កម្ពុជា​បញ្ជាទិញ​វ៉ាក់សាំង​កូវីដ-១៩​ជាង​១០៤លានដូស​បន្ថែម​បម្រុង​ទុក​ប្រើប្រាស់​ពី​ឆ្នាំ២០២៤​ដល់ឆ្នាំ២០២៦

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)។

រដ្ឋាភិបាល​កម្ពុជាសម្រេច​ចុះហត្ថលេខាដើម្បីបញ្ជាទិញវ៉ាក់សាំងការពារកូវីដ-១៩ជាង១០៤លាន​ដូស​បន្ថែមទៀតពីក្រុមហ៊ុនផលិតវ៉ាក់សាំងប្រភេទ​​ស៊ីណូវ៉ាក់របស់ចិន ដើម្បីទុកប្រើប្រាស់​រយៈពេ​ល៣ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។

តាមរយៈសារជាសំឡេងនៅលើបណ្ដាញសង្គម​​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅយប់​ថ្ងៃទី១ ខែ​មិថុនា ឆ្នាំ២០២២នេះ លោក​បានថ្លែងថា បើទោះបីជារយៈពេលជិត១ខែមក​នេះ កម្ពុជាពុំមានករណីឆ្លងថ្មីនិងស្លាប់ដោយសារ​ជំងឺកូវីដ-១៩ ប៉ុន្តែជំងឺនេះនៅមិនទាន់បិទបញ្ចប់​នៅលើសកលលោកនៅឡើយ ដែលករណីនេះ កម្ពុជាចាំបាច់ត្រូវ​ត្រៀម​បម្រុងទុកនូវវ៉ាក់សាំង​កូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋបន្ថែមទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា ដោយមើលឃើញពីភាពចាំបាច់ និង​ដើម្បីការ​ពារ​ពលរដ្ឋពី​ជំងឺឆ្លង​នេះបន្តទៀត​ រដ្ឋាភិបាល​​បាន​សម្រេចចុះហត្ថ​លេខា​បញ្ជា​ទិញ​វ៉ាក់​សាំង​កូវីដ​-១៩​​ ចំនួន១០៤ ៨៧៣ ១៥៧ដូសបន្ថែមទៀត​ ទុក​សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៤ ដល់​ឆ្នាំ២០២៦។

លោកថា៖ «​ដោយ​សារ​តែជំងឺកូវីដ-១៩ នៅមិនទាន់បិទបញ្ចប់នៅលើពិភពលោក​ យើង​ពុំ​មានសុវត្ថិភាព​នោះទេ​ ដូច្នេះ​យើងត្រូវត្រៀម​បម្រុងទុកយថាហេតុដ៏អាក្រក់ សម្រាប់ពេលខ្វះវ៉ាក់សាំង នៅក្នុងចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ គឺរយៈពេល​៣ឆ្នាំ​​។ ដូច្នេះហើយបានជារាជរដ្ឋាភិបាល​​ត្រូវ​ចុះហត្ថលេខា​ដើម្បីទិញ​​សម្រាប់ឱ្យ​រោង​ចក្រ​ផលិត​ឱ្យ​យើង។ ចំនួន​លេខគត់រហូតទៅដល់១០៤​លានដូស ដោយសហគ្រាស​ផលិតឱសថកម្ពុជា សហការជាមួយនឹង​ក្រុមហ៊ុនផលិត​ស៊ីណូវ៉ាក់របស់សាធារណរដ្ឋប្រជាមានិតចិន​ នឹង​​ត្រូវផ្គត់ផ្គង់​ឱ្យរាជរដ្ឋាភិបាលជិត៣៥លាន​ដូស​​ក្នុង​មួយ​ឆ្នាំ។ នេះជាតម្រូវការចាំបាច់ ដើម្បីឱ្យ​យើងប្រើប្រាស់ រាប់ទាំងកុមារ»។

បើតាមលោកនាយករដ្ឋមន្ត្រី សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ ​កម្ពុជានឹង​បន្តប្រើប្រាស់វ៉ាក់សាំង​ដែលបានមកពីការទិញ និងជំនួយដែល​នៅសល់​ក្នុងឃ្លាំងប្រមាណ៩លានដូស និងវ៉ាក់សាំងដែល​មិនទាន់ដឹកមកដល់​ជាង២០​លានដូស ក្នុងនោះមាន​ពីប្រទេស​ចិនចំនួន១៥លាន​ដូស សហរដ្ឋអាមេរិក​ជាង៥លាន៥សែន​ដូស និងវ៉ាក់សាំងសម្រាប់ចាក់កុមារ​​​​ពីប្រទេស​អូស្ត្រា​លី​​ចំនួន​៥០ម៉ឺន​ដូស។

ក្រៅពីនោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលយកវ៉ាក់​សាំងដូសជំរុញ ដើម្បីការពារខ្លួន និងការពារសហគមន៍ពីការឆ្លងជំងឺនេះផងដែរ។ លោក​បានបញ្ជាក់​ដែរថា រដ្ឋាភិបាលនៅតែបន្ត​ផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋដោយ​ឥតគិតថ្លៃ។

បើតាមក្រសួងសុខាភិបាល រយៈពេល២៧ថ្ងៃមកហើយ បើគិត​ត្រឹ​មថ្ងៃម្សិលមិញ ដែលកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ-១៩ថ្មី និងករណីស្លាប់ដោយសារជំងឺនេះទេ។  

ក្រសួងបន្តថា គិតមកដល់ថ្ងៃម្សិលមិញ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៦ ២៦២នាក់ ក្នុងនោះ ជាសះស្បើយ ១៣៣ ២០៥នាក់ និងករណីស្លាប់ ៣ ០៥៦នាក់។ សម្រាប់​កំណើន​នៃ​ការចាក់វ៉ាក់សាំង​វិញ ក្រសួងថា គិតមកដល់ពេលនេះ មានពលរដ្ឋ​ជាង៩៤ភាគរយនៃ​ចំនួនប្រជាជនសរុប១៦លាននាក់ ដែលបានចាក់វ៉ាក់សាំងការពារជំងឺនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ