុជា ក្រោយពីមាន​ការផ្ទុះចេញនូវជំងឺអុតស្វាក្នុងពេល​ថ្មីៗនេះ បណ្តាប្រទេសចំនួន២៣នៅលើសកលលោក បានរាយការណ៍ទៅអង្គការសុខភាពពិភព​លោកពីករណីជំងឺនេះ សរុបករណីឈឺ២៥៧នាក់ និងករណីសង្ស័យ១២០នាក់ គិត​ត្រឹម​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២២ និងមិនទាន់មានករណីស្លាប់​ដោយសារជំងឺនេះនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ