គ.ជ.ប បំភ្លឺ​ជុំវិញ​អ្នកដែល​មាន​សិទ្ធិ​ចូល​ក្នុង​​ការិយាល័យ​​រាប់​សន្លឹក​ឆ្នោត ក្រោយ​​មាន​​ការ​​រិះ​គន់

អគារទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្ថិតនៅតាម វិថី រដ្ឋសភា សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ (ហ៊ាន រង្សី)

គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ស្រាយបំភ្លឺ​ជុំវិញ​អ្នក​​ដែលមាន​សិទ្ធិ​​ចូល​​ក្នុង​ការិយាល័យរាប់សន្លឹក​ឆ្នោត ក្រោយ​មាន​ការរិះគន់​ជុំវិញករណីបិទទ្វារ បិទ​បង្អួច និង​​បណ្តេញ​ពលរដ្ឋចេញ មិន​ឱ្យតាម​ដាន​ការរាប់សន្លឹកឆ្នោត។​

កាលពីថ្ងៃ​ម្សិលមិញ គណបក្សភ្លើងទៀន បាន​ចេញ​សេចក្តីថ្លែងការណ៍មួយ ដោយ​បានលើក​ឡើង​​ថា ការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី៥​នេះ មិនបាន​ប្រព្រឹត្ត​ក្នុងបរិយាកាស​ស្មើភាព សេរី និងយុត្តិធម៌ ព្រមទាំង​​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​ស្ថាប័នបោះឆ្នោត​ដែល​មិន​អព្យាក្រឹត្យ និង​ប្រកាន់​បក្ខ​ពួក​។​

បក្សភ្លើងទៀន បញ្ជាក់​បន្ថែម​ថា នៅថ្ងៃបោះឆ្នោត គ្រប់មណ្ឌលបោះឆ្នោតទូទាំង​ប្រទេស ត្រូវបាន​បិទទ្វាររបង​ចាប់ពីម៉ោង​៣រសៀល ហើយ​បណ្តេញ​ពលរដ្ឋ​ចេញ មិនឱ្យ​តាមដាន​ការរាប់សន្លឹកឆ្នោត​ដូចដែលបានណែនាំ និងអនុញ្ញាតដោយ គ.ជ.ប។ តែមាន​ការផ្តល់ឱ្យមន្រ្តីភូមិ-ឃុំរបស់បក្ស​កាន់អំណាច និង​តំណាង​អង្គការជាច្រើន​រូបរបស់គណបក្សនេះ មានសិទ្ធិស្ថិត​ក្នុងបរិវេណ​មណ្ឌល​បោះឆ្នោត ខណៈ​​ភ្នាក់ងារគណបក្សក្រៅ​រដ្ឋាភិបាលមួយចំនួន ត្រូវគេ​បណ្តេញ​ឱ្យ​នៅ​ក្រៅ​មណ្ឌល​បោះឆ្នោត​នៅ​ពេល​រាប់​សន្លឹកឆ្នោត

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យ​ គ.ជ.ប បានចេញ​សេចក្តីបំភ្លឺ​មួយ នៅថ្ងៃអង្គារនេះ ដោយ​​លើក​ឡើង​ថា​៖ «យោងតាមមាត្រា៣០ នៃ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សាឃុំសង្កាត់​ និងប្រកាស ៥.៦.៤ នៃបទបញ្ជា និងនីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ​ទី៥ ឆ្នាំ២០២២ ចែងថា ហាម​ជន​​គ្រប់រូប​ចូល​ក្នុង​ការិយាល័យ​​រាប់សន្លឹកឆ្នោត​ មុន​ពេល​ចាប់ផ្តើម​​​ការ​​រាប់សន្លឹក​ឆ្នោត ឬក្រោយ​​ការ​រាប់​សន្លឹកឆ្នោត​ ដោយ​គ្មាន​ការអនុញ្ញាត​ជា​លាយ​​លក្ខណ៍​អក្សរ​ពី​គណៈកម្មាធិការ​​ជាតិរៀបចំការបោះឆ្នោត»។

បើតាមសេចក្តីបំភ្លឺរបស់ គ.ជ.ប ជនទាំងឡាយ​ដែលត្រូវបានអនុញ្ញាត​ឱ្យចូលក្នុង​ការិយាល័យ​​រាប់​​សន្លឹកឆ្នោត និងបរិវេណខាងក្នុង មានដូចជា មន្ត្រី​រាប់​សន្លឹក​ឆ្នោត ភ្នាក់ងារ​គណបក្ស​នយោ​​​​បាយ​​ដែល​មាន​បញ្ជីបេក្ខជនឈរឈ្មោះ​និង​ដែលបាន​អនុញ្ញាត និង​អ្នកសង្កេត​ការណ៍​​​ដែលមាន​ប័ណ្ណសម្គាល់ ផ្តល់ដោយ​ គ.ជ.ប និង​ភ្នាក់ងារ​សន្តិសុខ​​និងភ្នាក់ងារ​សង្គ្រោះ​​នៅពេល​​ដែល​​ប្រធានគណៈកម្មការ​ការិយាល័យ​​រាប់សន្លឹកឆ្នោត​ធ្វើសំណូមពរ​ក្នុងករណីចាំបាច់ប៉ុណ្ណោះ។

គ.ជ.ប បញ្ជាក់ដែរថា តាមគោលការណ៍នៃច្បាប់ស្តីពីការបោះឆ្នោត គ.ជ.ប បើកសិទ្ធិឱ្យ​គណបក្ស​នយោបាយ​​ប្តឹងជុំវិញភាពមិនប្រក្រតីណាមួយ ដែលខ្លួន​បាន​អង្កេត​ឃើញ​នៅថ្ងៃបោះឆ្នោត ហើយស្ថាប័ន​មួយ​នេះ នឹង​​រងចាំ​ទ​ទួលដោះស្រាយ​ពាក្យបណ្តឹង​ពាក់ព័ន្ធ​ស្របតាមច្បាប់ និងប្រកាន់​នូវ​គោលការណ៍​យុត្តិធម៌ ដូច​មាន​ចែង​ក្នុង​​បាវចនា​​របស់ គ.ជ.ប។

ជាមួយគ្នានោះដែរ គ.ជ.ប លើកឡើង​ថា លទ្ធផល​នៃការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​​សង្កាត់ អាណត្តិទី៥ ឆ្នាំ​២០២២ ត្រូវ​បាន​សាទរ​​ពីគ្រប់ភាគី​ពាក់ព័ន្ធនឹងការបោះឆ្នោត រួម​មាន​គណបក្សនយោបាយ​ដែលបាន​ចូលរួមប្រកួតប្រជែង​ រួមទាំងអ្នកសង្កេត​ការណ៍​ជាតិ-អន្តរជាតិ ដោយ​ពួកគេវាយតម្លៃថា ការបោះ​ឆ្នោត​​​បាន​ប្រព្រឹត្ត​ទៅ​ដោយ​​​រលូន​​ល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ឬភាពមិនប្រក្រតី​ណាមួយកើតឡើង​​ឡើយ​។

តែយ៉ាងណា គ.ជ.ប ថា មានតែ​គណបក្សភ្លើងទៀន​មួយប៉ុណ្ណោះ ដែលបាន​ធ្វើការ​វាយតម្លៃ​ផ្ទុយពីការ​​សាទរ​​របស់​ភាគី​ពាក់ព័ន្ធ​នៃការបោះឆ្នោត ហើយ​ថែម​ទាំង​បាន​លើកឡើង​​ខុស​ពី​ច្បាប់​ បទបញ្ជា និងនីតិវិធី​របស់ គ.ជ.ប ថែមទៀត ដើម្បីបំភាន់​សាធារណៈ​មតិ​​ឱ្យ​យល់​ខុស​​មក​លើ គ.ជ.ប ក៏ដូចជា​ ការ​រៀបចំ​ការបោះ​ឆ្នោត​ទាំងមូល​។

ករណីនេះ គ.ជ.ប​ បានអំពាវនាវ​​ដល់​ប្រជាពលរដ្ឋទាំងអស់ បន្តរក្សាភាពស្ងៀមស្ងាត់​ និងរងចាំគ.ជ.ប ប្រកាសផ្សាយ​លទ្ធផល​ផ្លូវការនៃ​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ រហូត​ដល់​​ក្រុមប្រឹក្សា​​ឃុំសង្កាត់ថ្មី ចូលកាន់ដំណែង ដើម្បីអភិវឌ្ឍន៍​ឃុំ​សង្កាត់ និងលើកកម្ពស់​លទ្ធិប្រជា​ធិបតេយ្យ​​នៅកម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ