ប្រធានា​ធិបតីអ៊ុយក្រែន​៖ អាវុធ​ដែល​ផ្ដល់​ដោយ​អង់គ្លេស​គឺ​សមស្រប​ទៅ​នឹង​ស្ថានការណ៍

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីតាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ក្បែរ​ជួរ​មុខ​ជាមួយ​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​​រុស្ស៊ី​ នៅ​ក្នុង​តំបន់ Donbass ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២១។ (REUTERS)

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានឱ្យដឹងនៅ​ថ្ងៃចន្ទម្សិល​មិញ​ថា ចក្រភ​ព​អង់​គ្លេសបាន​និង​កំពុង​ផ្តល់​នូវ​សព្វាវុធ​ដ៏ត្រឹមត្រូវ​​ដល់ប្រទេសរបស់ខ្លួន ដើម្បីប្រយុទ្ធ​តទល់​នឹងសង្រ្គាមជាមួយរុស្ស៊ី ខណៈលោកក៏បានថ្លែងអំណរគុណដល់​នាយករដ្ឋមន្ត្រីអង់គ្លេស​លោក​ បូរីស ចនសុន (Boris Johnson) ដែលយល់ច្បាស់​អំពីតម្រូវការមួយនេះផងដែរ។ នេះបើតាមការ​ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយមានការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក អង់គ្លេស​កាលពីថ្ងៃចន្ទ​បានអះអាងថា ខ្លួននឹងផ្គត់​ផ្គង់​ដល់អ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែតទំនើប ដែលអាច​វាយប្រហារចំគោលដៅ​បានក្នុងរយៈចម្ងាយរហូត​ដល់ ៨០​គីឡូម៉ែត្រ ជាផ្នែក​នៃជំនួយយោធាថ្មី​មួយ​របស់​ចក្រភពអង់គ្លេស​សម្រាប់ប្រទេស​ដែលកំពុង​តែរង​នូវ​ការឈ្លាន​ពានមួយ​នេះ ។

ក្នុងសុន្ទរកថាមួយតាមរយៈប្រព័ន្ធវីដេអូ កាលពីយប់ថ្ងៃចន្ទ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ថ្លែង​ថា៖ «ខ្ញុំសូមធ្វើការថ្លែង​អំណរគុណដល់​លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន សម្រាប់ការយល់ដឹងយ៉ាងច្បាស់អំពីតម្រូវការ និងការត្រៀមខ្លួនរបស់យើងតាមរយៈការផ្តល់ឱ្យនូវសព្វាវុធទាំងឡាយដ៏ត្រឹមត្រូវ និង​ចាំបាច់​ដើម្បីការពារ​អាយុជីវិតប្រជាជន​របស់យើង»។

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលដល់សប្តាហ៍ទី១៥​ហើយ ដែលបាន​បង្កឱ្យជន​ស៊ីវិល​រាប់ពាន់​នាក់​បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុង​ជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈ​មនុស្សរាប់លាន​នាក់ បានភៀសខ្លួនចេញពីប្រទេសផងដែរ។

ទាក់ទិននឹងករណីនេះ ចក្រភពអង់គ្លេស​​បានខិតខំធ្វើសកម្មភាព​ជាច្រើន​ ក្នុង​ការ​ឆ្លើយ​តប​ជា​អន្តរ​ជាតិចំពោះ​ការ​លុក​លុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលរួមមាន​ការផ្តល់ជំនួយផ្នែកយោធា ការជំរុញ​ឱ្យមានការ​ដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀតលើរុស្ស៊ី និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ